ដោយៈសុខុម
អ៊ីតាលី: ក្រុមហ៊ុនខ្សែសង្វាក់ភោជនីយដ្ឋានដ៏ល្បីរបស់ចិន Yum China និងក្រុមហ៊ុន ផលិតកាហ្វេខ្នាតយក្សរបស់អ៊ីតាលី Lavazza ដែលបានចាប់ដៃគូសហការគ្នា ក្នុងឆ្នាំ២០២០ មានគម្រោងបើកហាងកាហ្វេ Lavazza រហូតដល់ទៅ១.០០០ទីតាំងក្នុងប្រទេសចិន នៅត្រឹមឆ្នាំ២០២៥។
ក្រុមហ៊ុនទាំង២នេះ បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ កញ្ញា ថា ជាដំណាក់កាលដំបូង ខ្លួននឹងបោះទុនវិនិយោគ ចំនួន២០០លានដុល្លារអាមេរិក នៅក្នុងការបណ្តាក់ទុនរួមគ្នានេះ។
លើសពីនេះ ការបណ្តាក់ទុនរួមគ្នានេះ នឹងជួយធ្វើយុទ្ធសាស្ត្រទីផ្សារ លក់ និងចែកចាយផលិតផលលក់រាយរបស់ក្រុមហ៊ុន Lavazza នៅក្នុងប្រទេសចិន ក្រោមកិច្ចព្រមព្រៀងសិទ្ធិផ្ដាច់មុខ។
ហាងកាហ្វេ Lavazza ដំបូងបង្អស់ដែលបើកនៅក្រៅប្រទេសអ៊ីតាលី បានបើកដំណើរការក្នុងក្រុងសៀងហៃ នៅខែមេសា ឆ្នាំ២០២០។ ចាប់តាំងពីនោះមក Lavazza បន្តពង្រីកសាខាបាន ជាង២០ទីតាំងទូទាំងប្រទេសចិន រួមមាននៅក្រុងសៀងហៃ ក្រុងហាងចូវ (Hangzhou) ក្រុងប៉េកាំង និងក្រុងគ័ងចូវ (Guangzhou) ផងដែរ។
លោកស្រី Joey Wat អគ្គនាយកក្រុមហ៊ុនខ្សែសង្វាក់ភោជនីយដ្ឋាន Yum China បានថ្លែងថា “ការរីកចម្រើនថ្មីៗនេះរបស់ហាងកាហ្វេ Lavazza ក្នុងប្រទេសចិន បានជំរុញលើកទឹកចិត្តពួកយើងខ្លាំងមែនទែន ហើយបានផ្ដល់លទ្ធភាព ឱ្យយើងចាប់យកឱកាសអាជីវកម្មកាហ្វេដ៏ធំនៅក្នុងប្រទេសចិន ជាមួយនឹងការពង្រីកចំនួនសាខាយ៉ាងឆាប់រហ័ស”។
នៅក្នុងការបណ្តាក់ទុនរួមគ្នានេះ ក្រុមហ៊ុនខ្សែសង្វាក់ភោជនីយដ្ឋាន Yum China កាន់កាប់ភាគហ៊ុន៦៥% ចំណែកឯក្រុមហ៊ុន Lavazza កាន់កាប់ភាគហ៊ុន៣៥%។
យោងតាមគេហទំព័រ Starbucks China បានបង្ហាញថា ក្រុមហ៊ុនហាងកាហ្វេ Starbucks របស់សហរដ្ឋអាមេរិក មានហាងជាង៥.០០០ទីតាំង នៅក្នុងទីក្រុងចំនួន២០០ទូទាំងប្រទេសចិន៕ Reuters៕