រដ្ឋាភិបាលបានអនុវត្តន៍ផែនការអាទិភាពចំនួន៤ដើម្បីធានាការប្រើប្រាស់សេវាទូរគមនាគមន៍មានគុណភាពល្អ

0

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍លោកជា វ៉ាន់ដេតបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានកំពុងអនុវត្តន៍ផែនការសកម្មភាពចំនួន៤ ដើម្បីធានាឱ្យបាននូវការប្រើប្រាស់សេវាទូរគមនាគមន៍ដែលមានតម្លៃសមរម្យ គុណភាពល្អ និងប្រកបដោយបរិយាបន្ន។

លោករដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានថ្លែងបែបនេះ ក្នុងពេល ចូលរួមវេទិកាសហភាពទូរគមនាគមន៍អន្តរជាតិ ពិភពលោកឌីជីថល ២០២១ (ITU Digital World 2021) តាមរយៈប្រព័ន្ធសន្និសីទវីដេអូ ក្រោមប្រធានបទស្ដីពី ”ការកាត់បន្ថយចំណាយ តើការប្រើប្រាស់បច្ចេកវិទ្យា ដែលមានតម្លៃសមរម្យ អាចពន្លឿនបរិវត្តកម្មឌីជីថលបានដែរឬទេ?”។

លោកបន្តថា ទូរគមនាគមន៍ដែលមានតម្លៃសមរម្យ គុណភាពល្អ និងប្រកបដោយបរិយាបន្ន រួមមាន ទី១. ការពង្រីកហេដ្ឋារចនាសម្ព័ន្ធឆ្អឹងខ្នង ទី២. ច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពី ការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍រួម និងគុណភាពសេវា ទី៣. ក្របខណ្ឌគោលនយោបាយស្តីពីសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៣៥ និងសេចក្តីព្រាងគោលនយោបាយរដ្ឋាភិបាលឌីជីថល និងទី៤. ការកសាងសមត្ថភាពលើជំនាញឌីជីថល។

វេទិកានេះ ជាប្រព្រឹត្តិការណ៍ប្រចាំឆ្នាំ រៀបចំឡើងដោយសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) ដែលមានការអញ្ជើញចូលរួមពី លោក Houlin Zhao អគ្គលេខាធិការសហភាពទូរគមនគមន៍អន្តរជាតិ (ITU) មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល បណ្តាប្រទេសជាសមាជិក អ្នកស្រាវជ្រាវ ព្រមទាំងប្រតិបត្តិករទូរគមនាគមន៍ ធំៗមកពីជុំវិញពិភពលោក។

ការរៀបចំព្រឹត្តិការណ៍នេះឡើង គឺមានគោលបំណងលើកកម្ពស់ការតភ្ជាប់ប្រកប​ដោយប្រសិទ្ធភាព ក្នុងការចូលរួមយ៉ាងសំខាន់ សម្រាប់បរិវត្តកម្មឌីជីថល និងពិភាក្សាពីបញ្ហាប្រឈមធំៗមួយចំនួន ដើម្បីទទួលយកការប្រើប្រាស់អ៊ីនធឺណិត សម្រាប់ប្រជាជនទូទៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here