រដ្ឋមន្ត្រីក្រសួងសាធារណការជំរុញឱ្យកំពង់ផែភ្នំពេញសិក្សាគម្រោងបង្កើតផែរណបបង្កើនការដឹកជញ្ជូនផ្លូវទឹក

0

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ នៅក្នុងពិធីប្រកាសដាក់ឱ្យដំណើរការ នូវចំណតផែកុងតឺន័រLM17 ជំហានទី៣ដំណាក់កាលទី១ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្ហាញការគាំទ្រ និងជំរុញឱ្យលោកហ៊ឺប៉ាវី សិក្សាពិភាក្សាជាមួយក្រុមប្រឹក្សាភិបាល ដើម្បីបង្កើតផែរណបនៅរាជធានីភ្នំពេញ។

លោកបានលើកឡើងថា តាមការសំណូមពររបស់លោក ហ៊ឺ បាវី ឱ្យមានការបង្កើតផែរណបមួយចំនួនទៀត និងបានប្រកាសសូមគាំទ្រ១០០ភាគរយ ក្នុងការបង្កើតផែរណបរបស់យើង ។ ជំហានទី១ គឺផែរណប TS១១ ដែលយើងត្រៀមនឹងបង្កើតនាពេលឆាប់ៗខាងមុខនេះ ដោយសារតែយើងព្រមព្រៀងគ្នា លើកិច្ចព្រមព្រៀងសហការគ្នារវាងកំពង់ផែស្វយ័តភ្នំពេញ និងដៃគូឯកជន ដើម្បីកសាងកំពង់ផែTS១១នេះ។ ក្រោយមក មានកំពង់ផែរណបផ្សេងៗទៀត យើងត្រូវតែជំរុញសហការគ្នា ដោយប្រើប្រាស់ថវិកាផ្ទា​ល់ខ្លួន ឬសហការជាមួយឯកជន ដើម្បីបង្កើតផែនរណបឲ្យបានច្រើន ទើបការដឹកជញ្ជូនតាមផ្លូវទឹក មានប្រសិទ្ធភាព ។

 

លោកទេសរដ្ឋមន្ត្រីបន្ថែមថា “បើមានតែកំពង់ផែស្វយ័តតែមួយ នៅភ្នំពេញនេះគ្មានផែរណប ក៏មិនអាចដឹកទំនិញ កសិផល សមិទ្ធិផលនៅទូទាំងប្រទេស មកកំពង់ផែស្វយ័តភ្នំពេញបានដែរ។ ដូចនេះជាយុទ្ធសាស្ត្រនេះ ជាគោលដៅត្រឹមត្រូវរបស់កំពង់ផែស្វយ័តភ្នំពេញ ដែលខិតខំប្រឹងប្រែងរកដៃគូសហការគ្នា មកកសាងផែរណប”។

លោកស៊ុន ចាន់ថុល បានបញ្ជាក់ថា ការដឹកជញ្ជូនតាមផ្លូវទឹក គឺសំខាន់ណាស់ ហើយក្នុងនាមក្រសួងសាធារណការ និងដឹកជញ្ជូន សូមគាំទ្រ និងខិតខំប្រឹងប្រែងជំរុញធ្វើយ៉ាងណាឲ្យការដឹកជញ្ជូនតាមផ្លូវទឹក ឱ្យបានច្រើនថែមទៀត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរ កាត់បន្ថយតម្លៃដឹកទំនិញ និងដើម្បីកាត់បន្ថយការខូចខាតផ្លូវថ្នល់ ។

បើតាមលោក ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញបានឱ្យដឹងថា បន្ទាប់ពីសាងសង់ទីលានជំហានទី៣ ដំណាក់កាលទី១នេះ ត្រូវបានបញ្ចប់ដោយជោគជ័យ កំពង់ផែស្វយ័តភ្នំពេញ នឹងអនុវត្តផែនការបន្ទាប់ នោះ គឺការអភិវឌ្ឍគម្រោងពង្រីក ហេដ្ឋារចនាសម្ព័ន្ធចំណងកុងតឺន័រ LM17 ជំហានទី៣ ដំណាក់កាលទី២ (២០២២-២០២៣) ដោយធ្វើការពង្រីកទីលានផ្ទុកកុងតឺន័របន្ថែម និងការបំពាក់ RTG ចំនួន៤គ្រឿង លើផ្ទៃដីសរុប២,៧៤ហិកតា ដែលអាចបង្កើនសមត្ថភាព ១០ម៉ឺនTEUs ក្នុងមួយឆ្នាំ ដែលនាំឲ្យសមត្ថភាពផ្ទុកកុងតឺន័រ ដែលនាំឲ្យសមត្ថភាពផ្ទុកកុងតឺន័រសរុបរបស់ចំណតផែកុងតឺន័រ LM17 មានចំនួន៥០ម៉ឺន TEUs ក្នុងមួយឆ្នាំ។

លើសពីនេះ ប្រសិនបើបរិមាណកុងតឺន័រឆ្លងកាត់ នៅតែមានកំណើនជាបន្តបន្ទាប់ ពីមួយឆ្នាំទៅមួយឆ្នាំ កំពង់ផែស្វយ័តភ្នំពេញ បានត្រៀមបំរុងទុកផ្ទៃដីប្រមាណ៩ហិកតា សម្រាប់ធ្វើការអភិវឌ្ឍទីលានផ្ទុកកុងតឺន័រ ជំហានទី៤ (២០២៤-២០៣០) ដើម្បីបង្កើនសមត្ថភាពផ្ទុកកុងតឺន័រឱ្យបាន៤០ម៉ឺន TEUs ក្នុងមួយឆ្នាំបន្ថែមទៀត ដែលនាំឲ្យសមត្ថភាពផ្ទុកកុងតឺន័រសរុប រហូតដល់៩០ម៉ឺន TEUs ក្នុងមួយឆ្នាំ នៅឆ្នាំ២០៣០៕

LEAVE A REPLY

Please enter your comment!
Please enter your name here