ដោយៈ សុផារី
សៀមរាបៈ លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាបបានមានប្រសាសន៍ថា រដ្ឋបាលខេត្តសៀមរាប គ្រោងនឹងបើកឲ្យដំណើរការផ្សារសំខាន់ៗចំនួន៣ទីតាំង នៅក្នុងក្រុងសៀមរាបឡើងវិញនាពេលឆាប់ៗខាងមុខនេះ។
ផ្សារសំខាន់ៗទាំងនោះរួមមាន៖ ផ្សារសាមគ្គី-ហ៊ុយគាំង ផ្សារលើធំថ្មី និងផ្សារសម្តេចតេជោ ហ៊ុន សែន ដើមក្រឡាញ់ ក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីមានការបិទខ្ទប់ជាច្រើនលើកនិងជាច្រើនសប្តាហ៍ កន្លងមកហើយនោះ។
លោកនួន ពុទ្ធារ៉ា មានប្រសាសន៍យ៉ាងដូច្នេះក្នុងឱកាសអមដំណើរលោក ទៀ សីហា អភិបាលខេត្តសៀមរាប ក្នុងការដឹកនាំក្រុមការងារចម្រុះ ចុះត្រួតពិនិត្យនិងវាយតម្លៃស្ថានភាពទីតាំងផ្សារទាំងនោះ កាលពីរសៀលថ្ងៃទី១៦ ខែតុលា ខណៈពេលដែលទីតាំងផ្សារទាំងនេះ បាននឹងកំពុងដំណើរការសាកល្បងជាបណ្តោះអាសន្ន អស់រយៈពេល៣ថ្ងៃកន្លងមកហើយនោះ។
លោកអភិបាលក្រុងសៀមរាបមានប្រសាសន៍ទៀតថា ការបើកឲ្យដំណើរការឡើងវិញនេះ គឺដោយសារតែបានពិនិត្យឃើញថា៣ថ្ងៃកន្លងមក ក្នុងការបើកឲ្យដំណើរការសាកល្បង ទីតាំងផ្សារទាំងនោះអនុវត្តល្អ តាមការណែនាំរបស់ក្រុមការងារ ហើយអត្រាខ្ពស់នៃប្រជាជន ដែលបានទទួលការចាក់វ៉ាក់សាំងបង្ការឆ្លងកូវីដ-១៩ គឺជាឋាមពលមួយផ្នែក ក្នុងការជំរុញឲ្យមានការសម្រេចចិត្ត ក្នុងការប្រើប្រាស់យន្តការបើកចរន្តសេដ្ឋកិច្ចគ្រួសារពលរដ្ឋ និងសហគមន៍ជាបណ្តើរៗឡើងវិញ ។
លោកទៀ សីហា អភិបាលខេត្តសៀមរាបបានមានប្រសាសន៍ថា ក្នុងគោលបំណងចង់ឲ្យផ្សារទាំងនេះ បានដំណើរការឡើងវិញកន្លងមកនេះ ក្រុមការងារចម្រុះបានចុះណែនាំ និងផ្សព្វផ្សាយដល់អាជីវករឲ្យបានយល់ និងបានដឹងអំពីអត្ថប្រយោជន៍នៃការប្រើប្រាស់ប្រព័ន្ធស្កែន QR Code ព្រោះវាជាជំនួយដល់ការគ្រប់គ្រង និងតាមដានការរាតត្បាតនៃជំងឺកូវីដ-១៩ អាចនឹងច្បាស់លាស់ក្នុងការកំណត់តូប ឬទីតាំងពាក់ព័ន្ធ ដើម្បីជៀសវាងការបិទផ្សារទាំងមូល ក្នុងករណីជួបប្រទះករណីឆ្លងជាយថាហេតុនោះ។
លោកថា នេះគឺជាយន្តការថ្មីមួយទៀត ជួយសម្រួលឲ្យអាជីវកម្មផ្តល់កិច្ចសហការជាមួយក្រុមការងារ បង្កើនភាពរហ័សទាន់សភាពការណ៍ ក្នុងការស្វែងរកអ្នកដែលពាក់ព័ន្ធ។ សំខាន់ជាងនេះ គឺក្រុមការងារបានណែនាំឲ្យមានការរៀបចំ សណ្តាប់ធ្នាប់ក្នុងផ្សារឡើងវិញ ស្របតាមវិធានការរបស់រាជរដ្ឋាភិបាល ៣ការពារ និង៣កុំ វិធានសុវត្ថិភាពនានាដែលដាក់ចេញដោយក្រសួងសុខាភិបាល និងការប្រតិបត្តិលើការរៀនរស់តាមគន្លងថ្មីនៃបរិបទកូវីដ-១៩។
លោកអភិបាលខេត្តសៀមរាប មានប្រសាសន៍ទៀតថា អត្រាភាគរយនៃចំនួនប្រជាជនខេត្តសៀមរាប ដែលទទួលបានការចាក់វ៉ាក់សាំងបង្ការ គឺជាភាពកក់ក្តៅមួយដែលជម្រុញឲ្យរដ្ឋបាលខេត្ត ប្រើប្រាស់យន្តការបង្ហើបឲ្យមានដង្ហើម នៃចរន្តសេដ្ឋកិច្ចឡើងវិញ ដោយការចាប់ផ្តើមចេញ ពីដំណោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ របស់គ្រួសារប្រជាពលរដ្ឋ និងសហគមន៍។ ការរៀនរស់ជាមួយកូវីដ-១៩ គឺជាកម្រាលផ្លូវឆ្ពោះទៅរកគោលដៅមួយ ដែលនៅទីនោះយើងនឹងអាចនិយាយបានថា កូវីដ១៩ វាគ្រាន់តែជាវិបត្តិមេរៀនរបស់អតីតកាលតែប៉ុណ្ណោះ៕