ដោយៈសុផារី
ភ្នំពេញៈ រដ្ឋាភិបាលបានព្យាករណ៍ថា ផលទុនជាតិសរុបកម្ពុជានៅឆ្នាំ២០២២ខាងមុខនឹងកើនឡើងដល់រង្វង់១២៤១៦២ ប៊ីលានរៀល ឬសមមូលនឹងប្រមាណ៣០,៥៤៤ លានដុល្លារអាមេរិក។
យោងតាមរបាយការណ៍ នៃការវាយតម្លៃសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២១បានបង្ហាញថា សេស្ឋកិច្ចកម្ពុជាឆ្នាំនេះ ត្រូវបានស្មានថាមានកំណើនក្នុងអត្រា២,៤% ការប៉ានស្មានអត្រាកំណើននេះ គឺមាននិន្នាការស្រដៀងគ្នា ទៅនឹងការវាយតម្លៃរបស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗក្នុងរង្វង់ប្រមាណ ២,០% ប៉ុន្តែឆ្នាំ២០២២ខាងមុខ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថា នឹងសម្រេចបានក្នុងកំណើនអត្រា ៤,៨ភាគរយ។
កំណើននេះ គាំទ្រដោយការបន្តការកើនឡើង នៃវិស័យសេដ្ឋកិច្ចសំខាន់ៗចំនួន៣ដូចជា ទី១ វិស័យឧស្សាហកម្មត្រូវបានព្យាករណ៍ថា នឹងកើនឡើងក្នុងរង្ចង់៧,៧% ក្នុងឆ្នាំ២០២២ ពីកំណើន៧,៧% ក្នុងឆ្នាំ២០២១ ដោយសារការរំពឹងទុកនៅក្នុងកំណើនល្អប្រសើរនៃអនុវិស័យកាត់ដេរ និងកម្មន្តមិនមែនកាត់ដេរ ខណៈអនុវិស័យសំណង់ត្រូវបានរំពឹងថានឹងបន្តសម្រេចបាននូវកំណើនទាប។
អនុវិស័យកាត់ដេរ ត្រូវបានដំបងថានឹងបន្តកើនឡើង ដោយសារការរំពឹងទុកនៃភាពល្អប្រសើរនៃតម្រូវការខាងក្រៅ ជាពិសេសទីផ្សារសហរដ្ឋអាមេរិចនិងចិន ស្របជាមួយការរំពឹងទុកការបង្វែររោងចក្រ ពីប្រទេសមីយ៉ាន់ម៉ា គួបផ្សំនឹងការដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើងនិងកាបូបកម្ពុជា ២០២១-២០២៥។
ទី២ វិស័យសេវាកម្មត្រូវបានព្យាករណ៍ថា នឹងបន្តកើនឡើងក្នុងអត្រា៤,១ ភាគរយក្នុងឆ្នាំ២០២២ ដោយសារការងើបឡើងសន្សឹមៗ នៃអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន និងវិស័យគាំទ្រទេសចរណ៍ផ្សេងទៀត។
អនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋានត្រូវបានរំពឹងថា នឹងងើបឡើង ប៉ុន្តែស្ថិតនៅក្នុងកម្រិតទាប ទាំងទំហំនិងអត្រាកំណើន ដោយសារការរំពឹងទុកនៃការងើបឡើងវិញក្នុងល្បឿនយឺតនៃភ្ញៀវទេសចរណ៍អន្តរជាតិ ខណៈដែលចំនួនភ្ញៀវទេសចរជាតិត្រូវបានងើបឡើងវិញក្នុងសន្ទុះលឿនជាង នៅពេលដែលការងារធ្វើបាន ក្នុងសហគមន៍មានការស្រាកស្រាន្ត និងគ្រប់គ្រងបាន។ ស្របពេលនឹងការងើបឡើងវិញ នៃអនុវិស័យគាំទ្រដល់សកម្មភាពដឹកជញ្ជូន និងនិន្នាការនៃការបន្តការកើនឡើង នូវការប្រើប្រាស់អ៊ីនធឺណេតគូបផ្សំនឹងការដាក់ចេញនូវក្របខ័ណ្ឌ គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ដែលនឹងបង្កើនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងលើកកម្ពស់ការប្រើប្រាស់ឌីជីថលនៅកម្ពុជា។
ទី៣ វិស័យកសិកម្មត្រូវបានព្យាករណ៍ថា នឹងសម្រេចបានកំណើនក្នុងអត្រាទាប ១,១% ក្នុងឆ្នាំ២០២២ បើប្រៀបធៀបនឹងកំណើន១,៤% ក្នុងឆ្នាំ២០២១ ដោយសារការរំពឹងទុកនៃការបន្តកំណើនល្អប្រសើរ នៃអនុវិស័យដំណាំនិងអនុវិស័យចិញ្ចឹមសត្វ។ អនុវិស័យដំណាំត្រូវបានរំពឹងថា នឹងបន្តកំណើនល្អប្រសើរ ដោយសារការនាំចេញផលិតផលកសិកម្ម ជាពិសេសដំណាំរួមផ្សំ និងឧស្សាហកម្ម ដែលបន្តជំរុញដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គួបផ្សំជាមួយការបង្កើនការវិនិយោគជាមួយរដ្ឋាភិបាល ពិសេសការផ្ដល់ហិរញ្ញប្បទាន និងការជំរុញផលិតផលក្នុងស្រុក។
អត្រាអតិផរណាមធ្យមប្រចាំឆ្នាំត្រូវបានប៉ាន់ស្មានថា ស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបានក្នុងអត្រា២,៨% ក្នុងឆ្នាំ២០២២ ដោយសារការរំពឹងទុក នៃការវិលត្រឡប់ទៅរកនិន្នាការធម្មតាវិញនៅថ្ងៃម្ហូបអាហារ។
អត្រាប្ដូរប្រាក់ភាពទៅនឹងប្រាក់ដុល្លារអាមេរិក ត្រូវប៉ាន់ស្មានថាបន្តមានស្ថិរភាព ក្នុងរង្វង់៤០៦៥រៀល ក្នុងមួយដុល្លារអាមេរិចក្នុងឆ្នាំ២០២២ ដោយសារស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចនិងជំនឿទុកចិត្ត ពីសំណាក់សាធារណជន លើការប្រើប្រាស់ប្រាក់រៀល តាមរយៈការអនុវត្តវិធានការណ៍ លើកកម្ពស់ប្រាក់រៀលរបស់ធនាគារជាតិនៃកម្ពុជា និងការបន្តពង្រឹងគោលនយោបាយគ្រប់គ្រងសាច់ប្រាក់ក្នុងវិស័យហិរញ្ញវត្ថុ។
ឱនភាពគណនីចរន្ត(រួមបញ្ចូលបង្វែរ) ត្រូវបានព្យាករណ៍ថា រួមតូចបន្តិចមកត្រឹម ១៣,១% ផលិតផលក្នុងស្រុកសរុបសម្រាប់ឆ្នាំ២០២២ ដោយសារការរំពឹងពីការងើបឡើងវិញសន្សឹមៗ នៃការនាំចេញនិងវិស័យទេសចរណ៍៕