ដោយៈសារព៌តមានបរទេស
អន្តរជាតិៈ បញ្ហាវិវាទលើភូមិសាស្រ្តនយោបាយ បាននិងកំពុងដុតកំដៅរវាងសាធារណៈរដ្ឋចិន និងកោះតៃវ៉ាន់ ដែលបច្ចុប្បន្នសហរដ្ឋអាមេរិក និងសម្ព័ន្ឋមិត្តហាក់ព្យាយាមបង្ហាញថា ខ្លួនកំពុងគាំទ្រ និងការពារកោះតៃវ៉ាន់។
សំណួរនៅតែចោទសួរដដែលៗថា តើសហរដ្ឋអាមេរិកនឹងលូកដៃចូលក្នុងសង្រ្គាមជាមួយចិន ដើម្បីការពារកោះតៃវ៉ាន់ដែរឬទេ? នេះគឺជាសំណួរដែលគេតែងតែចោទសួរជារឿយៗ នៅពេលទំនាក់ទំនងរវាងចិន និងតៃវ៉ាន់ធ្លាក់ចុះដុនដាបម្ដងៗ។
ចម្លើយនៃសំណួរនេះ បានស្ថិតនៅក្នុងស្រពិចស្រពិល អស់រយៈពេលរាប់ទសវត្សរមកហើយ តែបច្ចុប្បន្នហាក់ដូចជាកាន់តែ ជិតត្រូវបានលាតត្រដាងបន្តិចម្ដងៗ។
កាលពីសប្ដាហ៍មុន ចិនបានបញ្ជូនយន្ដហោះចម្បាំងជិត១៥០គ្រឿង ចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណដែនការពារអាកាសតៃវ៉ាន់ ក្នុងពេលតែមួយដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តចំនួន៥ រួមមាន ទាំងជប៉ុន និងអង់គ្លេសដឹកនាំការធ្វើសមយុទ្ធយោធាជើងទឹកទ្រង់ទ្រាយធំ មិនធ្លាប់មាននៅឯតំបន់ប៉ាស៊ីហ្វិកខាងលិច។
ការសម្ញែងសាច់ដុំយោធា ដាក់គ្នានេះត្រូវបានអមជាមួយវោហារសាស្ត្រប្រឈមមុខដាក់គ្នាពីភាគីទាំងសងខាង ដោយប្រធានាធិបតីចិន លោក ស៊ី ជិនពីងកាលពីចុងសប្ដាហ៍កន្លងទៅនេះបានសន្យាថា នឹងសម្រេចឱ្យបាននូវការបង្រួបបង្រួមជាតិជាមួយកោះតៃវ៉ាន់ យ៉ាងពេញលេញដោយសន្តិវិធី។ ប៉ុន្តែខណៈការចុះចាញ់ ឬចុះញ៉មដោយស្ម័គ្រចិត្តរបស់តៃវ៉ាន់ មើលទៅដូចជានឹងមិនអាចកើតឡើង ការបង្រួបបង្រួមដែលលោកស៊ី ជិនពីងបានសន្យា ប្រហែលជាមានតែការប្រើប្រាស់កម្លាំងយោធាតែប៉ុណ្ណោះ។
ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA កាលពីពេលថ្មីៗនេះបានបង្កើតអង្គភាពថ្មីមួយមានឈ្មោះថា “មជ្ឈមណ្ឌលបេសកកម្មចិន ឬ China Mission Center” ជាមួយការចាត់ទុកចិនថា ជាការគំរាមកំហែងភូមិសាស្ត្រនយោបាយដ៏ធំបំផុត ដែលសហរដ្ឋអាមេរិក ត្រូវប្រឈមនៅក្នុងស.វទី២១នេះ។
ភារកិច្ចសំខាន់មួយរបស់អង្គភាពមួយនេះ នោះគឺកំណត់ឱ្យច្បាស់ពីចេតនារបស់ចិនចំពោះកោះតៃវ៉ាន់។
