ដោយៈគង់ សិរីជេស៊ីកា
ភ្នំពេញៈ គំរោងវិនិយោគសាងសង់ផ្លូវរថភ្លើង ល្បឿនលឿនភ្នំពេញ សៀមរាប និងតភ្ជាប់ទៅកាន់ក្រុងប៉ោយប៉ែត មានការសិក្សាជាបន្តបន្ទាប់ ប៉ុន្តែលទ្ឋផលបែបណានៅមិនទាន់មានការបង្ហាញជាក់លាក់នៅឡើយទេ។
អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ាស៊ីម សូរិយាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី២០ តុលានេះថា គំរោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ សៀមរាប និងតភ្ជាប់ទៅកាន់ក្រុងប៉ោយប៉ែត កន្លងមកមានក្រុមហ៊ុនចិនមួយចំនួនបានស្នើសុំសិក្សាជាបន្តបន្ទាប់ ប៉ុន្តែរហូតមកទល់ពេលនេះ ក៏មានសភា ពស្ងប់ស្ងាត់ទៅវិញ។
លោកបន្តថា “រហូតមកទល់ពេលនេះ មិនទាន់មានក្រុមហ៊ុនណាមួយបង្ហាញលទ្ឋផលបែបណានៅឡើយទេ”។ លោកបន្តថា “វាជារឿងស៊ីជម្រៅមួយ ដែលត្រូវការពេលវេលាបន្ថែមទៀត”។
លោកវ៉ាស៊ីម សូរិយាបានបន្តថា ជាធម្មតាការសាងសង់ផ្លូវរថភ្លើងធម្មតា ត្រូវចំណាយថវិកាប្រមាណ៤លានដុល្លារក្នុងមួយគីឡូម៉ែត្រ ប៉ុន្តែបើសិនជាសាងសង់ផ្លូវរថភ្លើងល្បឿនលឿន គឺត្រូវចំណាយច្រើនជាងនេះ។
ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ លោកបណ្ឌិតម៉ី កល្យាណបានមានប្រសាសន៍ថា ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋជារឿងចាំបាច់ ដើម្បីជម្រុញកំនើនសេដ្ឋកិច្ចជាតិ តែការវិនិយោគត្រូវចំណាយប្រាក់ច្រើនណាស់ រាប់បញ្ចូលទាំងពេលវេលា ប៉ុន្តែរដ្ឋាភិបាលចាំបាច់ត្រូវតែវិនិយោគ ដើម្បីរុញសេដ្ឋកិច្ចកម្ពុជាទៅកាន់លំដាប់ថ្មីមួយទៀត។
លោកបន្តថា “កត្តាកង្វះខាតហេដ្ឋារចនាសម្ព័ន្ឋ បានក្លាយជាបញ្ហាប្រឈមមួយនៃការប្រកួតប្រជែងរបស់កម្ពុជា ជាមួយប្រទេសក្នុងតំបន់ ហេតុនេះទើបរដ្ឋាភិបាលបានចំណាយប្រាក់យ៉ាងច្រើន ដើម្បីវិនិយោគលើវិស័យនេះ”៕