ដោយៈសុខុម
អន្តរជាតិៈ មហាអំណាចពិភពលោកទាំងពីរ ទោះបីជាមិនអាចចាត់ទុកគ្នាជាគូសត្រូវផ្លូវការក៏ដោយ ក៏៏អាមេរិកបាននិងកំពុងប្រើប្រាស់វិធីគ្រប់យ៉ាង ដើម្បីបង្អាក់ការងើបឡើងរបស់មហាយក្សចិន មិនឲ្យសម្រេចបានក្តីសុបិន ក្នុងការក្លាយជាមហាអំណាចលេខ១លើពិភពលោកលឿនពេកនោះទេ។
ការប្រជែងផ្នែកសេដ្ឋកិច្ច សព្វាវុធ បច្ចេកវិទ្យា បាននិងកំពុងក្លាយជាភ្នក់ភ្លើងដ៏ក្តៅ ដែលប្រទេសទាំងពីរនេះ បាននិងកំពុងព្យាយាមដុតគ្នាទៅវិញទៅមក ក្នុងសមរភូមិកាទូត ភូមិសាស្រ្តនយោបាយ និងផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច។
ជាក់ស្តែង កិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP) គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) មួយដែលមានសហរដ្ឋអាមេរិក ជាខ្នងបង្អែក ខណៈកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិ្ចគ្រប់ជ្រុងជ្រោយ (RECP) គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានមហាយក្សចិន ជាខ្នងបង្អែក។
កិច្ចព្រមព្រៀង RECP ដែលមានការចូលរួមពីប្រទេសជាច្រើន រួមមាន អូស្ត្រាលី ព្រុយណេ ចិន ឥណ្ឌូនេស៊ី ជប៉ុន ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា នូវែលសេឡង់ ហ្វីលីពីន សិង្ហបុរី កូរ៉េខាងត្បូង ថៃ វៀតណាម និងកម្ពុជា ពោលគឺ១៥ប្រទេសនេះ គ្របដណ្ដប់ប្រមាណ៣០%នៃចំនួនប្រជាជនទូទាំងពិភពលោក (២,២ពាន់លាននាក់) និង៣០%នៃផលិតផលក្នុងស្រុកសរុប (GDP) ទូទាំងពិភពលោក (២៦,២ទ្រីលានដុល្លារ) គិតត្រឹមឆ្នាំ២០២០។
ចុះកិច្ចព្រមព្រៀង TPP? តើកិច្ចព្រមព្រៀងនេះវិវឌ្ឍដល់ណាហើយ? រហូតមកទល់ពេលនេះ ខណៈប្រទេសចិនបាននិងកំពុងស្នើ សុំចូលរួមជាសមាជិក ក្នុងកិច្ចព្រមព្រៀងនេះផងដែរនោះ?។
កិច្ចព្រមព្រៀង TPP គឺជាចំណុចស្នូល នៃយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ឆ្ពោះមកកាន់អាស៊ី-ប៉ាស៊ីហ្វិក (Pivot to Asia-Pacific Strategy) ក្រោមរដ្ឋការប្រធានាធិបតី បារ៉ាក់ អូបាម៉ា។ មុនពេលប្រធានាធិបតី ដូណាល់ ត្រាំ ដកសហរដ្ឋអាមេរិក ចេញក្នុងឆ្នាំ២០១៧ ក្នុងថ្ងៃដំបូងនៃការឡើងកាន់អំណាចរបស់លោក កិច្ចព្រមព្រៀង TPP នឹងត្រូវក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ធំបំផុតរបស់ពិភពលោក ដែលគ្របដ ណ្តប់រហូតដល់ទៅ៤០%នៃសេដ្ឋកិច្ចពិភពលោក។
សម្រាប់អ្នកគាំទ្រមើលឃើញថា កិច្ចព្រមព្រៀងនេះនឹងជួយពង្រីកពាណិជ្ជកម្ម និងការវិនិយោគរបស់សហរដ្ឋអាមេរិកនៅបរទេស ជំរុញកំណើនសេដ្ឋកិច្ច ធ្វើឱ្យថ្លៃទំនិញប្រើប្រាស់ចុះថោក និងជួយបង្កើតការងារថ្មីៗ ព្រមទាំងជំរុញផលប្រយោជន៍ ជាយុទ្ធសាស្ត្ររបស់អាមេរិក នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកផងដែរ។
