ក្រុមហ៊ុនផលិតទូរស័ព្ទ Xiaomi បោះទុនវិនិយោគ១០ពាន់លានដុល្លារអាមេរិក ដើម្បីហក់ចូលក្នុងវិស័យផលិតរថយន្តអគ្គិសនី

0

សុខុម

សៀងហៃ: លោក Lei Jun នាយកប្រតិបត្តិក្រុមហ៊ុន Xiaomi Corp បានប្រកាសថា ក្រុមហ៊ុនផលិតទូរស័ព្ទស្មាតហ្វូនចិន មួយនេះនឹងផលិតរថយន្តទ្រង់ទ្រាយធំនៅឆមាសទី១ ឆ្នាំ២០២៤។ នេះបើយោងតាមអ្នកនាំពាក្យក្រុមហ៊ុននេះទម្លាយឱ្យដឹងនៅថ្ងៃអង្គារ ទី១៩ តុលា នេះ។

ការលើកឡើងនេះត្រូវបានធ្វើឡើងក្នុងព្រឹត្តិការណ៍ជួបជុំវិនិយោគិនមួយ ហើយត្រូវបានចុះផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ ក្រោយមកក្រុមហ៊ុនក៏បានចេញមុខបញ្ជាក់ថា ពិតជាបែបនេះមែន។

លោក Zang Ziyuan នាយកទីផ្សារអន្តរជាតិនៃក្រុមហ៊ុន Xiaomi ក៏បានបង្ហោះព័ត៌មាននេះនៅលើគណនីបណ្ដាញទំនាក់ទំនងសង្គម Weibo របស់លោកផងដែរ។

កាលបរិច្ឆេទម្រាប់ការចាប់ផ្ដើមផលិតទ្រង់ទ្រាយធំនេះ បង្ហាញពីគោលដៅដ៏ធំបន្ទាប់សម្រាប់ផ្នែកអាជីវកម្មរថយន្តអគ្គិសនី (EV) របស់ក្រុមហ៊ុនដែល Xiaomi បានប្រកាសជាផ្លូវការកាលពីដើមឆ្នាំនេះ។ ភាគហ៊ុនរបស់ក្រុមហ៊ុន Xiaomi បានហក់ឡើង៥.៤%ដល់២២.៥ដុល្លារហុងកុង (ប្រហែល៣ដុល្លារអាមេរិក) ដែលជាការកើនឡើងភាគរយប្រចាំថ្ងៃខ្ពស់បំផុតចាប់តាំងពីថ្ងៃទី១២ ឧសភា មក។

កាលពីខែមីនា ក្រុមហ៊ុន Xiaomi បានប្រកាសថា ខ្លួននឹងប្តេជ្ញាបោះទុនវិនិយោគក្នុងទំហំទឹកប្រាក់រហូតដល់ទៅ១០ពាន់លានដុល្លារអាមេរិក លើផ្នែកអាជីវកម្មថ្មីមួយរបស់ខ្លួននោះគឺ ការផលិតរថយន្តអគ្គិសនីនៅរយៈពេល១០ឆ្នាំខាងមុខនេះ។ ក្រុមហ៊ុននេះបានចុះបញ្ជីអាជីវកម្មផលិតរថយន្តអគ្គិសនីរបស់ខ្លួនរួចរាល់ហើយកាលពីចុងខែសីហា។

ក្រុមហ៊ុននេះបានសម្រុកជួលបុគ្គលិកសម្រាប់ផ្នែកអាជីវកម្មថ្មីនេះ ប៉ុន្តែមិនទាន់បានទម្លាយឱ្យដឹងទេថាតើខ្លួននឹងផលិតរថយន្តអគ្គិសនីដោយឯករាជ្យ ឬតាមរយៈការចាប់ដៃគូសហការជាមួយក្រុមហ៊ុនផលិតរថយន្តណាមួយឡើយ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here