ដោយៈគង់ តារា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានបង្ហើបឲ្យដឹងថា គំរោងស្ថាបនានិងលើកកំពស់ផ្លូវជាតិលេខ៤៨ ពីចំណុចប្រសព្វផ្លូវជាតិលេខ៤ ទៅកាន់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ត្រូវបានកំណត់ពេលវេលាជាក់លាក់ហើយ។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ នឹងចាប់ផ្ដើមអនុវត្តដំណើរការសាងសង់នៅចុងឆ្នាំនេះ ក្រោមហិរញ្ញប្បទានសម្បទាន ពីសាធារណរដ្ឋកូរ៉េ ។ គម្រោងនេះ នឹងត្រូវអនុវត្តការសាងសង់ ក្នុងរយៈពេល៣២ខែ ដោយចាប់ផ្ដើមដំណើការសាងសង់នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ និងគ្រោងបញ្ចប់នៅដើមខែក ក្កដា ឆ្នាំ ២០២៤។
លោកបានបញ្ជាក់ថា ផ្លូវជាតិលេខ៤៨ ពីស្រុកស្រែអំបិល ទៅទីរួមខេត្តកោះកុងនេះ មានចម្ងាយប្រហែល១៥០គីឡូម៉ែត្រ ដែលជាផ្លូវកៅស៊ូពីរស្រទាប់ស្តើង ដែលបានប្រើប្រាស់កម្ចីពីប្រទេសថៃ សម្រាប់ការសាងសង់ផ្លូវ ប៉ុន្តែស្ពាន៤កន្លែង គឺជាជំនួយឥតសំណងរបស់ថៃ។
លោកបន្តថា ដោយសារតែបច្ចុប្បន្ននេះផ្លូវនេះ មានសកម្មភាពធ្វើដំណើរច្រើន ហើយជាច្រកសេដ្ឋកិច្ចផងនោះ ក្រសួងនឹងរៀបចំស្តារកម្រិតគុណភាពផ្លូវនេះ ឱ្យក្លាយទៅជាផ្លូវAC ដោយពង្រីកទៅជា៤គន្លង២គន្លងទៅ ២គន្លងមក ដើម្បីធានាបង្កើនសុវត្ថិភាព និងសម្រួលក្នុងការធ្វើដំណើរ។
លោកបន្តថា “ខ្ញុំទើបចុះហត្ថលេខាកុងត្រា សាងសង់កាលពីពេលថ្មីៗនេះ ដូច្នេះបើកការដ្ឋានយើង មិនអាចបើកពេលខែភ្លៀងនោះទេ អ៊ីចឹងប្រហែលជាចុងឆ្នាំនេះ យើងបើកការដ្ឋាន”។
កាលពីថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២១ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន ILSUNG & HANIL Joint Venture បានចុះហត្ថលេខាលើកិច្ចសន្យាសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨នេះ ដែលគ្រោងចំណាយថវិកាប្រមាណជាង៧៨លានដុល្លារ។ គម្រោងនេះ នឹងត្រូវអនុវត្តសាងសង់ដោយក្រុម ហ៊ុនសាងសង់កូរ៉េ ILSUNG & HANIL Joint Venture និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture។
គម្រោងនេះត្រូវបានគេរំពឹងថា នឹងធ្វើឱ្យប្រសើរឡើងទាំងសុវត្ថិភាព នៃការធ្វើចរាចរណ៍ទៅមករបស់អ្នកដំណើរ កាត់បន្ថយពេលវេលា និងថ្លៃធ្វើដំណើរ និងដឹកជញ្ជូនតាមរយៈការបំពាក់គ្រឿងបរិក្ខារសុវត្ថិភាពនៅលើដងផ្លូវ ការកែសម្រួលចំណោតខ្លាំងរបស់ផ្លូវ ជំរុញសក្តានុពលតំបន់ទេសចរណ៍ និងបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់៕