ទោះជាយ៉ាងណា សម្រាប់អ្នកប្រឆាំង រួមទាំងលោកដូណាល់ ត្រាំ ផងនោះបានមើលឃើញថា កិច្ចព្រមព្រៀងនេះ ទំនងជាធ្វើឱ្យផលិតកម្មរបស់សហរដ្ឋអាមេរិក ធ្លាក់ចុះកាន់តែលឿន ធ្វើឱ្យប្រាក់ឈ្នួលធ្លាក់ចុះកាន់ទាប និងធ្វើឱ្យវិសមភាពកើនឡើង។
ក្រោយពីសហរដ្ឋអាមេរិក ដកខ្លួនចេញ បណ្ដាប្រទេសហត្ថលេខី នៃកិច្ចព្រមព្រៀង TPP ដែលនៅសេសសល់បានបន្តអនុវត្តកិច្ចព្រមព្រៀងនេះ ដោយគ្រាន់តែប្ដូរឈ្មោះវាមកជាកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងវឌ្ឍភាពសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ប៉ុន្តែបានរក្សាទុកខ្លឹមសារដើមស្ទើរតែទាំងស្រុង។
អ្វីដែលគួរឱ្យកត់សម្គាល់ គឺនៅខែកញ្ញា ឆ្នាំ២០២១ មហាយក្សចិន បានដាក់ពាក្យសុំចូលរួមក្នុងកិច្ចព្រមព្រៀងនេះ ដោយដាក់សម្ពាធលើសហរដ្ឋអាមេរិកកាន់តែខ្លាំង។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោកចូ បៃដិន បានបញ្ជាក់ជំហរថា លោកមិនគាំទ្រការចូលរួម ក្នុងកិច្ចព្រមព្រៀងTPPឡើងវិញនោះឡើយ ប៉ុន្តែថាលោកអាចនឹងព្យាយាមចរចាឡើងវិញ ដើម្បីដាក់បញ្ចូលបទប្បញ្ញត្តិ កាន់តែរឹងមាំស្ដីកម្លាំងពលកម្ម និងបរិស្ថាន។
*តើកិច្ចព្រមព្រៀង TPP មានដើមកំណើតមកពីណា?
កិច្ចព្រមព្រៀងTPP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) មួយដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៥ រវាងប្រទេសមួយក្រុមតូចនៅតំបន់អាស៊ី-ប៉ាហ្វិក ដែលរួមមានប្រទេសព្រុយណេ ប្រទេសស៊ីលី ប្រទេសនូវែលសេឡង់ និងប្រទេសសិង្ហបុរី។
នៅឆ្នាំ២០០៨ ប្រធានាធិបតី ចច ដាប់ប៊ឹលយូប៊ូស បានប្រកាសថា សហរដ្ឋអាមេរិក នឹងចាប់ផ្តើមកិច្ចចរចាពាណិជ្ជកម្ម ជាមួយក្រុមប្រទេសនេះ ដោយបានដឹកនាំប្រទេសអូស្ត្រាលី ប្រទេសវៀតណាម និងប្រទេសប៉េរូ ឱ្យចូលរួមផងដែរ។ ក្រោយពីកិច្ចចរចា ក្រុមប្រទេសទាំងនេះ បានពង្រីកសមាជិកដោយរាប់បញ្ចូលប្រទេសកាណាដា ប្រទេសជប៉ុន ប្រទេសម៉ាឡេស៊ី និងប្រទេសម៉ិកស៊ិក សរុបគឺ១២ប្រទេស។
នៅពេលឡើងកាន់អំណាចក្នុងឆ្នាំ២០០៩ លោក បារ៉ាក់ អូបាម៉ា បានបន្តកិច្ចចរចានេះ។
នៅឆ្នាំ២០១១ លោកស្រី ហ៊ីលឡារី គ្លីនតុន រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក បានកំណត់យកកិច្ចព្រមព្រៀង TPP ជាចំណុចស្នូលនៃយុទ្ធសាស្ត្រ របស់សហរដ្ឋអាមេរិក ឆ្ពោះមកកាន់អាស៊ី-ប៉ាស៊ីហ្វិក (Pivot to Asia-Pacific Strategy)។
