ដោយ សុផារី
ភ្នំពេញ: មនុស្សទូទៅអាចយល់ច្រឡំថា បើពួកគេមានដី១ ដុំ ហើយពួកចង់សង់ផ្ទះ ឬអគារណាមួយនៅលើដីនោះ ពួកគេចង់សង់កម្ពស់ប៉ុន្មានជាន់ក៏បាន កុំឱ្យតែអគារនោះផុតចេញពីព្រំដី។ ប៉ុន្តែជាក់ស្ដែង គឺមិនត្រឹមត្រូវទេ។ ច្បាប់បានកំណត់យ៉ាងច្បាស់អំពីកម្រិតនៃកម្ពស់អគារ សមាមាត្រទៅនឹងទំហំដី ពិសេសនៅក្នុងទីក្រុង។
អនុក្រឹត្យលេខ៤២ អនក្រ.បក ស្តីពីនគរូបនីយកម្មរាជធានី ទីក្រុង និងទីប្រជុំជន ចុះខែមេសា ឆ្នាំ ២០១៥ បានកំណត់សមាមាត្រកម្រិតនៃកម្ពស់អគារ និងទំហំដីដូចក្រោម៖
១. តំបន់លំនៅឋានមានកម្ពស់ទាប
-សម្រាប់លំនៅឋានដាច់ពីគ្នា (ភូមិគ្រឹះ ឬពាក់កណ្តាលភូមិគ្រឹះ) ដីត្រូវមានទំហំយ៉ាងតិច ១០ ម៉ែត្រ គុណនឹង២០ ម៉ែត្រ
-សម្រាប់លំនៅឋានជាប់គ្នា (ផ្ទះល្វែង ឬផ្ទះជាប់គ្នា) ត្រូវមានដីទំហំយ៉ាងតិច ៤ម៉ែត្រ គុណនឹង១៥ ម៉ែត្រ
២. តំបន់លំនៅឋានមានកម្ពស់មធ្យម
-សម្រាប់អគារកម្ពស់ពី៣ ជាន់ ដល់៨ជាន់ ត្រូវមានដីយ៉ាងតិច ១៥ ម៉ែត្រ គុណនឹង២៥ ម៉ែត្រ
-សម្រាប់អគារកម្ពស់ពី ៩ ជាន់ ដល់១១ ជាន់ ទំហំដីត្រូវមានយ៉ាងតិច ២០ ម៉ែត្រ គុណនឹង៣០ ម៉ែត្រ
៣. តំបន់លំនៅឋានមានកម្ពស់ខ្ពស់
-សម្រាប់អគារមានកម្ពស់ចាប់ពី១២ ជាន់ ដល់១៨ជាន់ ដីត្រូវមានទំហំយ៉ាងហោច ១៥០០ ម៉ែត្រការ៉េ ឡើងទៅ
-សម្រាប់អគារដែលមានកម្ពស់ចាប់ពី ១៩ ជាន់ ឡើងទៅ ទំហំដីតម្រូវឱ្យមានទំហំចាប់ពី ៣០០០ ម៉ែត្រការ៉េ ឡើងទៅ
យ៉ាងណាមិញ ចំពោះសំណង់ដែលសង់មុនខែមេសា ឆ្នាំ២០១៥ ទោះជាមិនត្រឹមត្រូវបានការកំណត់នេះក្ដី ក៏មិនខុសច្បាប់ដែរ ព្រោះអនុក្រឹត្យមិនអនុវត្តថយក្រោយទេ។
យ៉ាងណាក្ដី អនុក្រឹត្យនេះ អនុវត្តសម្រាប់តែដីដែលស្ថិតក្នុងរាជធានី ទីក្រុង និងទីប្រជុំជន ប៉ុណ្ណោះ។ ដោយឡែក ដីដែលស្ថិតនៅក្រៅតំបន់ទាំង ៣ ខាងលើ នឹងត្រូវគ្រប់គ្រងដោយប្លង់គោលអភិវឌ្ឍដីនៃតំបន់នោះរៀងៗខ្លួន ឬអាស្រ័យទៅលើអាជ្ញាធរសុរិយោដីក្នុងតំបន់។
លើសពីនេះ ដីក្នុងរាជធានី ទីក្រុង និងទីប្រជុំជន ខ្លះក៏ត្រូវបានកំណត់ដោយច្បាប់ផ្សេងផងដែរអាស្រ័យលើតំបន់។ ម្យ៉ាងវិញទៀត ដីដែលស្ថិតនៅក្នុងតំបន់តំបន់ពាណិជ្ជកម្ម ឧស្សាហកម្ម និងកសិកម្ម ក៏ត្រូវកំណត់តាមរយៈបទបញ្ញត្តិដោយឡែកផងដែរ។
ដូច្នេះ ម្ចាស់ដីត្រូវពិនិត្យ និងសាកសួរអាជ្ញាធរសុរិយោដីឱ្យបានជាក់លាក់ មុននឹងសង់អគារ។ សំខាន់បំផុត គឺត្រូវដាក់ពាក្យសុំលិខិតអនុញ្ញាតសាងសង់ ក្នុងករណីសំណង់តម្រូវឱ្យមានលិខិតអនុញ្ញាតសាងសង់។
គួរបញ្ជាក់ថា ក្រៅពីសមាមាត្រកម្រិតកម្ពស់អគារ និងទំហំដី នៅក្នុងរាជធានី ទីក្រុង និងទីប្រជុំជន រដ្ឋក៏តម្រូវឱ្យម្ចាស់ដីទុកគន្លាតមុខ ក្រោយ និងចំហៀង អាស្រ័យទៅលើទំហំ និងកម្ពស់នៃសំណង់ផងដែរ៕