សិក្សានិតិវិធីចំនួនបីដើម្បីអាចចុះបញ្ជីអចលនទ្រព្យបាន

0

ដោយៈជេស៊ីកា

ភ្នំពេញៈ ការចុះបញ្ជីអចលនទ្រព្យពិតជាសំខាន់ណាស់ ក្នុងការគ្រប់គ្រង ការធ្វើអាជីវកម្មលក់ដូរ និងផ្ទេរកម្មសិទ្ធិ ហើយវាក៏បញ្ជាក់ពីភាពស្របច្បាប់ នៃអចលនទ្រព្យនោះផងដែរ។

ការចុះបញ្ជីអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ធ្វើឡើងទៅលើដី និងសំណង់ទាំងឡាយណា ដែលជាប់ពន្ធ ហើយជាទូទៅគឺអចលនទ្រព្យ មានតម្លៃលើសពី១០០ ០០០ ០០០ រៀល។

ផ្អែកតាមច្បាប់ស្តីពីពន្ធលើអចលនទ្រព្យឆ្នាំ២០០៩ អ្នកជាប់ពន្ធអចលនទ្រព្យទាំងអស់ មានកាត​ព្វកិច្ចត្រូវទៅចុះបញ្ជីអចលនទ្រព្យរបស់ខ្លួន នៅរដ្ឋបាលសារពើពន្ធ ក្នុងភូមិសាស្ត្រដែល​អចលន​ទ្រព្យ​របស់ខ្លួននោះស្ថិតនៅ។ ការចុះបញ្ជីនេះ ត្រូវទៅធ្វើយ៉ាងយឺតបំផុតគិតត្រឹមថ្ងៃទី ៣០ ខែ កញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ។

ចំពោះការចុះបញ្ជីអចលនទ្រព្យមួយ ធ្វើឡើងតែមួយដងគត់ ដើម្បីទទួលបានលេខអត្តសញ្ញាណសម្គាល់អចលនទ្រព្យ។ សម្រាប់អចលនទ្រព្យណា ដែលបានចុះបញ្ជីរួចហើយ មិនត្រូវបានចុះបញ្ជីឡើងវិញ នៅឆ្នាំបន្តបន្ទាប់នោះទេ តែត្រូវបង់ពន្ធអចលទ្រព្យនោះ ជាប្រចាំឆ្នាំក្នុងអាត្រា០,១ % ដោយវាអាស្រ័យទៅតាមប្រភេទអចលនទ្រព្យ និងទីតាំងដែលវាស្ថិតនៅ។

ម្យ៉ាងទៀត នៅពេលអចលនទ្រព្យដែលបានចុះបញ្ជីនោះ ត្រូវបានផ្ទេរកម្មសិទ្ធិតាមរយៈការទិញ-លក់ ឬមានការផ្លាស់ប្តូរម្ចាស់កាន់កាប់ ការផ្លាស់ប្តូរទំហំ ការបែងចែក ឬការរំលាយចូលគ្នា នោះម្ចាស់អចលនទ្រព្យ ត្រូវតែបង់ពន្ធប្រថាប់ត្រា ដាច់ដោយឡែក ក្នុងអត្រា៤%។