បន្ទាប់ពីការចរចាជាផ្លូវការចំនួន១៩លើក និងជំនួបដាច់ដោយឡែកជាច្រើនលើកផ្សងេទៀត បណ្ដាប្រទេសដែលចូលរួម បានឈានដល់ការព្រមព្រៀងគ្នា នៅខែតុលា ឆ្នាំ២០១៥ ហើយបានចុះកិច្ចព្រមព្រៀងនេះនៅដើមឆ្នាំ២០១៦។
ការចរចាទាំងនេះ បានយកឈ្នះឧបសគ្គនយោបាយធំៗជាច្រើន ដោយប្រទេសនានាបានឯកភាពគ្នា លើការកែទម្រង់ដ៏លំបាក នៃសេដ្ឋកិច្ចរបស់ពួកគេ។
ជាឧទាហរណ៍ ជប៉ុន បានជំទាស់នឹងការបញ្ចុះពន្ធគយ លើទំនិញកសិកម្ម ខណៈប្រទេសនេះ យល់ព្រមឱ្យកាត់បន្ថយឧបសគ្គនានា ចំពោះទីផ្សាររថយន្តរបស់ខ្លួន។
ប្រទេសកាណាដា បានយល់ព្រមអនុញ្ញាតឱ្យបរទេសបន្ថែមទៀត ចូលទៅក្នុងទីផ្សារផលិតផលទឹកដោះគោ ដែលត្រូវបានគាំពារយ៉ាងខ្លាំងរបស់ខ្លួន ខណៈប្រទេសព្រុយណេ ប្រទេសម៉ាឡេស៊ី និងប្រទេសវៀតណាម សន្យាធ្វើកំណែទម្រង់ច្បាប់ការងាររបស់ពួកគេ ហើយក្រុមអ្នកចរចារបស់សហរដ្ឋអាមេរិក បានសម្របសម្រួលលើការទាមទារខ្លះរបស់ពួកគេ ដែលចង់ឱ្យមានការការពារកាន់តែតឹងរ៉ឹង ចំពោះប៉ាតង់ផលិតឱសថ។
ទោះជាយ៉ាងណា កិច្ចព្រមព្រៀងនេះ មិនដែលទទួលបានការផ្តល់សច្ចាប័នពីសភាសហរដ្ឋអាមេរិកឡើយ ព្រោះកិច្ចព្រមព្រៀងនេះ បានក្លាយជាប្រធានបទដ៏ក្ដៅគគុកទាំងសម្រាប់បេក្ខភាពមកពីគណបក្សសាធារណរដ្ឋ និងបេក្ខភាពមកពីគណបក្សប្រជាធិបតេយ្យ អំឡុងយុទ្ធនាការឃោសនាបោះឆ្នោត ប្រជែងតំណែងប្រធានាធិបតីក្នុងឆ្នាំ២០១៦ ។
លោក ដូណាល់ ត្រាំ បានដកខ្លួនចេញពីកិច្ចព្រមព្រៀង TPP ជាផ្លូវការនៅថ្ងៃឡើងកាន់អំណាចថ្ងៃដំបូង ពោលគឺនៅខែមករា ឆ្នាំ២០១៧។
*តើបណ្ដាប្រទេសភាគីហត្ថលេខីបានព្រមព្រៀងគ្នាលើចំណុចអ្វីខ្លះ?
កិច្ចព្រមព្រៀង TPP មានចំនួន៣០ជំពូក ដែលគ្របដណ្តប់ពន្ធលើទំនិញ និងសេវាកម្ម កម្មសិទ្ធិបញ្ញា ច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-commerce) ស្តង់ដារការងារ និងបរិស្ថាន យន្តការដោះស្រាយវិវាទ និងទិដ្ឋភាពជាច្រើនទៀតនៃពាណិជ្ជកម្មពិភពលោក។
គោលដៅធំចម្បងនៃកិច្ចព្រមព្រៀង ដែលគ្រប់ដណ្ដប់ទ្វីបមួយចំនួន និងប្រហែល៤០%នៃពាណិជ្ជកម្មពិភពលោកនេះ គឺដើម្បីបង្កើតតំបន់សេដ្ឋកិច្ចរួមបញ្ចូលគ្នា ដែលមានលក្ខណៈពេញលេញមួយ ហើយបង្កើតច្បាប់ដែលមានសង្គតភាព (ស៊ីសង្វាក់គ្នា) សម្រាប់ការវិនិយោគទូទាំងពិភពលោក។
សម្រាប់អតីតប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា គឺលោកចង់ឱ្យកិច្ចព្រមព្រៀងនេះ ធានាបានថា “សហរដ្ឋអាមេរិក” គឺជាប្រទេសតែមួយគត់ក្នុងលោក ដែលជាអ្នកតាក់តែងច្បាប់ប្រចាំសតវត្សរ៍ទី២១នេះ សម្រាប់សេដ្ឋកិច្ចពិភពលោក គឺមិនមែនប្រទេសផ្សេងដូចជាមហាយក្សចិន នោះឡើយ។
*តើកិច្ចព្រមព្រៀងនេះនឹងផ្តល់ផលប្រយោជន៍អ្វីខ្លះដល់សហរដ្ឋអាមេរិក?
