ដោយៈសុជាតា
ភ្នំពេញៈ ការនាំចេញផលិតផលក្នុងវិស័យវាយណភ័ណ្ឌកាត់ដេរ ស្បែកជើងនិងកាបូបធ្វើដំណើរសម្រេចបាន ទំហំទឹកប្រាក់ជាង៥០០០លានដុល្លារអាមេរិក ក្នុងរយៈពេល៨ខែនៃឆ្នាំ២០២១នេះ។
យោងតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្ម បានបង្ហាញអោយដឹងថា ទំហំការនាំចេញសម្លៀកបំពាក់ ពីកម្ពុជាបានកើនឡើង៣.៣ភាគរយ ស្មើនឹងជាង៥ពាន់លានដុល្លារក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំនេះ បើប្រៀបធៀបទៅនឹងចំនួន៤.៨៦១ ពាន់លានក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ឧស្សាហកម្មកាត់ដេរ គឺប្រភពប្រាក់ចំណូលដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា ដែលវិស័យនេះ មានរោងចក្រប្រមាណ១១០០រោងចក្រ និងសាខា ដោយបានផ្តល់់ការងារប្រមាណ ៧៥០,០០០នាក់ ដែលភាគច្រើនជាស្ត្រី។
សហភាពអឺរ៉ុប ប្រទេសសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងជប៉ុនគឺជាទិសដៅនាំចេញសម្លៀកបំពាក់ដ៏ចម្បង របស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។
ការកើនឡើងនៃការនាំចេញផលិតផលសម្លៀកបំពាក់ បានបង្ហាញពីការរីកចម្រើនគួរឱ្យកត់សម្គាល់នៃវិស័យកាត់ដេរ បើទោះបីជាជំងឺរាតត្បាតកូវីដ-១៩ នៅតែបន្តក៏ដោយ។
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍កាលពីថ្ងៃសុក្រសប្តាហ៍មុនថា វិស័យកាត់ដេរនៅកម្ពុជា កំពុងទទួលបានការបញ្ជាទិញកើនឡើង។ ដោយឧស្សាហកម្ម កាត់ដេរបានដំណើរការធម្មតា ហើយយើងកើនឡើងការបញ្ជាទិញ ពីព្រោះតែប្រទេសយើងមានសុវត្ថិភាពពីវិបត្តិCovid 19 ។
ប្រទេសកម្ពុជា បានចាប់ផ្តើមយុទ្ធនាការចាក់វាក់សាំង កាលពីខែកុម្ភៈដោយប្រទេសចិនជាអ្នកផ្គត់ផ្គង់វាក់សាំងដ៏សំខាន់។ គិតត្រឹមថ្ងៃទី១៧ ខែកញ្ញា ឆ្នាំនេះ ប្រជាជនកម្ពុជាប្រមាណ១១.៦លាននាក់ ស្មើនឹង៧២.៥ភាគរយ បានទទួលវាក់សាំងយ៉ាងហោចណាស់មួយដូស៕