ភ្នំពេញ ៖ រដ្ឋាភិបាលបានចំណាយថវិកាប្រមាណ១៥០លានដុល្លារសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងសៀមរាបចំនួន៣៨ខ្សែ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ និងជាការទាក់ទាញដល់វិនិយោគិនផងដែរ ។ នៅទីបំផុតគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនេះ ក៏បានចាប់ផ្ដើមជាបន្តបន្ទាប់ ទន្ទឹមនឹងនោះដែរ វិនិយោគិនជាតិនិងអន្តរជាតិជាច្រើនក៏បាននិងកំពុងបាញ់ឆ្ពោះទៅកាន់ខេត្តសៀមរាបដើម្បីស្វែងរកការវិនិយោគរបស់ខ្លួនជាបន្តបន្ទាប់ផងដែរ ។
បើតាមលោកអាន រដ្ឋាអគ្គនាយកកក្រុមហ៊ុន Siem Reap Land House Co.,Ltd បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅក្រុងសៀមរាប បានធ្វើឱ្យវិនិយោគិនជាច្រើនចាប់អារម្មណ៍លើការវិនិយោគនៅក្នុងទឹកដីនៃខេត្តសៀមរាប ហើយបូករួមនឹងសក្ដានុពលនៃវិស័យទេសចរណ៍ក្នុងខេត្តនេះផ្ទាល់ក៏បានធ្វើឱ្យវិនិយោគិនកាន់តែចាប់អារម្មណ៍លើការបណ្ដាក់ទុនវិនិយោគ។
លោកបន្តថាមកដល់ពេលនេះមានគម្រោងយក្សធំៗមួយចំនួនបានបង្ហាញពីគម្រោងវិនិយោគរបស់ខ្លួននៅក្នុងខេត្តសៀមរាប ជាក់ស្ដែងកាលពីជាង២សប្ដាហ៍មុន រដ្ឋបាលខេត្តសៀមរាប បានចុះហត្ថលេខាយល់ព្រមឱ្យក្រុមហ៊ុនយក្សរបស់ជប៉ុន អាចអភិវឌ្ឍន៍ក្រុងសៀមរាបទៅជាទីក្រុងឆ្លាតវៃ ( Smart City ) ព្រមទាំងមានក្រុមហ៊ុនជាតិជាច្រើនទៀតក៏បានសម្រុកទៅអភិវឌ្ឍន៍នៅក្នុងខេត្តសៀមរាបផងដែរ ។ លោកថា៖«សក្ដានុពលដែលធ្វើឱ្យវិនិយោគិនចាប់អារម្មណ៍លើការវិនិយោគនៅក្នុងខេត្តសៀមរាប ក្រៅពីហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងសៀមរាបទាំង៣៨ខ្សែ ព្រលានយន្តហោះអន្តរជាតិថ្មីនៅក្នុងទឹកដីខេត្តសៀមរាបក៏បានលើកទឹកចិត្តនិងទាក់ទាញដល់ការវិនិយោគនៅក្នុងខេត្តមួយនេះផងដែរ» ។
លោកបន្ថែមថា វិនិយោគិនដែលចំណាយថវិការាប់រយលានដុល្លារវិនិយោគទៅលើខេត្តសៀមរាប មិនមែនជាការស្រមើស្រម៉ៃនោះទេ ប៉ុន្តែពួកគាត់បានដឹងច្បាស់ថាខេត្តសៀមរាបមានសក្ដានុពលអ្វី មានគម្រោងធំៗអ្វីខ្លះ ព្រោះទឹកប្រាក់រាប់រយលានដុល្លារអាមេរិកវាមិនមែនជាទឹកប្រាក់តិចតួចឡើយ ។
វិនិយោគិនជនជាតិចិនមួយរូបដែលបានបោះទុនវិនិយោគនៅក្នុងប្រទេសកម្ពុជារាប់ពាន់លានដុល្លារអាមេរិកតំណាងក្រុមហ៊ុនព្រីនស៍រៀលអ៊ីស្ទេតក៏បានបញ្ជាក់ផងដែរ ក្រៅពីរាជធានីភ្នំពេញ ខ្លួនបានជ្រើសរើសយកខេត្តពីរផ្សេងទៀតជាស្លាបនៃផែនការរបស់ខ្លួនគឺខេត្តព្រះសីហនុ និងខេត្តសៀមរាប ដូច្នេះ ខេត្តទាំងពីរនេះ នឹងក្លាយជាខេត្តដែលមានសក្ដានុពលខ្ពស់សម្រាប់ការវិនិយោគរបស់វិនិយោគិនជាតិនិងអន្តរជាតិនៅពេលអនាគតដ៏ខ្លី ៕