ក្រុមហ៊ុនអាល្លឺម៉ង់ Volkswagen គ្រោងសាងសង់រោងចក្រផលិតអាគុយរថយន្ត អគ្គិសនីថ្មីនៅប្រទេសចិន

0

ដោយៈសុខុម

ប្រទេសចិនៈ ក្រុមហ៊ុន Volkswagen AG បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី២៣ កញ្ញាថា ខ្លួនមានគម្រោងសាងសង់រោងចក្រ ផលិតអាគុយរថយន្តអគ្គិសនី (EV) ថ្មីមួយកន្លែងនៅក្រុងហឺហ្វី (Hefei) ភាគខាងកើតប្រទេសចិន។

ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ មួយនេះកំពុងសាងសង់ រោងចក្រផលិតរថយន្តអគ្គិសនីមួយ ក្រោមការបណ្តាក់ទុនរួមគ្នា ជាមួយក្រុមហ៊ុនផលិតរថយន្តចិន JAC Motors នៅទីក្រុងហឺហ្វី។ ក្រុមហ៊ុននេះ ក៏មានភាគហ៊ុនក្នុងក្រុមហ៊ុន ផលិតអាគុយរថយន្តអគ្គិសនីអាមេរិក Gotion ដែលក៏មានមូលដ្ឋាននៅទីក្រុងហឺហ្វីផងដែរ។

ក្រុមហ៊ុននេះនិយាយថា ខ្លួននឹងបោះទុនវិនិយោគចំនួន១៦៤លានដុល្លារអាមេរិក នៅក្នុងរោងចក្រផលិតអាគុយនៅត្រឹមឆ្នាំ២០២៥។ ជាដំណាក់កាលដំបូង រោងចក្រនេះនឹងមានសមត្ថភាព ផលិតអាគុយបានចន្លោះពី១៥០.០០០គ្រឿង ទៅ១៨០.០០០គ្រឿងក្នុងមួយឆ្នាំ សម្រាប់ការផលិតរថយន្តអគ្គិសនីក្នុងស្រុក។

ក្រុមហ៊ុន Volkswagen បានបញ្ចេញរថយន្តអគ្គិសនីម៉ូឌែល ID ចំនួន៥គ្រឿងនៅក្នុងប្រទេសចិន ដែលជាទីផ្សាររថយន្តធំបំផុត របស់ពិភពលោកនៅឆ្នាំនេះ។ ក្រុមហ៊ុននេះលក់រថយន្តប្រភេទនេះ បានប្រមាណ៧.០០០គ្រឿងនៅក្នុងប្រទេសចិន កាលពីខែមុន ហើយមានបំណងចែកចាយសរុប ឱ្យបានចន្លោះពី៨០.០០០គ្រឿង ទៅ១០០.០០០គ្រឿងនៅឆ្នាំនេះ។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍កាលពីសប្តាហ៍មុនថា ក្រុមហ៊ុន Volkswagen កំពុងចរចាដើម្បីកាន់កាប់ឱ្យណែន លើការបណ្តាក់ទុនរួមគ្នា នៅក្រុងហឺហ្វី ជាហេតុបង្កឱ្យមានភាពតានតឹង ជាមួយបណ្ដាដៃគូចិន ផ្សេងៗទៀត ដែលព្រួយបារម្ភខ្លាចពួកគេត្រូវខ្ទាតចេញពីការបណ្ដាក់ទុនរួមគ្នានេះ។

កាលពីដើមសប្តាហ៍នេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Lucid Motors ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រកាសថា ខ្លួននឹងផលិតរថយន្តនៅប្រទេសអារ៉ាប៊ីសាអូឌីត នៅត្រឹមឆ្នាំ២០២៤។ មូលនិធិវិនិយោគសាធារណៈ របស់ប្រទេសអារ៉ាប៊ីសាអូឌីត បានបោះទុនវិនិយោគ១ពាន់លានដុល្លារអាមេរិក ក្នុងក្រុមហ៊ុននេះកាលពីខែមេសា ឆ្នាំ២០១៩ ដោយកាន់កាប់ភាគហ៊ុន៦៧%នៅក្នុងក្រុមហ៊ុននេះ៕ Arab News៕

LEAVE A REPLY

Please enter your comment!
Please enter your name here