ដោយៈវឌ្ឍនៈ
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាបានចាប់ផ្ដើមបើកទូលាយ និងបានប្រកាសពីការបើកដំណើរការឡើងវិញ នូវប្រព័ន្ធស្នើសុំលិខិតបញ្ជាក់លើការធានា និងលិខិតបញ្ជាក់លើការអញ្ជើញសម្រាប់អ្នកដំណើរការជាវិនិយោគិន និងបុគ្គលិកជំនាញបច្ចេកទេស។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១៧ តុលា ២០២១កន្លងទៅនេះ ឱ្យដឹងថាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានសហការជាមួយអនុគណៈកម្មការទី២ នៃគណៈប្រចាំការនៃគណៈកម្មការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក្រសួងសុខាភិបាលនិងក្រសួងស្ថាប័នពាក់ព័ន្ធ នឹងដាក់ដំណើរការឱ្យប្រើប្រាស់ជាផ្លូវការឡើងវិញ នូវប្រព័ន្ធស្នើសុំលិខិតបញ្ជាក់លើការធានា និងលិខិតបញ្ជាក់ការអញ្ជើញក្នុងគោលដៅគាំទ្រ និងសម្រួលដល់របបនៃការធ្វើចត្តាឡីស័ក ដល់អ្នកដំណើរការបរទេស ដែលជាវិនិយោគិន បុគ្គលិកជំនាញបច្ចេកទេស និងក្រុមគ្រួសារចូលមកក្នុងប្រទេសកម្ពុជា ដោយចាប់ផ្ដើមអនុវត្តពីថ្ងៃទី១៨ខែតុលា ២០២១នេះតទៅ ។
យន្តការនៃការធានានិងអញ្ជើញនេះ ធ្វើឡើងនៅលើថ្នាល់ផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX) តាមរយៈគេហទំព័រ www.registrationservices.gov.kh ។ អ្នកដំណើរជាជនជាតិខ្មែរ និងបរទេសដែលជាវិនិយោគិន បុគ្គលិកជំនាញបច្ចេកទេស និងក្រុមគ្រួសារ ត្រូវមានការធានា ឬអញ្ជើញពីដៃគូក្នុងស្រុក ដែលជានីតិបុគ្គលស្របច្បាប់ មានការចុះបញ្ជី និងបង់ពន្ធត្រឹមត្រុវនៅកម្ពុជា ។
លិខិតបញ្ជាក់ទាំងពីរប្រភេទមានសុពលភាព៣០ថ្ងៃ ដែលអាចប្រើប្រាស់បានតែ១ដងគត់ និងមានទម្រង់ឌីជីថល ដែលអ្នកដំណើរអាចទាញយកនិងបោះពុម្ពបានដោយខ្លួនឯងតាមគេហទំព័រខាងលើ មុនធ្វើដំណើរមកកម្ពុជា។
វិនិយោគិននិងអ្នកជំនួញកម្ពុជា បានបង្ហាញពីក្ដីសាទរចំពោះចំណាត់ការ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបើកទូលាយនូវដំណើរការសេដ្ឋកិច្ចកម្ពុជាឡើងវិញ ជាមួយនឹងវិធានការការពារជំងឺកូវីដ១៩។ ចំណែកអាជីវករក្នុងស្រុកវិញ ក៏បានបង្ហាញពីការសាទរនិងត្រៀមខ្លួន ក្នុងការបើកដំណើរការអាជីវកម្មរបស់ខ្លួន ដែលបានបិទអស់រយៈពេលជាយូរខែមកហើយផងដែរ៕