ដោយៈសុខុម
សឹង្ហបុរី: ការនាំចេញទំនិញប្រើប្រាស់ក្នុងផ្ទះ ដែលមិនមែនជាប្រេង (NODX) របស់សិង្ហបុរី ទទួលបានកំណើន១២.៣%ក្នុងខែកញ្ញា នេះហើយនេះបង្ហាញពីកំណើនដែលទទួលបានរយៈពេល១០ខែជាប់ៗគ្នាគួរឱ្យអបអរសាទរ។
យោងតាមទិន្នន័យចេញផ្សាយដោយ Enterprise Singapore ដែលជាទីភ្នាក់ងាររដ្ឋាភិបាល ស្ថិតក្រោមចំណុះក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មនៅថ្ងៃច័ន្ទ ទី១៨ តុលា នេះបង្ហាញថា ទំនិញមិនមែនអេឡិចត្រូនិកទទួលបានកំណើនភាគច្រើន ហើយទន្ទឹមនេះការនាំចេញគ្រឿងអេឡិចត្រូនិកក៏បានកើនឡើងដែរ។
ការនាំចេញគ្រឿងអេឡិចត្រូនិក បានកើនឡើង១៤,៤%ក្នុងខែកញ្ញា ដែលជំរុញដោយការនាំចេញបន្ទះឈីប កុំព្យូទ័រផ្ទាល់ខ្លួន និងឧបករណ៍ទូរគមនាគមន៍។
ការនាំចេញផលិតផល មិនមែនគ្រឿងអេឡិចត្រូនិក បានកើនឡើង១១,៧%ក្នុងខែកញ្ញា ធៀបនឹងឆ្នាំមុនដែលនាំមុខដោយគីមីឥន្ធនៈ គ្រឿងចក្រ និងឱសថ។
ទីភ្នាក់ងាររដ្ឋាភិបាល Enterprise Singapore បាននិយាយថា ការនាំចេញទៅកាន់ទីផ្សារកំពូលៗ សរុបជារួមទទួលបានកំណើនក្នុងខែកញ្ញា បើទោះបីជាការនាំចេញទៅកាន់សហភាពអឺរ៉ុប ដែលមានសមាជិក២៧ប្រទេស ប្រទេសម៉ាឡេស៊ី និងថៃ បានធ្លាក់ចុះក៏ដោយ។
ទីភ្នាក់ងាររដ្ឋាភិបាល បានគូសបញ្ជាក់ថា អ្នករួមចំណែកធំៗបំផុតចំពោះកំណើននាំចេញនេះគឺប្រទេសចិន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង៕ CNA ៕