ឧទាហរណ៍ ពូសុខ មានដីទំហំ៣ ហិកតា ក្នុងក្រុងសៀមរាប។ ពូសុខ ត្រូវតែទៅចុះបញ្ជីអចលនទ្រព្យ និងបង់ពន្ធអចលនទ្រព្យ ក្នុងអត្រា០,១ % ប្រចាំឆ្នាំ ។ ក្រោយមកពូសុខ បានបំបែកក្បាលដីជា៣ ប្លង់ ហើយផ្ទេរសិទ្ធិកាន់កាប់ឱ្យកូនគាត់បីនាក់។ ដូចនេះ ដីចំនួន០៣ ប្លង់ដែលបានចែកឱ្យកូននោះ កូនដែលត្រូវទៅចុះបញ្ជីកម្មសិទ្ធិថ្មី ត្រូវតែបង់ពន្ធប្រថាប់ត្រាក្នុងអត្រា៤%។​ ក្នុងករណីនេះ ក្នុងឆ្នាំដែលគាត់ចែកដីឱ្យកូនគាត់ តែគាត់មិនទាន់បង់ពន្ធអចលនទ្រព្យប្រចាំ នៅពេលមានការចែកដីកូនបែបនេះ គាត់ រួមនឹងកូនគាត់ត្រូវតែបង់ពន្ធ ០,១% និងបង់ពន្ធប្រថាប់ត្រា៤% ក្នុងឆ្នាំនោះតែមួយ។

ជាគោលការណ៍ សម្រាប់ការចុះបញ្ជីអចលនទ្រព្យ ម្ចាស់អចលនទ្រព្យត្រូវតែវាស់វែង និងគណនាពន្ធអចលនទ្រព្យទាំងនោះដោយខ្លួនឯង។

តើត្រូវវាស់វែងអចលនទ្រព្យនោះយ៉ាងដូចម្តេច?
ម្ចាស់អចលនទ្រព្យ ត្រូវវាស់វែងផ្ទៃក្រឡារបស់ដី ផ្ទះ និងសំណង់ផ្សេងៗ ដូចជា ដី គឺគេត្រូវវាស់យកចំណុចកណ្តាលនៃព្រំរបង ឬព្រំដីជាគោល។ រីឯផ្ទះ អគារ និងសំណង់ផ្សេងៗ គឺគេត្រូវវាស់យកចំណុចកណ្តាលនៃជញ្ជាំង និងចុងដំបូល ចំពោះស្ថានីយប្រេង ភោជនីយដ្ឋាន កន្លែងលក់ ឬលាងរថយន្ត។​

ការគណនាប្រាក់ពន្ធលើអចលនទ្រព្យ
ក្នុងប្រកាសលេខ៣៤៣ សហវ.ប្រក ចុះថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០១៩ ស្តីពីការកំណត់មូលដ្ឋានគិតពន្ធប្រថាប់ត្រា ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ បានកំណត់យ៉ាងច្បាស់ ពីមូលដ្ឋានគិតពន្ធប្រថាប់ត្រា ដែលអនុវត្តចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលជាសំណង់ ឬ/និងដី ស្ថិតក្នុងភូមិសាស្ត្ររដ្ឋបាលរាជធានី ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា។

ដើម្បីរកប្រាក់ពន្ធត្រូវបង់ ម្ចាស់អចលនទ្រព្យ ត្រូវរកមូលដ្ឋានគិតពន្ធជាមុនសិន។ គេត្រូវយកតម្លៃអចលនទ្រព្យ គុណនឹង៨០% រួចដកនឹង ១០០ ០០០ ០០០៛ នោះអ្នកនឹងរកឃើញពីមូលដ្ឋានគិតពន្ធ។ បន្ទាប់មក គេយកតម្លៃលេខនៃមូលដ្ឋានគិតពន្ធ ទៅគុណនឹង០.១ % នោះ យើងនឹងរកឃើញពីតម្លៃ ប្រាក់ពន្ធដែលត្រូវបង់នោះហើយ។​
តម្លៃអចលនទ្រព្យនីមួយៗ ត្រូវបានកំណត់ដោយគណៈកម្មការ វាយតម្លៃអចលនទ្រព្យ ដោយយោងតាមតម្លៃទីផ្សារ ឬទៅតាមអាយុកាលសំណង់ និងប្រភេទនៃសំណង់ (ឥដ្ឋបេតុង និងមិនមែនឥដ្ឋបេតុង)។

