ដោយៈសុផារី
ភ្នំពេញៈ រាជរដ្ឋាភិបាលបានរៀបចំដាក់ចេញ នូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ដើម្បីកសាងសេដ្ឋកិច្ចឌីជីថលឱ្យក្លាយជាចន្ទល់កំណើនសេដ្ឋកិច្ចថ្មី បន្ទាប់ពីវិស័យឌីជីថល បានក្លាយជាវិស័យស្នូលក្នុងពេលវិបត្តិជំងឺឆ្លងរាតត្បាតកូវីដ ១៩ និងដើម្បីឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្មទី៤ និងទាញយកសក្តានុពលនៃបដិវត្តន៍ឧស្សាហកម្មឌីជីថល។
សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានមានសរសេរក្នុងបុព្វកថា ក្នុងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាថា “សម្រាប់កម្ពុជា ការធ្វើបរិវត្តន៍កម្មឌីជីថល គឺជាការចាប់យកនិងការទិញយកផលប្រយោជន៍ ជាអតិបរមាពីការរីកចម្រើននៃបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននិងបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនផលិតភាពនិងប្រសិទ្ធភាពសេដ្ឋកិច្ច ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកសាងសង្គមស៊ីវិល័យ ដែលពលរដ្ឋឌីជីថល អាចទទួលបាននូវផលប្រយោជន៍ ពីការប្រើប្រាស់សេវាឌីជីថល ប្រកបដោយបរិយាបានបរិយាប័ន្ន ភាពជឿទុកចិត្ត និងសុវត្ថិភាពខ្ពស់ហើយដំណាលគ្នានេះក៏រក្សាឲ្យបាននូវអត្តសញ្ញាណនិងវប្បធម៌ជាតិ។
សម្តេចបានបន្តថា “ខ្ញុំមានជំនឿចិត្តដ៏មុតមាំថា កម្ពុជាត្រូវខិតខំសម្រេចបរិវត្តកម្មឌីជីថល ឱ្យខាងតែបាន ទើបអាចប្រែក្លាយសេដ្ឋកិច្ចសង្គមកម្ពុជាទៅកាន់កម្រិតអភិវឌ្ឍន៍មួយខ្ពស់ឡើងជាលំដាប់បាន”។
ក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថល មានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រធាន និងមានអនុប្រធាន សមាជិក ជាឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីនៃបណ្តាក្រសួងស្ថាប័ននានាសរុប២៨រូប។
ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច សង្គមឌីជីថលកម្ពុជាបានកំណត់យកនូវចក្ខុវិស័យ “កសាងសេដ្ឋកិច្ចនិងសង្គមឌីជីថលរស់រវើក ដើម្បីជម្រុញសម្ទុះកំណើនសេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខុមាលភាពសង្គម ផ្អែកលើប្រក្រតីភាពតាមគន្លងថ្មី”។
ចក្ខុវិស័យនេះត្រូវសម្រេចឲ្យបានក្នុងរយៈពេល១៥ ឆ្នាំ ចាប់ផ្ដើមពីឆ្នាំ២០២១ ដល់ឆ្នាំ២០៣៥ ហើយអនុលោមតាមគោលការណ៍ចំនួន៣ គឺ “ការកសាងមូលដ្ឋានគ្រឹះឌីជីថល ការចាប់យកឌីជីថល ការធ្វើបរិវត្តកម្មឌីជីថល” ដែលក្នុងនោះរាល់វិធានការ គោលនយោបាយត្រូវអនុវត្តដំណាលគ្នា។
ប៉ុន្តែផ្ដល់អាទិភាពទៅលើវិធានការ ដែលឆ្លើយតបទៅនឹងគោលការណ៍នីមួយៗ។ មានន័យថាបរិវត្តកម្មឌីជីថល គឺជាគោលដៅចុងក្រោយ ដែលសំដៅសម្រេចបាននូវការកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថល ដោយពឹងផ្អែកលើការប្រើប្រាស់ បច្ចេកវិទ្យាឌីជីថលយ៉ាងទូលំទូលាយ ក្នុងចំណោមភ្នាក់ងារសេដ្ឋកិច្ច និងគ្រប់សកម្មភាពសេដ្ឋកិច្ចដែលផ្សារភ្ជាប់ មានអន្តរទំនាក់ទំនងជាមួយគ្នា និងបំពេញបន្ថែមឲ្យគ្នា។
បន្ថែមលើនេះ ក្របខ័ណ្ឌគោលនយោបាយនេះផ្ដោតលើសមាសធាតុចំនួន៥ ដែលចែកចេញជាគ្រឹះចំនួនពីររួមមាន(១) ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់បរិវត្តកម្មឌីជីថល (២) ការកសាងទំនុកចិត្តនិងភាពជឿជាក់លើប្រព័ន្ធឌីជីថល និង សសរស្ដម្ភចំំនួនបីរួមមាន (១). ការកសាងពលរដ្ឋឌីជីថល (២). ការកសាងរដ្ឋាភិបាលឌីជីថល និង (៣). ការជំំរុញធុរកិច្ចឌីជីថល ។
ឈរលើគោលគំនិត “ទាញយកប្រយោជន៍ពីសេដ្ឋកិច្ច និង សង្គគម “ទាញយកប្រយោជន៍ពីសេដ្ឋកិច្ច និង សង្គមឌីជីថលឱ្យបានជាអតិបរមា ព្រមទាំង ស្រូបយក និង កាត់បន្ថយផលប៉ះពាល់ ឬបច្ច័យអវិជ្ជមានឱ្យស្ថិតក្នុងកម្រិតឌីជីថលឱ្យបានជាអតិបរមា ព្រមទាំងស្រូបយក និងកាត់បន្ថថយផលប៉ះពាល់ ឬបច្ច័យអវិជ្ជមានឱ្យស្ថិតក្នុងកម្រិតអប្បបរមា” វិធានការគោលនយោបាយ ត្រូវបានរៀបចំទៅតាមសមាសធាតុនីមួយៗ គួបផ្សំនឹងការគិតគូរក្នុងទិដ្ឋភាព សេដ្ឋកិច្ចនិង សង្គមដើម្បីធានាបាននូវការកាត់បន្ថយបច្ច័យអវិជ្ជមានផងដែរ៕