ជុំវិញចេតនារបស់ចិននេះដែរ រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ លោក ឈៀវ គូ ឈិន (Chiu Kuo-cheng) បានព្រមានជាសាធារណៈ កាលពីសប្ដាហ៍មុនថា ចិនអាចនឹងប្រើកម្លាំងយោធា វាយយកកោះតៃវ៉ាន់នៅឆ្នាំ២០២៥ខាងមុខនេះ ហើយថែមទាំងបានពិពណ៌នាថា ស្ថានភាពតំបន់ច្រកសមុទ្រតៃវ៉ាន់ នាពេលបច្ចុប្បន្នមានគ្រោះថ្នាក់បំផុតក្នុងរយៈពេល៤០ឆ្នាំមកនេះទៀតផង។
បើតាមក្រុមអ្នកជំនាញ បរិយាកាសនយោបាយ និងប្រតិកម្មរបស់ប្រជាជនទាំងក្នុងប្រទេសចិន និងសហរដ្ឋអាមេរិក នឹងមានឥទ្ធិពលទៅលើការសម្រេចចិត្តរបស់មេដឹកនាំនៃប្រទេសទាំង២។ នៅក្នុងប្រទេសចិន គំនិតស្នេហាជាតិ និងជាតិនិយមបានកើនឡើងជាលំដាប់ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលគេអាចមើលឃើញ តាមរយៈការផលិតខ្សែភាពយន្ដបែបស្នេហាជាតិ។
តួយ៉ាងដូចជាខ្សែភាពយន្ដមានចំណងជើងថា “សមរភូមិនៅបឹងចាងជីន ឬ The Battle at Lake Changjin” ជាដើមដែលនិយាយពីជ័យជម្នះ របស់កងទ័ពចិនលើកងទ័ពអាមេរិក នៅក្នុងសង្រ្គាមកូរ៉េ។
ចំណែកឯ នៅសហរដ្ឋអាមេរិកវិញ នៅក្នុងឆ្នាំ២០២១នេះ ការស្ទង់មតិជាច្រើនបានបង្ហាញថា ប្រជាជនអាមេរិក៦៧ភាគរយ មើលមកចិនក្នុងក្រសែភ្នែក “អវិជ្ជមាន” ធៀបទៅនឹង ឆ្នាំ២០១៨ មានតែ៤៦ភាគរយប៉ុណ្ណោះ។ ការស្ទង់មិតកាលពីខែសីហា ឆ្នាំ២០២១នេះ ក៏បានបង្ហាញដែរថាប្រជាជនអាមេរិក៥២ភាគរយ គាំទ្រឱ្យកងទ័ពអាមេរិកលូកដៃចូលជួយកោះតៃវ៉ាន់ នៅក្នុងករណីមានការវាយប្រហារពីចិន។
រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន ជឿជាក់យ៉ាងមុតមាំនៅក្នុងចិត្តថា ចិនមានមហិច្ឆតាដណ្ដើមតំណែង ជាមហាអំណាចយោធា និងសេដ្ឋកិច្ចលេខ១ នៅលើពិភពលោកពីសហរដ្ឋអាមេរិក ដែលនេះតម្រូវឱ្យអាមេរិក ត្រូវតែចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់់។
មែនទែនទៅ សហរដ្ឋអាមេរិកខ្លួនឯងដឹងច្បាស់ជាងនរណាៗទាំងអស់ថា“ថ្ងៃដែលចិន វាយកាន់កាប់បានកោះតៃវ៉ាន់ដោយជោគជ័យ វាក៏ជាថ្ងៃបិទបញ្ចប់ការគ្រប់គ្រងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិករបស់អាមេរិកផងដែរ”។ ដូច្នេះបើសង្រ្គាមផ្ទុះឡើងមែន អាមេរិកមិនមែនត្រឹមតែជួយតៃវ៉ាន់ប៉ុណ្ណោះទេ តែអ្វីដែលអាមេរិកត្រូវតែជួយ នោះគឺអំណាចរបស់ខ្លួននៅក្នុងតំបន់។
