ដោយ៖ សុធារី
ភ្នំពេញ៖ តម្លៃអចលនទ្រព្យនៅតាមបណ្តោយមហាវិថី សហពន្ធរុស្សីនឹងមានកំណើនយ៉ាងខ្លាំង ក្រោយពីមានគម្រោងនៃផ្សារទំនើប អគារប៊ូយ៉ុង ដូចជាវត្តមានគម្រោងផ្សារជីស៊ី អូរឬស្សី ដែលគ្រោងនឹងបង្ហាញខ្លួននៅលើផ្ទៃដី១.២ហិកតា នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី កណ្តាលនៃរាជធានីភ្នំពេញយើង។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានថ្លែងថា មហាវិថីសហព័ន្ធរុស្ស៊ីគឺជាផ្លូវធំមួយដែលមានសក្តានុពលខ្ពស់ខ្លាំងណាស់ ព្រោះជាផ្លូវដែលគណៈប្រតិភូ និងភ្ញៀវជាតិ អន្តរជាតិ ឆ្លងកាត់ហើយនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះគេបានសង្កេតឃើញថាមានគម្រោងផ្សារទំនើបៗ សណ្ឋាគារ និងគម្រោងខុនដូធំៗជាច្រើនបានមានវត្តមាននៅតាមផ្លូវនេះជាហូរហែផងដែរ។
លោកក៏បានបន្តទៀតថា គម្រោងទាំងនេះនឹងជួយជំរុញឱ្យតម្លៃវិស័យអចលនទ្រព្យ នៅតាមបណ្ដោយផ្លូវមួយនេះកាន់តែមានកំណើនខ្លាំងឡើងៗ ពីមួយឆ្នាំទៅមួយឆ្នាំ ដែលបច្ចុប្បន្ននេះ ក៏មានគម្រោងធំៗជាច្រើននៅទីនោះផងដែរ ជាពិសេសក៏មានវត្តមានគម្រោងផ្សារទំនើបៗ និងអគារពាណិជ្ជកម្មថ្មីៗ ជាច្រើនបានផុសឡើងនៅទីនោះ ជាក់ស្តែងវត្តមានគម្រោងផ្សារបោះដុំដ៏គឺ ផ្សារជីស៊ីអូរឬស្សី។
មន្ត្រីផ្នែកលក់គម្រោងផ្សារជីស៊ី កញ្ញា ថេត ថាឡែន បានថ្លែងថា គម្រោងផ្សារ ជីស៊ី (𝐆𝐂)គឺជាផ្សារបោះដុំក្នុងស្រុកដ៏ធំដែលនឹងគ្រោងសាងសង់នៅលើផ្ទៃដី១.២ហិកតា នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី នៃកណ្តាលរាជធានីភ្នំពេញ។ ផ្សារនេះត្រូវបានវិនិយោគដោយក្រុមហ៊ុន ជីស៊ី (𝐆𝐂)ដែលមានទុនវិនិយោគប្រមាណ៣៥លានដុល្លារ ដើម្បីបំរើឱ្យទេសចរណ៍ និងចូលរួមបំពេញបន្ថែមដល់ផ្សារ ជីស៊ីអូរឬស្សី ដែរបច្ចុប្បន្ននេះ។
កញ្ញាក៏បានបន្តទៀតថា ផ្សារនេះទើបតែទទួលបានច្បាប់សាងសង់កាលពីពេលថ្មីៗនេះ ដែលនឹងគ្រោងចាប់ផ្តើមសាងសង់នៅខែតុលាឆ្នាំ២០២១ ដោយទីតាំងផ្សារនេះនៅចម្ងាយប្រមាណ៥០០ម៉ែត្រពីស្ពានអាកាសផ្សារដីហុយ និងនៅខាងមុខក្រសួងពាណិជ្ជកម្ម ដែលនៅតាមណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្សី។
តាមផែនការមេ ផ្សារជីស៊ីអូរឬស្សី នឹងត្រូវបញ្ចប់ការសាងសង់ នៅក្នុងឆ្នាំ២០២៤ ដែលអាគារផ្សារមួយនេះនឹងក្លាយជាទីតាំងដ៏សំខាន់ ដែលអាចបង្ហាញអំពីការរស់នៅរបស់ប្រជាជនក្នុងស្រុក ក៏ដូចជាកន្លែងដែលភ្ញៀវទេសចរអាចទទួលបាននូវបទពិសោធន៍នក្នុងការទិញទំនិញបែបខ្មែរនៅទីនោះផងដែល។
ផ្សារនេះមានកម្ពស់៦ជាន់ ត្រូវបានរចនាយ៉ាងយកចិត្តទុកដាក់ដោយបែងចែកជាជាន់នីមួយៗទៅតាមគោលដៅផលិតផលដូចជាគ្រឿងទេស គ្រឿងអលង្ការ សម្លៀកបំពាក់ វត្ថុអនុស្សាវរីយ៍ និងសម្ភារៈអេឡិចត្រូនិចជាដើម៕