រដ្ឋាភិបាលថៃប្រកាសឈប់ប្រើប្រាស់វ៉ាក់សាំងចិនទាំងស្រុងនៅពេលអស់ស្តុកចាស់នៅដំណាច់ខែនេះ

0

ដោយៈសុខុម

បាងកក: មន្រ្តីជាន់ខ្ពស់មួយរូបបានទម្លាយឱ្យដឹង កាលពីថ្ងៃច័ន្ទ ទី១៨ តុលា ថា ប្រទេសថៃ នឹងឈប់ប្រើប្រាស់វ៉ាក់សាំងចិនទាំងស្រុង នៅពេលស្តុកចាស់អស់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។

ប្រទេសថៃ បានប្រើប្រាស់វ៉ាក់សាំងចិន អស់ជាង៣១.៥លានដូសរួចមកហើយចាប់តាំងពីខែកុម្ភៈ ដើមឆ្នាំនេះ ដោយចាក់២ដូសសម្រាប់កម្មករជួរមុខ ក្រុមដែលមានហានិភ័យខ្ពស់ និងប្រជាជននៅភូកេត ជាកោះទេសចរណ៍មួយ ដែលបានបើកដំណើរការឡើងវិញក្នុងគម្រោងសាកល្បង ដើម្បីស្វាគមន៍ភ្ញៀវទេសចរណ៍។

កាលពីខែកក្កដា ប្រទេសថៃ បានចាប់ផ្តើមចាក់វ៉ាក់សាំងអង់គ្លេស AstraZeneca ដែលផលិតដោយសកលវិទ្យាល័យ Oxford សម្រាប់ពលរដ្ឋដែលចាក់វ៉ាក់សាំងចិន ដូសទី១ ដែលធ្វើឱ្យថៃក្លាយជាប្រទេសទី១ ដែលចាក់វ៉ាក់ចិនលាយជាមួយវ៉ាក់សាំងរបស់លោកខាងលិច ហើយយុទ្ធសាស្ត្រនេះ ត្រូវបានក្រុមមន្ត្រីសុខាភិបាលរបស់ខ្លួនបញ្ជាក់ថា មានប្រសិទ្ធភាពខ្ពស់។

មន្រ្តីសុខាភិបាលមួយរូបឈ្មោះ Opas Karnkawinpong បានលើកឡើងថា “យើងរំពឹងថា នឹងចែកចាយវ៉ាក់សាំង Sinovac ឱ្យអស់នៅសប្ដាហ៍នេះ”។ មន្ត្រីរូបនេះបានបន្ថែមទៀតថា “កម្មវិធីចាក់វ៉ាក់សាំងនេះ នឹងប្ដូរទៅចាក់លាយជាមួយវ៉ាក់សាំង AstraZeneca និងវ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុន Pfizer and BioNTech”។

នៅឆ្នាំក្រោយ ប្រទេសថៃមានគម្រោងទិញវ៉ាក់សាំង សរុបចំនួន១២០លានដូស ហើយបានកក់វ៉ាក់សាំង AstraZeneca ចំនួន៦០លានដូស។ ប្រទេសថៃ និយាយថា ខ្លួននឹងប្រើប្រាស់តែវ៉ាក់សាំងណា ដែលមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងថ្មីប៉ុណ្ណោះ។

រហូតមកទល់ពេលនេះ ប្រទេសថៃ ចាក់វ៉ាក់សាំងបាន៣៦% នៃប្រជាជនប្រមាណ៧២លាននាក់ ដែលរស់នៅក្នុងប្រទេសថៃ ហើយសង្ឃឹមថានឹងឈានដល់៧០%នៅត្រឹមដំណាច់ឆ្នាំនេះ។

ប្រទេសនេះ កំពុងរៀបចំគម្រោងបើកខេត្ត ចំនួន១៧របស់ខ្លួនឡើងវិញ នៅខែក្រោយ ដើម្បីស្វាគមន៍ភ្ញៀវទេសចរបរទេសចាក់វ៉ាក់សាំង ដែលមកពីបណ្ដាប្រទេសមានហានិភ័យទាប ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័ក។ គោលដៅទេសចរណ៍ដែលនឹងត្រូវបើកដំណើរការឡើងវិញទាំងនោះ រួមមាន ទាំងផាត់តាយ៉ា ហួហ៊ីន ឈាងម៉ៃ និងបាងកក ផងដែរ។

គិតរហូតមកទល់ពេលនេះ ប្រទេសថៃ មានករណីឆ្លងវីរុសកូវីដ-១៩ ចំនួន១,៨លានករណី និងស្លាប់សរុប១៨.៣៣៦ករណី ដោយជាង៩៨%កើតឡើងក្នុងរយៈពេល៧ខែចុងក្រោយនេះ៕ CNA៕

LEAVE A REPLY

Please enter your comment!
Please enter your name here