រដ្ឋាភិបាលប្រមូលចំណូលពន្ធបានជិត៤ពាន់លានដុល្លារអាមេរិកក្នុងដំណាច់ ត្រីមាសទី៣

0

         ដោយៈលក្ខិណា

ភ្នំពេញៈ បើទោះបីជាកម្ពុជាប្រឈមនឹងបញ្ហា ដោយសារតែជំងឺកូវីដ១៩យ៉ាងណាក៏ដោយ ក៏កម្ពុជានៅតែទទួលបានចំណូលពីពន្ធដារ និងពន្ធគយប្រមាណជាង៣៨០០លានដុល្លារអាមេរិក ដែលធ្វើឱ្យកម្ពុជានៅតែមានលទ្ធភាព ក្នុងការគ្រប់គ្រងចំណូលចំណាយរបស់ខ្លួនដោយប្រសិទ្ធភាព។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋករនៅថ្ងៃទី១៥តុលា២០២១នេះឱ្យដឹងថា រយៈពេល៩ខែដើមឆ្នាំ២០២១នេះ អគ្គនាយកគយនិងរដ្ឋាករកម្ពុជាប្រមូលចំណូលពន្ធ បានប្រមាណជិត១៧០០លានដុល្លារអាមេរិក ក្នុងនោះចំណូលបានមកពីការនាំចូលយានយន្ត មាន៤១,៩ភាគរយនៃចំណូលសរុប ទំនិញចម្រុះមានអត្រាប្រមាណ២៨,៣ផាគរយនៃចំណូលសរុប ផលិតផលតេលសិលាមាន២៣,៥ភាគរយ និងសម្ភារៈសំណង់ និងកម្រៃផ្សេងៗមាន៦,៣ភាគរយនៃចំណូលសរុប។

ក្រលេកទៅមើលអគ្គនាយកដ្ឋានពន្ធដារឯណោះវិញ ក្នុងរយៈពេល៩ខែនេះដែរ ក៏រកចំណូលបានជាង២១០០លានដុល្លារអាមេរិកផងដែរ ដោយសម្រេច៩៤,១២ភាគរយនៃផែនការច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ធៀបនឹងចំណូលពន្ធអាករក្នុងរយៈបេលដូចគ្នាក្នុងឆ្នាំ២០២០ឃើញថាថយចុះប្រមាណ៦,០៥ភាគរយ ។

តាមរយៈចំណូលនេះដែរ នឹងធ្វើឱ្យកម្ពុជានៅតែអាចគ្រប់គ្រងការចំណាយដ៏ច្រើនរបស់ខ្លួននៅក្នុងវិបត្តិកូវីដ១៩ ដែលត្រូវបង្កើនការចំណាយច្រើន ជាងឆ្នាំ២០២០កន្លងមក ជាពិសេសការចំណាយទៅលើការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ និងការជួយសង្គ្រោះប្រជាពលរដ្ឋ ដើម្បីកុំឱ្យធ្លាក់ទៅរកភាពក្រីក្រ ដោយសារតែវិបត្តិកូវីដ១៩តាមរយៈការដាក់ចេញ នូវវិធានការជំនួយសង្គ្រោះបន្ទាន់ ។

ក្រៅពីចំណូលទាំងនេះ កម្ពុជាក៏មានចំណូលពីប្រភពផ្សេងទៀត ដើម្បីទប់ទល់នឹងការចំណាយ ហើយទោះបីជាជាមានការចំណាយខ្ពស់បែបនេះ ក្ដីក៏កម្ពុជានៅតែមានកញ្ចប់ថវិកា សម្រាប់អភិវឌ្ឍន៍សាងសង់ហេដ្ឋារចនាសម្ព័ន្ធ ជាបន្តបន្ទាប់ទៅតាមផែនការរបស់ខ្លួនដដែល ជាក់ស្ដែងនៅក្នុងវិបត្តិនេះដែរ កម្ពុជានៅតែបន្តអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទូទាំងប្រទេស និងសម្រួលដល់ការធ្វើដំណើររបស់ទេសចរក៏ដូចជាវិនិយោគិនជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here