ដោយ៖ សុផារី
ប្រទេសថៃ: ក្រុមហ៊ុនអាកាសចរណ៍ Thai Lion Air (TLA) កំពុងបន្ថែមយន្តហោះជាច្រើនបន្ថែមទៀតក្នុងកងនាវារបស់ខ្លួននៅក្នុងឆ្នាំនេះ ខណៈការធ្វើដំណើរតាមអាកាសអន្តរជាតិរបស់ប្រទេសថៃកំពុងរៀបចំបើកដំណើរការឡើងវិញ។ នេះបើតាមការចុះផ្សាយរបស់កាសែត Bangkok Post នាថ្ងៃទី ៨ ខែតុលា នេះ។
លោក Aswin Yangkirativorn អគ្គនាយកក្រុមហ៊ុន Thai Lion Air បាននិយាយថា ផែនការពង្រីកបន្ថែមនេះសម្រាប់ការហោះហើរអន្តរជាតិនាពេលខាងមុខនេះ ដែលបច្ចុប្បន្ននេះការហោះហើរនៅតែអាស្រ័យលើកិច្ចព្រមព្រៀងទ្វេភាគីស្តីពីការធ្វើដំណើរតាមអាកាសដែលជាការដឹកនាំរបស់រដ្ឋាភិបាលតែប៉ុណ្ណោះ។
ថ្មីៗនេះ ក្រុមហ៊ុនអាកាសចរណ៍នេះបានទិញយន្តហោះ Airbus A320neo ចំនួនពីរគ្រឿង ដែលពេលនេះចំនួនយន្តហោះនៅក្នុងកងនាវាសរុបមានចំនួន ១០ ហើយក្រុមហ៊ុនមានគម្រោងទិញយន្តហោះប៊ូអ៊ីង ៧៣៧ ពីរគ្រឿងបន្ថែមទៀតនៅក្នុងឆ្នាំនេះ។
លោកបានបន្តថា ជនជាតិចិន ដែលជាទីផ្សារសំខាន់របស់ក្រុមហ៊ុនអាកាសចរណ៍រហូតដល់ ៦០ ភាគរយ មុនពេលមានជំងឺរាតត្បាត អាចនឹងមិនអាចធ្វើដំណើរទៅបរទេសបានទេ រហូតដល់ពាក់កណ្តាលឆ្នាំក្រោយ ខណៈពេលនេះរដ្ឋាភិបាលចិនផ្តោតលើវិស័យទេសចរណ៍ក្នុងស្រុកដូចគ្នា។
Thai Lion Air ត្រូវផ្តោតលើទីផ្សារក្នុងតំបន់រួមមាន ឥណ្ឌា ជប៉ុន តៃវ៉ាន់ និងសិង្ហបុរី ដែលបង្ហាញពីសញ្ញាជោគជ័យបន្ថែមទៀតទាក់ទងនឹងការតភ្ជាប់ឡើងវិញជាមួយប្រទេសថៃ។
Thai Lion Air គឺជាក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកមួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកចំនួន ៧ ដែលបានស្នើសុំប្រាក់កម្ចីចំនួន ៥ ពាន់លានបាតកាលពីឆ្នាំមុនដើម្បីជួយទ្រទ្រង់ដល់ការបើកប្រាក់ខែដល់កម្មករ ២៥០០ នាក់របស់ខ្លួន។
លោក Aswin បាននិយាយថា “ប្រសិនបើប្រទេសថៃអាចបើកដំណើរការឡើងវិញហើយជើងហោះហើរអន្តរជាតិកាន់តែច្រើនអាចដំណើរការបាននោះឧស្សាហកម្មអាកាសចរណ៍និងទេសចរណ៍នឹងមានភាពរឹងមាំឡើងវិញ”៕