មកទល់នឹងពេលនេះ សហរដ្ឋអាមេរិកនៅតែដើរតាម “យុទ្ធសាស្ត្រមិនឱ្យគេស្មានដឹងចិត្ត” ដោយមិននិយាយថា នឹង ឬមិនធ្វើអន្តរាគមន៍យោធាចូលជួយតៃវ៉ាន់ នោះទេ ដើម្បីរារាំងកុំឱ្យចិនប្រើកម្លាំងយោធាលើតៃវ៉ាន់។ តែយ៉ាងណាក៏ដោយ វានៅតែមានការព្រួយបារម្ភ ក្នុងចំណោមក្រុមមន្ត្រីអាមេរិកថា ទីក្រុងប៉េកាំងអាចនឹងផ្លាស់ប្ដូរ ការគិតដោយយល់ថា អាមេរិកនឹងមិនចូលជួយតៃវ៉ាន់ឡើយ ហើយការយល់ឃើញបែបនេះ គឺចិនយកការដួលរលំរបស់អាហ្វហ្កានីស្ថាន មកធ្វើជាឧទាហរណ៍។
កាលពីសប្ដាហ៍មុន ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានព្រមានថា វាជាកំហុសឆ្គងដ៏ធំមួយសម្រាប់បណ្ដាប្រទេសដទៃ ដែលយកមេរៀនរបស់អាមេរិក នៅអាហ្វហ្កានីស្ថានទៅធ្វើការសន្និដ្ឋានណាមួយ។
ការលើកឡើងបែបនេះរបស់លោក Sullivan បានឆ្លុះបញ្ចំងយ៉ាងច្បាស់ពីការព្រួយបារម្ភរបស់ទីក្រុងវ៉ាស៊ីនតោនថា ចិនអាចនឹងធ្វើការសន្មត់ថា អាមេរិកនឹងមិនចូលជួយកោះតៃវ៉ាន់ ស្របពេលគំនិតយល់ថា ចិនអាចនឹងឈ្នះសង្រ្គាមវាយយកកោះតៃវ៉ាន់ កាន់តែរីកដុះដាលនៅក្នុងទីក្រុងប៉េកាំង។
កោះតៃវ៉ាន់ស្ថិតនៅចម្ងាយតែ ១៦១គីឡូម៉ែត្រប៉ុណ្ណោះ ពីតំបន់ឆ្នេររបស់ចិន ដែលទីតាំងភូមិសាស្ត្រ នៅជិតបង្កើយនេះហាក់ដូចជាអំណោយផលដល់ចិន ជាងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត។ ពោលគឺ ចិនអាចបិទផ្លូវទឹកចេញចូល ហើយងាយស្រួលដាក់ពង្រាយកងកុម្ម៉ង់ដូរពិសេស ដែលទទួលបន្ទុកធ្វើឱ្យប្រព័ន្ធមីស៊ីល ឬក៏ហេដ្ឋារចនាសម្ព័ន្ធនានារបស់តៃវ៉ាន់ គាំងដំណើរការណ៍ និងចាប់ខ្លួនថ្នាក់ដឹកនាំតៃវ៉ាន់ជាដើម។
ខណៈសហរដ្ឋអាមេរិកដើរតាម “យុទ្ធសាស្ត្រមិនឱ្យគេស្មានដឹងចិត្ត” ចិនក៏បានអនុវត្តយុទ្ធសាស្ត្រនេះដូចគ្នាដែរ ដោយពេលខ្លះចិនព្រមានធ្វើសង្រ្គាម និងពេលខ្លះ ក៏ប្រើប្រាស់ភាសាការទូតទន់ភ្លន់ អំពាវនាវឱ្យមានការបង្រួបបង្រួមជាតិជាមួយតៃវ៉ាន់ដោយសន្តិវិធី។
ធ្វើបែបនេះគឺចិនចង់ឱ្យអាមេរិក និងតៃវ៉ាន់ស្មានដោយខ្លួនឯងថា តើសង្រ្គាមនឹងផ្ទុះឡើង នៅពេលណា និងកើតឡើងយ៉ាងដូចម្ដេច? យុទ្ធសាស្ត្របែបនេះបានបង្ហាញយ៉ាងច្បាស់ តាមរយៈការបដិសេធរបស់ចិន ក្នុងការភ្ជាប់ខ្សែទូរស័ព្ទបន្ទាន់ជាមួយយោធាអាមេរិក ដោយចិនចង់ឱ្យសហរដ្ឋអាមេរិកស្មានដោយខ្លួនឯងដូចគ្នា៕
ប្រភព៖ Financial Times (ថ្ងៃអង្គារ ទី១២ ខែតុលា ឆ្នាំ២០២១)៕