ការសិក្សា: ទំហំទីផ្សារឧបករណ៍វិភាគគុណភាពអគ្គិសនីពិភពលោកនឹងឈានដល់២០,៥៣ពាន់លានដុល្លារនៅឆ្នាំ២០២៦

0

សុខុម

អៀរឡង់: ទំហំទីផ្សារឧបករណ៍វិភាគ និងវាយតម្លៃគុណភាពអគ្គិសនី (Power Quality Equipment) ពិភពលោកបានឈានដល់១៣,៦៨ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ ហើយតាមការរំពឹងទុកថា វានឹងឈានដល់២០,៥៣ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០២៦ ជាមួយនឹងអត្រាកំណើនប្រចាំឆ្នាំ៧,២៦%។ នេះបើយោងតាមសារព័ត៌មាន Business Wire ចុះផ្សាយកាលពីថ្ងៃទី២៤ កញ្ញា។

ឧបករណ៍វិភាគ និងវាយតម្លៃគុណភាពអគ្គិសនី ត្រូវបានប្រើប្រាស់នៅក្នុងប្រព័ន្ធខ្សែបញ្ជូនអគ្គិសនី (Power Grid) ដើម្បីធានាថាចរន្តអគ្គិសនីរត់ថេរល្អ មិនដាច់។

*តំបន់អាស៊ី-ប៉ាស៊ីហ្វិក នឹងគ្របដណ្ដប់លើសគេក្នុងចំណែកទីផ្សារ

អាស៊ី-ប៉ាស៊ីហ្វិក ដែលជាតំបន់កំពុងអភិវឌ្ឍន៍នឹងគ្របដណ្ដប់លើសគេក្នុងចំណែកទីផ្សារ ព្រោះឧស្សាហ៍ដាច់ចរន្តអគ្គិសនី ហើយការផ្គត់ផ្គង់អគ្គិសនីគ្មានស្ថិរភាពនៅក្នុងប្រទេសជាច្រើននៅទូទាំងតំបន់ដូចជាប្រទេសម៉ាឡេស៊ី ប្រទេសកម្ពុជា និងប្រទេសហ្វីលីពីន ជាដើម។

អ្នកប្រើប្រាស់ចុងក្រោយ (End-user) នូវឧបករណ៍វិភាគ និងវាយតម្លៃគុណភាពអគ្គិសនីនៅក្នុងតំបន់រួមមានវិស័យឧស្សាហកម្ម និងផលិតកម្មដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស វិស័យទូរគមនាគមន៍ និងវិស័យពាណិជ្ជកម្មជាដើម។

នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក វិស័យផលិតកម្មគឺជាវិស័យមួយដែលបានរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចក្នុងប្រទេសនានា ហើយប្រទេសចិន គឺជាអ្នករួមចំណែកធំបំផុតចំពោះទិន្នផលផលិតកម្មទូទាំងពិភពលោក។

ប្រទេសជប៉ុន ឥណ្ឌា កូរ៉េខាងត្បូង និងឥណ្ឌូនេស៊ី ក៏ជាអ្នករួមចំណែកដ៏សំខាន់ដែរពីតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលប្រទេសដូចជាវៀតណាម ម៉ាឡេស៊ី និងសិង្ហបុរី ក៏ត្រូវបានរំពឹងថានឹងបង្កើនចំណែកទីផ្សាររបស់ខ្លួនផងដែរនៅក្នុងរយៈពេលនេះ។

គោលនយោបាយអនុគ្រោះរបស់រដ្ឋាភិបាលនានា និងការបង្កើនការវិនិយោគក្នុងវិស័យថាមពលអគ្គិសនីនៅក្នុងតំបន់ ត្រូវបានរំពឹងថានឹងជំរុញតម្រូវការឧបករណ៍វិភាគ និងវាយតម្លៃគុណភាពអគ្គិសនី នៅក្នុងតំបន់អំឡុងរយៈពេលនេះ។

ទន្ទឹមនឹងនេះ តម្រូវការអគ្គិសនីបាននិងកំពុងកើនឡើងយ៉ាងខ្លាំងនៅក្នុងតំបន់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដោយសារការកើនឡើងនូវចំនួនប្រជាជន និងនគរូបនីយកម្មដែលតាមការរំពឹងទុកថាក៏នឹងធ្វើឱ្យតម្រូវការឧបករណ៍វិភាគ និងវាយតម្លៃគុណភាពអគ្គិសនីនៅក្នុងតំបន់កើនឡើងផងដែរ៕ Business Wire

LEAVE A REPLY

Please enter your comment!
Please enter your name here