សម្រាប់ពលរដ្ឋអាមេរិក ដែលគាំទ្រកិច្ចព្រមព្រៀងTPP នឹងយល់ថា កិច្ចព្រមព្រៀងនេះ នឹងក្លាយជាមជ្ឈមណ្ឌល នៃយុទ្ធសាស្ត្រផ្តោតលើតំបន់អាស៊ី ដើម្បីបន្តរក្សាផលប្រយោជន៍របស់សហរដ្ឋអាមេរិក ទាំងផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ។
*ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច
រដ្ឋការរបស់លោក បារ៉ាក់ អូបាម៉ា និងអ្នកជំនាញសេដ្ឋកិច្ចពាណិជ្ជកម្មជាច្រើនបានទាញទឡ្ហីករណ៍ថា ការបញ្ចុះពន្ធ និងការបង្កើនឱកាសចូលទៅកាន់ទីផ្សារ ដែលមានចែងក្នុងកិច្ចព្រមព្រៀងនេះ នឹងជួយធ្វើឱ្យថ្លៃទំនិញប្រើប្រាស់ចុះថោក ជំរុញការវិនិយោគឆ្លងដែន និងបង្កើនការនាំចេញរបស់សហរដ្ឋអាមេរិក។
ពួកគេនិយាយថា ច្បាប់ដែលកាន់តែមានសង្គតភាព និងកំណែទម្រង់ដែលផ្តោតលើទីផ្សារ នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដូចជា ប្រទេសវៀតណាម និងប្រទេសម៉ាឡេស៊ី ជាដើម នឹងធ្វើឱ្យសេដ្ឋកិច្ចទាំងអស់ ដែលចូលរួមពាក់ព័ន្ធ កាន់តែមានប្រសិទ្ធភាពក្នុងការបង្កើនផលិតភាព និងកំណើន។
បណ្ដាប្រទេសហត្ថលេខី នៃកិច្ចព្រមព្រៀង TPP គ្របដណ្ដប់ប្រហែល៤០%នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ពិភពលោក ហើយកិច្ចព្រមព្រៀងនេះ នឹងក្លាយជាកិច្ចព្រមព្រៀងធំបំផុត ដែលសហរដ្ឋអាមេរិក មិនធ្លាប់សម្រេចបានបើគិតទាំងចំនួនប្រទេស និងរំហូរពាណិជ្ជកម្មសរុប។
យោងតាមទិន្នន័យរបស់គណៈកម្មាធិការ ពាណិជ្ជកម្មអន្តរជាតិរបស់សហរដ្ឋអាមេរិក (USITC) បានបង្ហាញថា ការធ្វើពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ជាមួយបណ្តាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀង TPP មានទំហំជាង១.៥ទ្រីលានដុល្លារ ឬប្រហែល៤០% នៃពាណិជ្ជកម្មសរុបរបស់សហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១៥។
សហរដ្ឋអាមេរិក មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលមានស្រាប់ជាមួយប្រទេសហត្ថលេខី នៃកិច្ចព្រមព្រៀង TPP ជាច្រើនរួមទាំងប្រទេសអូស្ត្រាលី ប្រទេសកាណាដា និងប្រទេសម៉ិកស៊ិកផងដែរ ប៉ុន្តែនៅពេលដែលកិច្ចព្រមព្រៀង TPP ត្រូវបានចុះហត្ថលេខា គឺខ្វះប្រទេសជប៉ុន ដែលជាសេដ្ឋកិច្ចធំទី៣ របស់ពិភពលោក។
