ដោយៈវឌ្ឈនៈ
ភ្នំពេញៈ ធនាគារពិភពលោកនៅថ្ងៃទី២៨ កញ្ញា ២០២១នេះ បាននិយាយថា ការងើបឡើងវិញ នៃសេដ្ឋកិច្ចនៅតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានបន្ទុចបង្អាក់ដោយការរាលដាលនៃវីរុសបម្លែងប្រភេទដែលតា នៃជំងឺកូវីដ១៩ ដែលកាន់តែអូសបន្លាយនូវការលំបាករបស់ក្រុមហ៊ុន និងគ្រួសារ។
ស្ថានភាពនេះ បានពន្យឺតល្បឿននៃកំណើនសេដ្ឋកិ ច្ចនិងធ្វើឱ្យវិសមភាព កាន់តែកើនឡើងថែមទៀត នៅក្នុងរយៈពេលវែងទៅថ្ងៃខាងមុខ។
នៅក្នុងរបាយការណ៍បច្ចុប្បន្នភាព សេដ្ឋកិច្ចចុងក្រោយរបស់ធនាគារពិភពលោកបានឱ្យដឹថា សកម្មភាពសេដ្ឋកិច្ច បានធ្លាក់ចុះនៅក្នុងត្រីមាសទី២នៃឆ្នាំ២០២១ ហើយតាមរយៈនេះ ការព្យាករសេដ្ឋកិច្ចពីមុនម កក៏ត្រូវបានកែសម្រួលទម្លាក់កម្រិតផងដែរ សម្រាប់ប្រទេសភាគច្រើននៅទូទាំងតំបន់នេះ។ ខណៈប្រទេសចិន ទំនងជានឹងសម្រេចបានកំណើនសេដ្ឋកិច្ច៨,៥ភាគរយ តាមការរំពឹងទុកកន្លងមក ផ្នែកនៅសេសសល់ក្នុងតំបន់ត្រូវបានព្យាករថា នឹងសម្រេចបានកំណើនតែ២,៥ភាគរយតែប៉ុណ្ណោះ គឺទាបជាងក្នុងកម្រិតជិត២ភាគរយ ធៀបទៅនឹងការព្យាករទុក នៅក្នុងការធ្វើបច្ចុប្បន្នភាពកាលពីខែមេសា ២០២១ ។
ធនាគារពិភពលោកបានបន្តថា អត្រាមានការងារធ្វើ និងការចូលរួមរបស់កម្លាំងពលកម្មមានការធ្លាក់ចុះហើយ អាស្រ័យហេតុនេះនៅក្នុងឆ្នាំ ២០២១ ប្រជាជនជាង២៤លាននាក់ នឹងមិនអាចគេចផុតពីការធ្លាក់ខ្លួនទៅក្នុងភាពក្រីក្រទេ ។
លោកស្រី ម៉ាណូអេឡា ហ្វេរ៉ូ អនុប្រធានធនាគារពិភពលោកសម្រាប់តំបន់អាស៊ូបូព៌ា និងប៉ាស៊ីហ្វិកមានប្រសាសន៍ថា ដំណើរងើបឡើងវិញនៃសេដ្ឋកិច្ច នៃប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក កំពុងរងការរុញច្រើនឱ្យថយក្រោយវិញ ។ កាលឆ្នាំ ២០២០ ក្នុងគ្រាដែលតំបន់ដទៃលើពិភពលោក កំពុងតែត្រដរទប់ការរាលដាលជំងឺកូវីដ១៩ តំបន់អាស៊ីប៉ាបូព៌ា និងប៉ាស៊ីហ្វ៊ិក មានជោគជ័យនៅក្នុងការឃុំគ្រងជំងឺកូវីដ១៩កុំឱ្យរាលដាលខ្លាំង។
ផ្ទុយទៅវិញនៅក្នុងឆ្នាំ ២០២១នេះ តំបន់ដែលមានករណីឆ្លងជំងឺកូវីដ១៩ កើនឡើងច្រើន ដែលជាហេតុធ្វើឱ្យក្ដីសង្ឃឹមអំពីកំណើនសេដ្ឋកិច្ចធ្លាក់ចុះ ។ តែទោះជាយ៉ាងណាក៏ដោយតំបន់នេះ ធ្លាប់ក្រោកឡើងចេញពីវិបត្តិមុនៗ កាន់តែរឹងមាំលើសដើមផង ហើយលើកនេះពិតជាអាចធ្វើបានដូច្នេះទៀត ជាមួយនឹងគោលនយោបាយត្រឹមត្រូវ។
របាយការណ៍បច្ចុប្បន្នភាពនេះបានឱ្យដឹងថា ការបំផ្លាញឥតឈប់ឈរពីសំណាក់ការឆ្លងមេរោគកូវីដ១៩ និងពីសន្ទុះកម្រិតនៃការឆ្លងរបស់វា ទំនងជានឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច និងធ្វើឱ្យវិសមភាពកាន់តែកើនឡើងថែមទៀត សម្រាប់រយៈពេលវែងឆ្ងាយទៅថ្ងៃមុខ។
ការអូសបន្លាយស្ថានភាពបែបនេះ នឹងធ្វើឱ្យក្រុមហ៊ុនអាជីវកម្មខាតបង់ធនធានអរូបិយមានតម្លៃរបស់ខ្លួន ហើយក្រុមហ៊ុនដែលអាចឆ្លងផុតស្ថានភាពនេះ ក៏កំពុងតែផ្អាកការវិនិយោគរបស់ខ្លួនមួយរយៈសិនដែរ។ ក្រុមហ៊ុនតូចៗបានរងនូវការប៉ះទង្គិចខ្លាំងជាងគេ។ ថ្វីដ្បិតតែក្រុមហ៊ុនទាំងអស់សុទ្ធតែជួបការលំបាក ក្រុមហ៊ុនធំៗមិនសូវជាកាត់បន្ថយបរិមាណនៃការលក់ទេ ហើយក៏ទំនងជានឹងមានភាពងាយស្រួលជាង ក្នុងការចាប់យកបច្ចេកវិទ្យាទំនើបមកប្រើ និងក្នុងការទទួលបានការឧបត្ថម្ភគាំពារពីរដ្ឋាភិបាលផងដែរ៕