រដ្ឋាភិបាលត្រូវការទុនរហូតដល់ជាង៩០០០លានដុល្លារវិនិយោគលើហេដ្ឋា រចនាសម្ព័ន្ឋរយៈពេល៣ឆ្នាំ

0

         ដោយៈគង់ សិរីជេស៊ីកា

         ភ្នំពេញៈ តាមផែនការរដ្ឋាភិបាលកម្ពុជា ត្រូវការកញ្ចប់ថវិកាប្រមាណ៩២០១ លានដុល្លារអាមេរិក ដើម្បីអនុវត្តគម្រោងវិនិយោគ សាធារណៈសរុប៦៧៣គម្រោង ក្នុង​ចន្លោះឆ្នាំ២០២២ ដល់ឆ្នាំ២០២៤។

ក្នុងចំណោមទុនដ៏ច្រើននោះ មាន៤៤,២ភាគរយ ផ្តោតលើការវិនិយោគសម្រាប់ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ ក្នុងគម្រោងសរុបទាំងអស់ មាន១៨៥ គម្រោង ជាគម្រោងកំពុងដំណើរការ ដែលត្រូវការទុនវិនិយោគប្រមាណ ៥ ៨១៧ លានដុល្លារអាមេរិក និង ៤៨៨ គម្រោងទៀត ជាគម្រោងថ្មី ដែលត្រូវការទុនវិនិយោគប្រមាណ៣៣៨៤ លានដុល្លារអាមេរិក។

មកទល់ពេលនេះ រដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ បានសន្យាផ្តល់ទុនវិនិយោគរួចមកហើយចំនួន៧៧១៣,៣លានដុល្លារអាមេរិក ដែលក្នុងនោះពីរដ្ឋាភិបាលកម្ពុជាមានចំនួន ៤៧៧,១លានដុល្លារអាមេរិក និងពីដៃគូអភិវឌ្ឍន៍ចំនួន៧ ២៣៦,២ លានដុល្លារអាមេរិក។

កម្មវិធីវិនិយោគសាធារណៈ ជាគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ធ្វើឡើងក្នុងគោលបំណងក្នុងការអភិវឌ្ឍ និងកសាងប្រទេសអោយកាន់តែរីកចម្រើន លើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដើម្បីសម្រួលដល់ការវិនិយោគវិស័យឯកជន។

សេដ្ឋវិទូកម្ពុជា លោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា ដើម្បីឲ្យសេដ្ឋកិច្ចកម្ពុជា ឆ្ពោះទៅមុខកាន់តែលឿនថែមទៀត រដ្ឋាភិបាលត្រូវតែវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋធំៗ បើទោះវាចំណាយទុនច្រើន ប៉ុន្តែវាជារឿងចាំបាច់ដែលត្រូវធ្វើ ព្រោះហេដ្ឋារចនាសម្ព័ន្ឋជាសសៃឈាមសេដ្ឋកិច្ចជាតិ។

លោកបន្តថា “ហេដ្ឋារចនាសម្ព័ន្ឋជាបញ្ហាប្រឈមធំមួយ ក្នុងសេដ្ឋកិច្ចកម្ពុជា ហេតុនេះទើបរដ្ឋាភិបាលត្រូវវិនិយោគ​ច្រើនលើវិស័យនេះ”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here