ក្រុមហ៊ុនអចលនទ្រព្យចិន Evergrande គ្រោងលក់ភាគហ៊ុន១,៥ពាន់លានដុល្លារ ដើម្បីដោះបំណុល

0

ដោយៈសុខុម

ហុងកុង: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន ដែលកំពុងជំពាក់បំណុលគេរុំកោះ Evergrande បានប្រកាសនៅថ្ងៃពុធ ទី២៩ កញ្ញា នេះថា ខ្លួនគ្រោងលក់ភាគហ៊ុន១,៥ពាន់លានដុល្លារអាមេរិក ដែលខ្លួនកាន់កាប់នៅក្នុងធនាគារShengjing Bank ទៅឱ្យក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មរដ្ឋដើម្បីដោះបំណុល។

ទោះជាយ៉ាងណា ក្រុមហ៊ុននេះនិយាយថា ធនាគារShengjing Bank បានទាម​ទារឱ្យខ្លួន យកប្រាក់ចំណេញសុទ្ធទាំងអស់ពីការលក់ភាគហ៊ុននេះ ទូទាត់សងបំណុលពាក់ព័ន្ធនានា ដែលខ្លួនដល់ពេលត្រូវសងធនាគារ Shengjing Bank។

ការទាមទារនេះបង្ហាញថា ក្រុមហ៊ុន Evergrande ដែលខកខានមិនបានបង់ការប្រាក់លើសញ្ញាប័ណ្ណកាលពីសប្តាហ៍មុន នឹងមិនអាចយកប្រាក់ដែលបានពីការលក់ភាគហ៊ុននេះទៅធ្វើអ្វីផ្សេង ដូចជា បង់ការប្រាក់ឱ្យអ្នកកាន់សញ្ញាប័ណ្ណ នៅបរទេសចំនួន៤៧,៥លានដុល្លារអាមេរិក ដែលដល់ពេលត្រូវបង់នៅថ្ងៃពុធនេះបានឡើយ។

កាលបរិច្ឆេទដែលក្រុមហ៊ុន Evergrande ដល់ពេលត្រូវបង់ការប្រាក់នេះ កំពុងត្រូវបានបណ្ដាវិនិយោគិន តាមដានយ៉ាងយកចិត្តទុកដាក់បំផុត ហើយនេះគឺជាតេស្តសាកល្បងលើទំនុកចិត្តដ៏ធំបន្ទាប់របស់ក្រុមហ៊ុនមួយនេះនៅក្នុងទីផ្សារ។

ក្រុមហ៊ុន Evergrande បានជំពាក់បំណុលគរដូចភ្នំ រហូតដល់ទៅប្រមាណ៣០៥ពាន់លានដុល្លារ ដោយក្លាយជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលជំពាក់បំណុលច្រើនបំផុតនៅប្រទេសចិន ដោយធ្វើឱ្យរដ្ឋាភិបាលក្រុងប៉េកាំង ឈឺក្បាលយ៉ាងខ្លាំង។

ភាគហ៊ុនរបស់ក្រុមហ៊ុន Shenyang Shengjing នៅក្នុងធនាគារ Shengjing Bank នឹងកើនឡើងដល់២០,៧៩%បន្ទាប់ពីកិច្ចព្រមព្រៀងទិញលក់ភាគហ៊ុននេះ ដោយក្លាយជាម្ចាស់ភាគហ៊ុនធំបំផុតរបស់ធនាគារនេះ។

លោក Hui Ka Yan ប្រធានក្រុមហ៊ុន Evergrande បានចេញសេចក្តីថ្លែងការណ៍ថា បញ្ហាសាច់ប្រាក់របស់ក្រុមហ៊ុនលោក បានជះផលប៉ះពាល់ដល់ធនាគារ Shengjing Bankយ៉ាងខ្លាំង។ ការណែនាំអ្នកទិញដែលជាសហគ្រាសរដ្ឋ នឹងជួយរក្សាស្ថិរភាពប្រតិ​បត្តិការរបស់ធនាគារ Shengjing Bank។

ប្រភពបានទម្លាយប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters នៅសប្ដាហ៍នេះថា រដ្ឋាភិបាលក្រុងប៉េកាំង កំពុងជំរុញឱ្យសហគ្រាសរដ្ឋ និងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលគាំទ្រដោយរដ្ឋនានា ជួយទិញទ្រព្យសកម្មមួយចំនួនរបស់ក្រុមហ៊ុន  Evergrande។

ក្រោយកិច្ចព្រមព្រៀងទិញលក់ភាគហ៊ុននេះ ភាគហ៊ុនរបស់ក្រុមហ៊ុន Evergrande នៅក្នុងធនាគារ Shengjing Bank នឹងត្រូវកាត់បន្ថយពី៣៤.៥%មកនៅត្រឹម១៤.៧៥%៕  Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here