ឥណ្ឌូនេស៊ី គ្រោងវិនិយោគក្នុងមួយឆ្នាំៗចំនួន២០០ពាន់លានដុល្លារ សម្រាប់កម្មវិធីកាត់បន្ថយការបំភាយឧស្ម័ន

0

ដោយ សុខុម

ហ្សាការតា: ប្រទេសឥណ្ឌូនេស៊ី នឹងចាំបាច់ត្រូវវិនិយោគក្នុងមួយឆ្នាំៗចន្លោះពី១៥០ពាន់លានដុល្លារ ទៅ ២០០ពាន់លានដុល្លារ លើកម្មវិធីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់សម្រាប់រយៈពេល៩ឆ្នាំខាងមុខដើម្បីសម្រេចគោលដៅកាត់បន្ថយការបំភាយឧស្ម័នឱ្យមកនៅកម្រិតសូន្យត្រឹមឆ្នាំ២០៦០ ឬឆាប់ជាងនេះ។ នេះបើយោងតាមរបាយការណ៍សិក្សាថ្មីមួយរបស់រដ្ឋាភិបាលដែលបានចេញផ្សាយកាលពីថ្ងៃពុធ ទី១៣ តុលា។

កាលពីពេលថ្មីៗនេះ ឥណ្ឌូនេស៊ី ដែលជាប្រទេសបំភាយឧស្ម័នផ្ទះកញ្ចក់ធំជាងគេទី៨ លើពិភពលោកបានបម្រួមគោលដៅកាត់បន្ថយការបំភាយឧស្ម័នឱ្យមកនៅកម្រិតសូន្យនៅត្រឹមឆ្នាំ២០៦០ ជំនួសឱ្យឆ្នាំ២០៧០ ដែលខ្លួនបានកំណត់ដំបូង។

នៅក្នុងការសិក្សាស្រាវជ្រាវដែលធ្វើឡើងដោយក្រសួងផែនការនេះ អាជ្ញាធរបានរកឃើញថា ការផ្លាស់ប្តូរសេដ្ឋកិច្ចដើម្បីសម្រេចគោលដៅថ្មីនេះនឹងត្រូវចំណាយក្នុងមួយឆ្នាំៗចំនួន២០ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២១ និងឆ្នាំ២០២២ ហើយនឹងត្រូវចំណាយជាមធ្យមចន្លោះពី១៥០ទៅ២០០ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំចន្លោះពីឆ្នាំ២០២១ ដល់ឆ្នាំ២០៣០ ឬស្មើ៣.៤%ទៅ៤,៥%នៃផលិតផលក្នុងស្រុកសរុប (GDP)។

របាយការណ៍នេះបញ្ជាក់ថា ដើម្បីផ្តល់ហិរញ្ញប្បទានដល់កម្មវិធីនេះ រដ្ឋាភិបាលត្រូវបញ្ឈប់ការផ្ដល់ឧបត្ថម្ភធនសម្រាប់គម្រោងឥន្ធនៈហ្វូស៊ីល និងលៃបែងចែកការវិនិយោគមួយចំនួនឡើងវិញដើម្បីបង្កើតប្រាក់ចំណូលពីពន្ធលើការបំភាយឧស្ម័នផ្ទះកញ្ចក់ដែលបានអនុម័តកាលពីពេលថ្មីៗនេះ។

អាជ្ញាធរក៏រំពឹងដែរថា ហិរញ្ញប្បទានពី REDD+ និងម្ចាស់ជំនួយទ្វេភាគី ព្រមទាំងពហុភាគីធំៗនឹងជួយឱ្យឥណ្ឌូនេស៊ី ស្តារ និងការពារព្រៃឈើ តំបន់វាលទំនាបលិចទឹក និងព្រៃកោងកាងដោយជោគជ័យ ហើយទទួលបានហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ធនាគារពិភពលោក (World Bank) និងស្ថាប័នផ្តល់ប្រាក់កម្ចីពហុភាគីផ្សេងទៀត។

របាយការណ៍នេះក៏បានកត់សម្គាល់ផងដែរថា ប្រទេសឥណ្ឌូនេស៊ី ចាំបាច់ត្រូវការទាក់ទាញការវិនិយោគផ្នែកឯកជនមកលើរោងចក្រថាមពលកកើតឡើងវិញ។

លោក Arifin Rudiyanto រដ្ឋលេខធិការផែនការបានលើកឡើងថា ប្រទេសឥណ្ឌូនេស៊ី គួរតែឈានដល់គោលដៅរបស់ខ្លួនដើម្បីក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅត្រឹមឆ្នាំ២០៤៥ តាមរយៈការវិនិយោគលើវិធានការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here