កម្ពុជារំពឹងថាទំនិញជាង១ម៉ឺនមុខនឹងអាចនាំចេញទៅកាន់កូរ៉េ ក្រោយការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

0

ដោយៈគង់ សូរិយា

        ភ្នំពេញៈ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិបានសម្តែងសុទិដ្ឋិនិយមថា កម្ពុជារំពឹងអាចនាំចេញទំនិញជាង១ម៉ឺនមុខ ទៅកាន់សាធារណៈរដ្ឋកូរ៉េ បន្ទាប់ពីចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ។

លោកបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២០ កញ្ញានេះថា ទំនិញចំនួនប្រមាណជាង១ម៉ឺន បន្ទាត់ពន្ធនឹងនាំចេញដោយរួចពន្ធ ទៅទីផ្សារកូរ៉េដែលចំនួននេះ ទទួលបានលើសពីកិច្ចព្រមព្រៀងអាស៊ាន-កូរ៉េគ្រាទីផ្សារកូរ៉េ ដែលកម្ពុជាសំរេចចរចាបើកច្រកបានក្នុងពេលនេះ នឹងបង្កើនឱកាសថែមទៀតសំរាប់ទំនិញកសិផល កសិផលកែច្នៃ, វាយនភ័ណ្ឌកាត់ដេរ, កាបូបធ្វើដំណើរ ផលិតផលកៅស៊ូ គ្រឿងបង្គុំអេឡិចត្រូនិក និងផលិតផលផ្សេងទៀតមួយចំនួនធំ ដែលផលិតដោយអ្នកវិនិយោគក្នុង និងក្រៅតំបន់សេដ្ឋកិច្ចពិសេស អាចនឹងនាំចេញដោយរួចពន្ធទៅទីផ្សារកូរ៉េ។

លោកបន្តថា “នៅខែតុលា ឆ្នាំ២០២១ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលកូរ៉េខាងត្បូង គ្រោងនឹងចុះហត្ថលេខាផ្លូវការ លើកិច្ចព្រមព្រៀមពាណិជ្ជកម្មសេរី (FTA) និងចូលជាធរមាននៅឆ្នាំ២០២២ខាងមុខ ខណៈដែលការចរចាទ្វេភាគី រវាងប្រទេសទាំងពីរបានបិទបញ្ចប់កាលពីខែកុម្ភៈកន្លងទៅ”។

លោកប៉ែន សុវិជាតិបានបន្តថា ការចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ នឹងអាចអញ្ជើញទៅចុះហត្ថលេខា ដោយផ្ទាល់នៅកូរ៉េ ប្រសិនបើស្ថានភាពកូវីដ១៩ធូរស្រាល ឬអាចធ្វើតាមប្រព័ន្ធអនឡាញ បើស្ថានភាពកូវីដនៅមិនទាន់ល្អ។ លោកឲ្យដឹងទៀតថា កិច្ចព្រមព្រៀងនេះ គឺដូចគ្នានឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ព្រោះថានេះជាកិច្ចខិតខំប្រឹងប្រែង និងជោគជ័យមួយថ្មីទៀតរបស់ក្រសួងពា​ណិជ្ជកម្ម នៅក្នុងការបើកច្រកទីផ្សារសំរាប់នាំចេញទំនិញកម្ពុជា ទៅកាន់ទីផ្សារពិភពលោក។

លោកបន្តថា “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះដែរ ក៏នឹងនាំមកនូវកិច្ចសហប្រតិ​បត្តិការសេដ្ឋកិច្ច ការផ្លាស់ប្តូរបច្ចេកទេស និងការបង្កើនសមត្ថភាពក្នុងភាពជាដៃគូ”។

លោកបានបញ្ជាក់ទៀតថា ដូចយើងដឹងស្រាប់ហើយថា យើងជាសមាជិកអាស៊ាន ជាសមាជិកមួយរូបនៃប្រទេសទាំង១០ អាស៊ានក៏មានកិច្ចព្រមព្រៀងជាមួយកូរ៉េ ជារួមទីផ្សារទំនិញរបស់យើងមានស្រាប់ហើយ សម្រាប់នាំទៅកូរ៉េ ហើយទីផ្សារកូរ៉េក៏មានទំនិញស្រាប់ហើយ សម្រាប់នាំទំនិញមកទីផ្សារអាស៊ាន ក៏ប៉ុន្តែយើងចុះហត្ថលេខាទ្វេភាគីជាលក្ខណៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ គឺថាយើងមានទំនិញបន្ថែមទៀតពីលើទំនិញយើងចុះទីផ្សារដែលយើងធ្លាប់បានទទួលជាមួយកិច្ចព្រមព្រៀងអាស៊ាន-កូរ៉េ។

លោកបន្ថែមថា “កិច្ចសម្រួលពាណិជ្ជកម្មនេះ ក៏នឹងត្រូវបានអនុវត្តពេញលេញរបាំងមិនមែនពន្ធផ្សេងៗ រួមទាំងលក្ខខ័ណ្ឌអនាម័យ និងភូត្តគាមអនាម័យ វិធានប្រភពដើមទំនិញ ការទទួលស្គាល់ទៅវិញទៅមកអំពីការវាយតម្លៃស្តង់ដារ គុណភាពទំនិញ និងរបាំងបច្ចេកទេសផ្សេងទៀត ក៏ត្រូវបានសំរួល និងលើកលែងសំរាប់លំហូរ ដោយសេរីនូវទំនិញ។ ដោយឡែកការចរចារអំពីវិនិយោគ និងសេវានឹងត្រូវធ្វើឡើងជាបន្តបន្ទាប់ ពីកិច្ចព្រមព្រៀងនេះចូលជាធរមាន។

លោកបន្តថា “ប្រការនេះអាចជាការទាក់ទាញ ថែមទៀតនូវវិនិយោគបរទេសមកកម្ពុជា និងនាំអោយមានការនាំមក និងផ្លាស់ប្តូរនូវបច្ចេកវិទ្យាថ្មីៗថែមទៀត”។

ជាមួយគ្នានេះ លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាធ្លាប់បានមានប្រសាសន៍ឲ្យដឹងថា ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា សាធារណៈរដ្ឋកូរ៉េ និងប្រទេសជាដៃគូដទៃទៀតនាពេលខាងមុខ នឹងនាំនូវផលប្រយោជន៍ច្រើនសម្រាប់កម្ពុជា ទាំងទំហំពាណិជ្ជកម្ម ទាំង​ការវិនិយោគ។

លោកបន្តថា “សេដ្ឋកិច្ចរបស់កម្ពុជានឹងងើបឡើងវិញលឿន តាមរយៈការចុះកិច្ចព្រមព្រៀងទាំងនេះ ដែលនឹងនាំមកនូវលំហូរពាណិជ្ជកម្មកាន់តែច្រើនពីកម្ពុជា ទៅកានើបណ្តាប្រទេសជាដៃគូនានា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here