ដោយៈវឌ្ឍនៈ
ភ្នំពេញៈ សេចក្ដីព្រាងច្បាប់ស្ដីពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួនពីររួមមានសេចក្តី ព្រាងច្បាប់ស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) និងសេចក្តីព្រាងច្បាប់ស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជានិងចិន ត្រូវបានព្រឹទ្ធសភាអនុម័តទាំងស្រុងនៅក្នុងកិច្ចប្រជុំពេញអង្គព្រឹទ្ធសភាលើកទី៧ នីតិកាលទី៤កាលពីថ្ងៃទី២០កញ្ញា២០២១។
លោកប៉ាន សូរស័ក្តិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានដឹកនាំ គណៈប្រតិភូអន្តរក្រសួងចូលរួមកិច្ចប្រជុំការពារ សេចក្តីព្រាងច្បាប់សំខាន់ៗចំនួន៣ រួមទាំងសេចក្តីព្រាងច្បាប់ស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន២នោះផងដែរ ។
នៅក្នុងកិច្ចប្រជុំនោះលោកប៉ាន សូរស័ក្តិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជម្រាបអំពីខ្លឹមសារ និងអត្ថប្រយោជន៍សំខាន់ៗ នៃសេចក្តីព្រាងច្បាប់ទាំងនេះផងដែរ។
១. កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)
– ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំជាងគេមួយក្នងតំបន់ ដោយក្នុងនោះមានការចូលរួមពីប្រទេសជាសមាជិកអាស៊នចំនួន១០ និងប្រទេសជាដៃគូពាណិជ្ជកម្មសំខាន់ៗ ចំនួន ៥ រួមមាន ចិន ជប៉ុន កូរ៉េ នូវែលហ្សេទ្បង់ និងអូស្រ្តាលី។
– អាចឈានដល់បង្កើតបានទីផ្សារចំនួន២,២ពាន់លាននាក់ ឬ៣០%នៃចំនួនប្រ ជាជនពិភពលោក ដែលមានផលិតផលក្នុងស្រុកសរុបរួមគ្នា ប្រមាណ២៦,២ទ្រីលានដុល្លាអាម៉េរិក ឬ៣០%នៃផលិតផល ក្នុងស្រុកសរុបរបស់ពិភពលោក និងមានចំនួនប្រមាណ ២៨% នៃទំហំពាណិជ្ជកម្មពិភពលោក (ផ្អែកលើទិន្នន័យឆ្នាំ២០១៩)។
– កិច្ចព្រមព្រៀងអាសិប ជាកិច្ចព្រមព្រៀងដែលមានលក្ខណៈទំនើប ទូលំទូលាយ គុណភាពខ្ពស់ និងផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចឱ្យគ្នាទៅវិញទៅមក ដែលនឹងសម្រួលដល់ការពង្រីកខ្សែច្រវាក់ផ្គត់ផ្តង់ពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់ ការផ្តល់សញ្ញាទៅកាន់ពិភពលោក អំពីការគាំទ្រប្រព័ន្ធពាណិជ្ជកម្មសេរី ពហុភាគីដែលផ្អែកលើគោលការណ៍ច្បាប់ និងជាពិសេសការចូលរួមចំណែក ក្នុងការស្តារសេដ្ឋកិច្ចកម្ពុជា និងតំបន់ឡើងវិញបានឆាប់រហ័សពីវិបត្តិសកូវីដ-១៩។
– ផ្អែកតាមលទ្ធផលនៃការចរចា និងការសិក្សារបស់ វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច សម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) បានបង្ហាញថា បន្ទាប់ពីបញ្ចប់កិច្ចព្រមព្រៀងអាសិបនេះ កម្ពុជាអាចនឹងមានកំណើនប្រចាំឆ្នាំ ការនាំចេញចំនួន៧,៣% វិនិយោគចំនួន ២៣,៤% និងផលិតផលក្នុងស្រុកសរុបចំនួនប្រមាណ ២% លើផលិតផលក្នុងស្រុកសរុប ដែលមានបច្ចុប្បន្ន។
២. ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន
– ការទទួលបានការបើកទីផ្សារឱ្យបានធំជាងមុន និងប្រសើរជាងមុន សម្រាប់មុខទំនិញកសិផល បន្លែផ្លែឈើ ផលិតផលកែច្នៃ និងសិប្បកម្ម និងផលិតផលជាច្រើនទៀត ស្របពេលដែលកម្ពុជាអាចផលិតបាន និងអនុលោមតាមវិធានអនាម័យ និងស្តង់ដារ។
– ការទទួលបានលំហូរទីផ្សារពាណិជ្ជកម្មសេវាកម្ម ដែលកម្ពុជាអាចនាំចេញ ក្នុងករណីមានការបណ្តុះបណ្តាល ជំនាញ និងមានគុណវុឌ្ឍិគ្រប់គ្រាន់ ជាពិសេសនៅពេលដែលកម្ពុជាអាចពង្រឹងខ្លួនឯងឱ្យរឹងមាំ ក្នុងវិស័យសេវាកម្មនាពេលអនាគត។
– ផ្តល់កាលានុវត្តភាពផ្នែកវិនិយោគដល់កម្ពុជា បានកាន់តែច្រើន ដែលនឹងផ្តល់ឱកាសដល់ធុរជនកម្ពុជា ដែលមានបំណងពង្រីកទីផ្សារសេវាកម្ម និងទំនិញនាំចេញឱ្យកាន់តែសម្បូរបែបទៅកាន់ទីផ្សារចិន។
– ការទទួលបានផលប្រយោជន៍ពីការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើ និងជំនាញថ្មីៗពីការវិនិយោគផ្ទាល់របស់បរទេស ព្រមទាំងបង្កើតការងារថ្មីៗជូនប្រជាជនកម្ពុជា ហើយក៏ជាកត្តាដ៏សំខាន់ចូលរួមពង្រឹងដល់វិស័យផលិតកម្មក្នុងស្រុក។
– ការកំណត់ឱ្យកាន់តែច្បាស់នូវរាល់នីតិវិធី ទាក់ទងនឹងវិធានដើមកំណើតទំនិញ គយនិងសម្រួលពាណិជ្ជកម្ម អនាម័យ និងភូតគាមអនាម័យ និងរបាំងបច្ចេកទេសលើការធ្វើពាណិជ្ជកម្ម និងការធ្វើសាមញ្ញកម្ម ដើម្បីងាយស្រួលអនុវត្ត និងសម្រួលដល់ការធ្វើពាណិជ្ជកម្ម។
– ការរៀបចំ និងការបង្កើតនូវបរិយាកាសវិនិយោគ និងនយោបាយទាក់ទាញវិនិយោគទុនពីបរទេសជាដើម៕