តើត្រូវមានឯកសារអ្វីខ្លះនៅពេលទៅចុះបញ្ជី?
ក្រោយពីម្ចាស់អចលនទ្រព្យ បានវាស់វែង ​និងគណនារកប្រាក់ពន្ធនៃអចលនទ្រព្យរបស់ខ្លួនរួចហើយ គឺត្រូវតែស្នើសុំចុះបញ្ជីអចលនទ្រព្យនោះ។ នៅពេលដាក់ពាក្យស្នើសុំចុះបញ្ជីពន្ធលើអចលនទ្រព្យ ម្ចាស់អចលនទ្រព្យ ត្រូវភ្ជាប់មកជាមួយនូវឯកសារសំខាន់ៗដូចជា

-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសំបុត្របញ្ជាក់កំណើត ឬ លិខិតឆ្លងដែនសម្រាប់ជនបរទេស។
-សៀវភៅគ្រួសារ ឬ សៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅ
-ប័ណ្ណសម្គាល់សិទ្ធិ ឬ ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ឬ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលចេញដោយរដ្ឋបាល​សុរិយោដី ឬឯកសារពាក់ព័ន្ធនឹងការកាន់កាប់អចលនទ្រព្យ ដែលបញ្ជាក់ដោយអាជ្ញាធរឃុំ/សង្កាត់ឡើងទៅ។ ក្នុងករណី​ដែលអចលនទ្រព្យបង់រំលស់ ម្ចាស់អចលនទ្រព្យត្រូវភ្ជាប់មកជាមួយ នូវឯកសាររវាងអ្នកទិញ និងអ្នកលក់មកជាមួយផង។
ម្យ៉ាងវិញទៀត ម្ចាស់អចលនទ្រព្យ ត្រូវតែបញ្ជាក់ឱ្យបានច្បាស់ដល់រដ្ឋបាលសារពើពន្ធ អំពីអចលនទ្រព្យត្រូវជាប់ពន្ធទាំងនោះ ក្នុងករណី
-អចលនទ្រព្យរបស់ខ្លួនត្រូវបានបំបែកលក់ ផ្ទេរ ឬផ្តល់អំណោយ ហើយអចលនទ្រព្យដែលបានបំបែកថ្មីត្រូវតែចុះបញ្ជីទៀត។
-ដីត្រូវបានយកទៅសាងសង់ផ្ទះ អគារ ឬសំណង់ផ្សេងៗ
-ផ្ទះ អគារ និងសំណង់ផ្សេងៗត្រូវបានសាងសង់បន្ថែម ឬបន្ថយ ឬ រំលាយចោល
-ការផ្លាស់ប្តូរកម្មសិទ្ធិករ អ្នកកាន់កាប់ ឬអ្នកទទួលបានផលប្រយោជន៍ចុងក្រោយ។

អ្នកជាប់ពន្ធ មិនអាចក្លែងបន្លំឯកសារចុះបញ្ជីអចលនទ្រព្យបានទេ។ ប្រសិនណា​បើ មន្ត្រីសារពើពន្ធរកឃើញថា អ្នកជាប់ពន្ធណាម្នាក់ ក្លែងបន្លំ​ឯកសារ​ នោះជននោះត្រូវរងទោសទណ្ឌតាមច្បាប់សារពើពន្ធ ដោយត្រូវពិន័យបង់ពន្ធប្រាក់បន្ថែម ទៅលើពន្ធប្រថា​ប់ត្រានៃពន្ធអចលនទ្រព្យនោះ។

ដើម្បីភាពងាយស្រួលក្នុងការកាត់បន្ថយពេលវេលា និងការចំណាយនានា អ្នកជាប់ពន្ធ អាចទាញយកពាក្យស្នើសុំនេះ ដោយមិនគិតថ្លៃ នៅលើគេហទំព័ររបស់អគ្គនាយកដ្ឋានពន្ធដារ (www.tax.gov.kh)៕

LEAVE A REPLY

Please enter your comment!
Please enter your name here