ប្រធានCVEAបញ្ហាវិបត្តិបំណូលរបស់ក្រុមហ៊ុនអចលនទ្រព្យEvergrandeមិនជះឥទ្ឋិពលខ្លាំងមកលើទីផ្សារអចលនទ្រព្យនៅកម្ពុជា

0

        ដោយៈស៊ីវ ម៉េង

        ភ្នំពេញៈ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា(CVEA)លោកច្រឹក សុខនីមបានថ្លែងថា វិបត្តិបំណុលរបស់ក្រុមហ៊ុនអចលនទ្រព្យ លំដាប់យក្សរបស់ចិនEvergrande នឹងជះឥទ្ឋិពលខ្លះមកលើទីផ្សារកម្ពុជា ប៉ុន្តែមិនមានភាពធ្ងន់ធ្ងរទេ។

លោកបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី២៩ កញ្ញានេះថា លំហូរ​ទុនវិនិយោគផ្ទាល់ពីប្រទេសចិន មកកម្ពុជានឹងមានភាពយឺតយ៉ាវខ្លះ ប៉ុន្តែបើរដ្ឋាភិបាលកម្ពុជា ស្ថាប័នធនាគារនានានៅតែមានភាពបត់បែន និងបន្តផ្តល់ហិរញ្ញប្បទានបន្តទៀត វិស័យសេដ្ឋកិច្ចកម្ពុជានឹងបន្តមានភាពរីកចម្រើន។

លោកបន្តថា “ជាក់ស្តែងក្នុងវិបត្តិជំងឺកូវីដ១៩នេះ យើងនៅតែបន្តមានភាពរ៉ឹងមាំ ហើយបណ្តាប្រទេសនានា ក្នុងតំបន់អាស៊ានបានកោតសរសើរ ពីភាពធន់នៃសេដ្ឋកិច្ចកម្ពុជា”។លោកបន្តថា “បើក្រុមហ៊ុនធំៗនៅតែបន្តសកម្មភាពវិនិយោគ វានឹងជួយសេដ្ឋកិច្ចរបស់យើងឲ្យងើបឡើងលឿន”។

ធនាគារពិភពលោកបានព្យាករណ៍កាលពីម្សិលម៉ិញនេះថា សេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបានកំនើន៥,៥ភាគរយនៅឆ្នាំ២០២២ខាងមុខនេះ។

លោកច្រឹក សុខនីមបានបន្តថា ទោះជាយ៉ាងណាវិបត្តិរបស់ក្រុមហ៊ុនEvergrandeនឹងមិនអូសបន្លាយយូរពេកនោះទេ ដរាបណារដ្ឋាភិបាលចិនលូកដៃជួយលើការងារនេះ ហេតុនេះយើងរំពឹងថា វិបត្តិរបស់ក្រុមហ៊ុនដ៏ធំនេះ នឹងមិនអូសបន្លាយពេលយូរឡើយ។

យោងតាមសារព៌តមាន Reuters បានឲ្យដឹងថា រដ្ឋាភិបាលក្រុងប៉េកាំង កំពុងជំរុញឱ្យសហគ្រាសរដ្ឋ និងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលគាំទ្រដោយរដ្ឋនានា ជួយទិញទ្រព្យសកម្មមួយចំនួនរបស់ក្រុមហ៊ុន  Evergrande។

ក្រោយកិច្ចព្រមព្រៀងទិញលក់ភាគហ៊ុននេះ ភាគហ៊ុនរបស់ក្រុមហ៊ុន Evergrande នៅក្នុងធនាគារ Shengjing Bank នឹងត្រូវកាត់បន្ថយពី៣៤.៥%មកនៅត្រឹម១៤.៧៥%៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here