មីយ៉ាន់ម៉ាកំពុងដុតដៃដុតជើងដើម្បីត្រៀមបើកប្រទេសស្វាគមន៍ភ្ញៀវទេសចរ បរទេសនៅដើមឆ្នាំ២០២២

0

ដោយៈសុខុម

បាងកក: ប្រទេសមីយ៉ាន់ម៉ា នៅពេលនេះកំពុងដុតដៃដុតជើង បង្ហើយនីតិវិធីសម្រា​ប់ការបើកប្រទេសឡើងវិញ ដើម្បីស្វាគមន៍ភ្ញៀវទេសចរសបរទេស នៅដើមឆ្នាំ២០២២ ហើយជាដំបូង នឹងផ្តោតជាសំខាន់លើភ្ញៀវទេសចរមកពីអាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជា ផងដែរ។ នេះបើយោងតាមសារព័ត៌មាន Bangkok Post ចុះផ្សាយនៅថ្ងៃច័ន្ទ ទី១៨ តុលា នេះ។

លោក Htay Aung រដ្ឋមន្ត្រីទេសចរណ៍របស់មីយ៉ាន់ម៉ាថ្លែងថា កិច្ចខិតខំប្រឹងប្រែងនេះធ្វើឡើង នៅពេលករណីឆ្លងវីរុសកូវីដ-១៩ ថ្មីនៅក្នុងប្រទេសដែលមានចំនួន៥៥លាននាក់នេះថ្មីបានធ្លាក់ចុះ ដែលបានធ្វើឱ្យរដ្ឋាភិបាល សម្រេចលុបចោលបម្រាមធ្វើដំណើរឆ្លងខេត្តភ្លាមៗ។

លោក Htay Aung បញ្ជាក់ថា “ការបន្ធូរបន្ថយនេះ និងថ្ងៃបុណ្យឈប់សម្រាកប្រពៃណីបានជំរុញឱ្យពលរដ្ឋមីយ៉ាន់ម៉ា ធ្វើដំណើរកម្សាន្ត”។លោកបន្តថា “យើងកំពុងត្រៀមរៀបចំកិច្ចព្រមព្រៀងចាំបាច់ សម្រាប់បើកច្រករបៀងធ្វើដំណើរ(Travel Bubbles) ជាមួយប្រទេសថៃ ដើម្បីឱ្យយើងត្រៀមខ្លួនរួចជាស្រេច នៅពេលពួកគេទាក់ទងមកយើងតាមរយៈបណ្តាញផ្លូវការ។ យើងក៏មានបំណងបើកព្រំដែនឡើងវិញ ជាមួយប្រទេសកម្ពុជា ឡាវ វៀតណាម នៅត្រីមាសទី១ ដើមឆ្នាំ២០២២ ផងដែរ”។

លោកថ្លែងថា គោលដៅនៃការបើកព្រំដែននេះ គឺដើម្បីឱ្យពលរដ្ឋថៃ អាចមកទស្សនាគោលដៅទេសចរណ៍ពេញនិយមនានា នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ប្រទេសមីយ៉ាន់ម៉ា មានព្រំប្រទល់ជាប់ប្រទេសចំនួន៥ គឺថៃ ចិន ឥណ្ឌា បង់ក្លាដែស និងឡាវ ហើយនៅតែហាមឃាត់ការហោះហើរពាណិជ្ជកម្មអន្តរជាតិ។

លោករំពឹងថា នៅក្នុងដំណាក់កាលដំបូង នៃការបើកព្រំដែនឡើងវិញនេះ នឹងទទួលបានភ្ញៀវទេសចរបរទេស ប្រមាណ៣០០.០០០នាក់។ លោកបញ្ជាក់ថា ទោះបីជាសណ្ឋាគារ និងផ្ទះសំណាក់ពាក់កណ្តាល នៅក្នុងប្រទេសនេះត្រូវបានផ្អាកដំណើរការក្ដី ក៏មានបន្ទប់ទំនេរ សម្រាប់ទទួលភ្ញៀវរហូតដល់ទៅប្រហែល៩០.០០០បន្ទប់។

ផ្អែកតាមរបាយការណ៍ចុងក្រោយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បង្ហាញថា សេដ្ឋកិច្ចរបស់មីយ៉ាន់ម៉ា បានធ្លាក់ចុះ១៨,៤%ក្នុងឆ្នាំសារពើពន្ធ ដែលបានបញ្ចប់កាលពីថ្ងៃទី៣០ ខែកញ្ញា ក្រោយយោធាធ្វើរដ្ឋប្រហារ ដណ្ដើមគ្រប់គ្រងប្រទេសកាលពីខែកុម្ភៈ ដើមឆ្នាំនេះ។

ទោះជាយ៉ាងណា ធនាគារនេះមិនបានព្យាករ សម្រាប់ឆ្នាំសារពើពន្ធ២០២២ នោះទេដោយសារ “ស្ថានភាពមិនប្រាកដប្រជា។

យោងតាម World Travel & Tourism Council ដែលជាវេទិកាដើម្បីឧស្សាហកម្មធ្វើដំណើរនិងទេសចរណ៍បង្ហាញថា ទេសចរណ៍បានរួមចំណែកប្រមាណ៦% នៃផលិត​ផលក្នុងស្រុកសរុប (GDP) របស់មីយ៉ាន់ម៉ា ក្នុងឆ្នាំ២០១៩ មុនពេលផ្ទុះវិបត្តិកូវីដ-១៩៕ Bangkok Post ៕

LEAVE A REPLY

Please enter your comment!
Please enter your name here