ដំណឹងល្អៈកំពង់ផែទេសចរណ៍លំដាប់អន្តរជាតិដ៏ស្រស់ស្អាតសម្រេចបាន៨៤ភាគរយហើយ

0

ដោយៈ គង់ សូរិយា

កំពតៈ នៅទីបំផុតកំពង់ផែទេសចរណ៍អន្តរជាតិ ក្នុងទឹកដីខេត្តកំពតសម្រេចបាន​វឌ្ឍនភាពល្អប្រសើរ ដោយការសាងសង់សម្រេចបាន៨៤ភាគរយហើយ ខណៈអគារទទួល​អ្នកដំណើរសម្រេចបាន៧៣ភាគរយ។

រដ្ឋមន្ត្រីទេសចរណ៍ លោកបណ្ឌិតថោង ខុនលើកឡើងយ៉ាងដូច្នេះ ក្នុងឱកាសដែលោក ព្រមទាំងលោក ជាវ តាយ អភិបាលខេត្តកំពត ដឹកនាំក្រុមការងារ និងមន្ត្រីរាជការចុះត្រួតពិនិត្យសកម្មភាពសាងសង់ “កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត” ដែលមានទីតាំងស្ថិតនៅស្រុកទឹកឈូ ខេត្តកំពត នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១កន្លងមកនេះ។

កំពង់ផែទេសចរណ៍អន្តរជាតិនេះ បានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ និងគ្រោងនឹងបញ្ចប់នៅដំណាច់ឆ្នាំ២០២១ ខាងមុខនេះ ។

គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិនេះ ជាគម្រោងហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ពន្ធទេស​ចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាបន្នក្នុងមហាអនុតំបន់មេគង្គ (GMS TIIG No. 3194-CAM (COL) ការសាងសង់កំពង់ផែនេះស្ថិតក្រោមការគ្រប់គ្រង ដោយអង្គភាពអនុវត្តអនុគម្រោងរបស់ក្រសួងសាធារណការ និងដឹកជញ្ចូន។

កំពង់ផែនេះ គឺជាកំពង់ផែទេសចរណ៍អន្តរជាតិ ដែលគ្រោងនឹងអាចផ្ទុកទេសចរ និងអ្នកដំណើរប្រមាណ១លាននាក់។ កំពង់ផែនេះមានរចនាសម្ពន្ធតាមស្តង់ដាអន្តរជាតិ និងជាកំពង់ផែសម្រាប់អ្នកដំណើរ (មិនមែនជាកំពង់ផែទំនិញឡើយ)។

កំពង់ផែនេះ នឹងក្លាយជាច្រកទ្វារអន្តរជាតិផ្លូវសមុទ្រយ៉ាងសំខាន់ តភ្ជាប់ការដឹកជញ្ជូនភ្ញៀវទេសចរ ទៅកាន់បណ្តាកោះនានានៅភាគខាងត្បូង និងតភ្ជាប់ខេត្តកំពត នៃប្រទេសកម្ពុជា ទៅកាន់ពិភពលោក។ តាមរយៈកំពង់ផែនេះ នឹងជួយជំរុញបន្ថែមការអភិវឌ្ឍទេសចរណ៍ និងផ្នែកពាក់ព័ន្ធនានានៅខេត្តកំពត រមណីយដ្ឋានភ្នំបូកគោ និងគោលដៅទេសចរណ៍តំបន់ឆ្នេរសមុទ្ររបស់កម្ពុជា។

លោកថោង ខុនបានបន្តទៀតថា កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត នឹងក្លាយជាច្រកទ្វារអន្តរជាតិផ្លូវសមុទ្រដ៏សំខាន់ ក្នុងការធានាសម្រួលដល់ប្រព័ន្ធគមនាគមន៍ជាតិ ក៏​ដូចជានឹងក្លាយជាមេដែកដ៏សំខាន់មួយទៀត ក្នុងការស្រូបទាញទេសចរជាតិ-អន្តរជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here