នៅឆ្នាំ២០១៩ រដ្ឋការរបស់លោក ដូណាល់ ត្រាំ បានចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីមួយ ជាមួយរដ្ឋាភិបាលក្រុងតូក្យូ ដែលលោក Robert Lighthizer តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានទាញទឡ្ហីករណ៍ អំពីអត្ថប្រយោជន៍សេដ្ឋកិច្ចជាច្រើនដែលសហរដ្ឋអាមេរិក ទទួលបានពីកិច្ចព្រមព្រៀង TPP។
ការសិក្សាផ្នែកសេដ្ឋកិច្ចជាច្រើន រួមទាំងការសិក្សាដោយបណ្ដា ទីភ្នាក់ងាររដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកបានព្យាករថា កិច្ចព្រមព្រៀង TPP នឹងជួយជំរុញកំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ដោយការសិក្សាមួយបានព្យាករថា កិច្ចព្រមព្រៀងនេះនឹងជួយបន្ថែមប្រាក់ចំណូល១៣០ពាន់លានដុល្លារទៅលើ GDP របស់សហរដ្ឋអាមេរិក នៅត្រឹមឆ្នាំ២០២៣។
ទោះជាយ៉ាងណា គំរូ ឬ Model មួយចំនួននៃកិច្ចព្រមព្រៀនេះ បានបង្ហាញពីផលប៉ះពាល់ចម្រុះទៅលើការងារ ដោយធ្វើឱ្យបាត់បង់ការងារ នៅក្នុងវិស័យផលិតកម្ម ខណៈទទួលបានកំណើននៅក្នុងវិស័យកសិកម្ម និងសេវាកម្ម។
*ផលប្រយោជន៍ផ្នែកភូមិសាស្ត្រនយោបាយ
អតីតរដ្ឋការរបស់លោក ប៉ារ៉ាក់ អូបាម៉ា បានអះអាងថា កិច្ចព្រមព្រៀង TPP នឹងពង្រឹងភាពជាអ្នកដឹកនាំ របស់សហរដ្ឋអាមេរិក នៅតំបន់អាស៊ី និងពង្រឹងសម្ព័ន្ធភាពរបស់ខ្លួននៅក្នុងតំបន់។
អំឡុងឆ្នាំ២០១១ លោកស្រី ហ៊ីលឡារី គ្លីនតុន បានថ្លែងថា កិច្ចព្រមព្រៀង TPP នឹងជំរុញកិច្ចខិតខំប្រឹងប្រែ ងធ្វើសមាហរណកម្មអាស៊ី ឱ្យកាន់តែទូលំទូលាយ ដោយគាំទ្រដល់ស្ថាប័នថ្នាក់តំបន់ ដូចជា វេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ជាដើម។
កិច្ចព្រមព្រៀង TPP ក៏នឹងធានាបានផងដែរថា សហរដ្ឋអាមេរិក បាននាំមុខគេផ្នែកច្បាប់ពាណិជ្ជកម្មពិភពលោក។
*តើអ្វីដែលជំរុញឱ្យមានការប្រឆាំងជំទាស់នឹងកិច្ចព្រមព្រៀង TPP?
កិច្ចព្រមព្រៀងTPP បានក្លាយជាប្រធានបទក្ដៅគគុក នៅក្នុងប្រព័ន្ធនយោបាយរបស់សហរដ្ឋអាមេរិក ជាពិសេសអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត ប្រជែងតំណែងប្រធានាធិបតីក្នុងឆ្នាំ២០១៦ ហើយក៏មានការជំទាស់ ពីប្រទេសហត្ថលេខីមួយចំនួននៃកិច្ចព្រមព្រៀងនេះផងដែរ។
អតីតប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានរិះគន់កិច្ចព្រមព្រៀងនេះជាយូរមកហើយ ដោយអះអាងថា វានឹងជំរុញឱ្យការងារផលិតកម្ម នៅក្រៅប្រទេសកើនឡើង បង្កើនឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក និងមិនអាចដោះស្រាយបាននូវបញ្ហាក្រឡុកតម្លៃរូបិយប័ណ្ណ ពីសំណាក់ដៃគូពាណិជ្ជកម្មនានា របស់សហរដ្ឋអាមេរិក៕ cfr.org៕