វិភាគសង្គមៈប្រជាពលរដ្ឋរាជធានីភ្នំពេញជាច្រើនប្រតិកម្មនឹងប៉ូលីសចរាចរណ៍ តើជាកំហុសអ្នកណា?

0

         ដោយៈសម្លេងពលរដ្ឋ

         ភ្នំពេញៈ ប្រជាពលរដ្ឋជាច្រើនបានប្រតិកម្ម នឹងក្រុមប៉ូលីសចរាចរណ៍នៅក្នុងខ័ណ្ឌដូនពេញ ដែលដង្ហែរគ្នាដូចហែរកឋិន ដើម្បីផាកពិន័យរបស់អ្នកបើកបររថយន្ត ម៉ូតូ ដែលកាន់ទូរស័ព្ទ។

ការបើកបរដោយកាន់ទូរស័ព្ទ ជាកំហុសត្រូវផាកពិន័យពី១២ម៉ឺន ទៅ១៥ម៉ឺនរៀល វាពិតជាល្អ បើសិនជាមានគោលដៅកាន់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្តែការរាយប៉ូលីសមួយសង្កាត់ច្រើនហួសហេតុ តើវាជាការការពារសណ្តាប់ធ្នាប់? ជាការអនុវត្តន៍ច្បាប់ឬ? តើអ្នកបើកបរម៉ូតូ និងរថយន្តបញ្រ្ចាសទិសនៃខឿនទ្រូងផ្លូវ ត្រូវតាមច្បាប់មែនឬទេ? ព្រោះមិនឃើញមានប៉ូលីសក្នុងខ័ណ្ឌនេះ ឬខ័ណ្ឌដទៃទៀតផាកពិន័យឡើយ។

នៅក្នុងសង្កាត់ចតុមុខមួយ ពេលខ្លះមានប៉ូលីសចរាចរណ៍ មិនតិចជាង៥កន្លែងរងចាំផាកពិន័យ ដែលមានទីតាំងដូចជា នៅមុខវត្តលង្ការ មានទីតាំងនៅសួនច្បារវិមានឯករាជ្យទាំងខាងឆ្វេង និងស្តាំដៃ មានទីតាំងនៅចំណុខមុខវត្តឧណ្ណាលោម មានទីតាំងនៅមុខអាគារមជ្ឈមណ្ឌលវប្បធ៌ម និងវិទ្យាសាស្រ្តកូរ៉េ និងមានទីតាំងនៅក្បែរសួនណាហ្កាខាងស្តាំដៃ(បើគិតពីចរាចរណ៍ពីកោះពេជ្រ)។

“ប្រជាពលរដ្ឋមិនគោរពច្បាប់ ច្បាប់មានសិទ្ឋចាប់បង្ខំឲ្យប្រជាពលរដ្ឋគោរព” នៅក្នុងសង្គមនិតិរដ្ឋ ប៉ុន្តែអ្នកអនុវត្តន៍ច្បាប់ ក៏ត្រូវមានមនោសញ្ចេតនាផងដែរ ព្រោះមនុស្សមានសារជាតិ និងវិចារណញ្ញាណពិសេសខុសពីសត្វ។

ការអនុញ្ញាត្ត ឬលើកទឹកចិត្តឲ្យមន្រ្តីប៉ូលីសសាធារណៈ ទទួលបានប្រាក់៧០ភាគរយ នៃកម្រៃដែលពួកគេទទួលបានការផាកពិន័យ មិនមែនជាកំហុសរបស់ថ្នាក់ដឹកនាំរបស់រដ្ឋាភិបាលទេ វាជាការលើកទឹកចិត្តដល់មន្រ្តី ដើម្បីមានទឹកចិត្តបំពេញការងារ ស្របពេលបញ្ហាប្រាក់ខែពួកគេនៅតែជាបញ្ហាស្នូល ដែលពួកគេតែងតែលើកឡើងជាប្រចាំ ប៉ុន្តែតើប្រាក់ខែប៉ុ​ន្មានទើបគ្រប់? ខណៈប្រមុខរាជរដ្ឋាភិបាលសម្តេច អគ្គមហាសេនាបតីតេជោហ៊ុន សែនលោកបានខិតខំទាំងយប់ទាំងថ្ងៃ ដើម្បីជម្រុញនិងលើកកំពស់សេដ្ឋកិច្ចជាតិ និងប្រមូលចំណូល ដើម្បីដំឡើងប្រាក់ខែឲ្យមន្រ្តីថ្នាក់ក្រោមនានា ទទួលបានប្រាក់ខែសមរម្យ។

ការលើកទឹកចិត្តឲ្យមន្រ្តីប៉ូលីសចរាចរណ៍ ទទួលបានប្រាក់៧០ភាគរយពីការផាកពិន័យ ក៏ជាទង្វើមួយ ដែលអាចបង្កឧក្រិដ្ឋកម្មលើប្រជាពលរដ្ឋផងដែរ ដែលបញ្ហាបានកើតមានជារឿយៗ ហើយត្រូវបានផ្សព្វផ្សាយលើបណ្តាញទំនាក់ទំនងសង្គម។ ហេតុនេះការគិតគូរឡើងវិញពីបញ្ហានេះ គួរត្រូវបានថ្នាក់ដឹកនាំយកទៅពិចារណាឡើងវិញ។

សង្គមមួយដែលមានភាពស៊ីវិល័យ មិនមែនជាសង្គមដែលមន្រ្តីប៉ូលីសគាបសង្កត់ និងធ្វើបាបប្រជាពលរដ្ឋទេ តែជាសង្គមដែលកសាងភាបសុខដុម សង្គមដែលមានភាពយល់យោគគ្នា និងអនុវត្តន៍ច្បាប់ដោយឈរលើទិដ្ឋភាពវិទ្យាសាស្រ្ត និងឈរលើទិដ្ឋភាព​ក្នុងនាមជាមនុស្សជាតិ។

សហរដ្ឋអាមេរិកមានការរើសអើង ពួកជនជាតិស្បែកខ្មៅ ដោយប៉ូលីសស្បែក “ស”បានជាន់ ក លោកចច ផ្លយ រហូតដល់ថប់ដង្ហើមស្លាប់ ដែលវាជាសោកនាកដកម្មមួយ ប៉ុន្តែយើងសង្ឃឹមថា រឿងបែបនេះនឹងមិនកើតមាននៅកម្ពុជាទេ។

ការអប់រំប្រជាពលរដ្ឋឲ្យចេះប្រើប្រាស់ផ្លូវ ដឹងពីគន្លងនៃការបើកបរ ពិសេសលើបណ្តាញផ្លូវជាតិនានា និងការចាប់ផាកពិន័យ អ្នកបើកបញ្រ្ចាសទិសខឿនទ្រូងផ្លូវ គួរតែជាអាទិភាព៕

ពីប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ

LEAVE A REPLY

Please enter your comment!
Please enter your name here