ក្រុមហ៊ុនចិនធំមួយគ្រោងបង្កើតវិទ្យាស្ថានស្រាវជ្រាវដំណាំត្រូពិចនៅកម្ពុជា

0

         ដោយៈគង់ សូរិយា

         ភ្នំពេញៈ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ  បានអនុញ្ញាតឲ្យនាយកក្រុមហ៊ុន ហ័រឡុងតូជឺជីទួន (ខេមបូឌា) ឯ.ក និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងគោលបំណង ដើម្បីសិក្សាស្វែងយល់ពីឱកាសវិនិយោគលើវិស័យកសិកម្ម និងបង្កើតវិទ្យាស្ថានស្រាវជ្រាវដំណាំត្រូពិច។

ក្រោយបញ្ចប់ជំនួបការងារនេះ លោករដ្ឋមន្រ្តី វេង សាខុន បានឲ្យដឹងថា ក្នុងនាមថ្នាក់ដឹកនាំក្រសួងកសិកម្ម លោកបានសម្តែងការស្វាគម ន៍ចំពោះវត្តមានរបស់ភ្ញៀវ និងគាំទ្រចំពោះកម្មវត្ថុវិនិយោគលើវិស័យកសិកម្ម ស្របពេលដែលវិស័យមួយនេះ បាននិងកំពុងត្រូវការអភិវឌ្ឍ លើអនុវិស័យសំខាន់ៗមួយចំនួន ដូចជា ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ការងារស្រាវជ្រាវ និងការកែច្នៃកសិផល។ល។ ឆ្លើយតបតាមតម្រូវការទីផ្សារក្នុងស្រុក និងទីផ្សារនាំចេញ លើសពីនេះវិស័យកែច្នៃកសិផលនឹងត្រូវ បានលើកកម្ពស់ មានតម្លៃផ្នែកសេដ្ឋកិច្ច ប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ជាពិសេសស្រូបយកពលកម្មក្នុងស្រុក និងបង្កើនប្រាក់ចំណូល។ល។

លោករដ្ឋមន្ត្រីបានអំពាវនាវឲ្យវិស័យឯកជនចិន ចូលរួមវិនិយោគឲ្យបានពេញលេ​ញលើគ្រប់ខ្សែច្រវាក់ផលិតកម្ម កែច្នៃ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ធ្វើយ៉ាងណាច្បាមយកកាលានុវត្តភាព ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ច និងនិរន្តរភាពផលិតកម្មកសិកម្ម ហើយសង្ឃឹមថា កសិផលកម្ពុជានឹងមានឱកាសបង្ហាញខ្លួន នៅលើទីផ្សារអន្តរជាតិកាន់តែច្រើនថែមទៀត ពិសេសទីផ្សារចិន ដោយឈរលើស្តង់ដារគុណភាព សុវត្ថិភាព និងការប្រកួតប្រជែង។

លោកនាយកក្រុមហ៊ុន ហ័រឡុងតូជឺជីទួន (ខេមបូឌា) ឯ.ក បានលើកឡើងថា កសិកម្មកម្ពុជាមានសក្តានុពល ប៉ុន្តែបញ្ហានៅត្រង់ថាមិនទាន់បានប្រើបច្ចេកវិទ្យា ដើម្បីបង្កើនផលិតភាពផលិតកម្ម ការងារស្រាវជ្រាវ និងកែច្នៃ ហេតុដូច្នេះហើយក្រុមហ៊ុនបានអញ្ជើញវិទ្យាស្ថានសំខាន់ៗចំនួនបី មកធ្វើការសិក្សាស្រាវជ្រាវ ទាក់ទងដំណាំឈើហូបផ្លែតំបន់ត្រូពិច។

វិទ្យាស្ថានទាំង៣ដែលគ្រោងបង្កើតនោះ រួមមានទី ១ វិទ្យាស្ថានស្រាវជ្រាវដំណាំអនុតំបន់ត្រូពិចខាងត្បូង ទី២ វិទ្យាស្ថានស្រាវជ្រាវ និងកែច្នៃផលិតផលកសិកម្ម និងទី៣Chinese Academy of Tropical Agricultural Science។ លោកនាយកក្រុមហ៊ុន បានស្នើក្រសួងជួយពិនិត្យពិចារណាទីតាំងដី សម្រាប់ធ្វើការរៀបចំសាងសង់វិទ្យាស្ថាន។

លោកបន្ថែមថា ក្រោយពេលស្ថានភាពជំងឺឆ្លងកូវីដ-១៩ បានល្អប្រសើរ ដំណើរការសកម្មភាពវិនិយោគ នឹងចាប់ផ្តើមជាជំហានៗតាមផែនការដែលបានគ្រោងទុក។

បន្ទាប់ពីបានទទួលព័ត៌មាននេះ លោករដ្ឋមន្ត្រីបានសម្តែងនូវកិច្ចស្វាគមន៍ និងគាំទ្រចំពោះកម្មវត្ថុវិនិយោគ លើវិស័យកសិកម្មរបស់ក្រុមហ៊ុននាពេលអនាគត។ ករណីនេះ លោកសន្យាថា នឹងផ្តល់កិច្ចសហការ ដោយមានអគ្គនាយកដ្ឋានកសិកម្ម ជាសេនាធិការរបស់ក្រសួងជាស្ថាប័នអនុវត្តផ្ទាល់ ធ្វើយ៉ាងណាឲ្យគម្រោងវិនិយោគ និងការបង្កើតវិទ្យាស្ថានស្រាវជ្រាវវិស័យកសិកម្មចម្រុះ ដោយឡែកដំណាំត្រូពិច និងការកែច្នៃកសិផលទទួលបានជោគជ័យ ដែលទាមទារចាំបាច់ត្រូវប្រើបច្ចេកវិទ្យា និងធនធានមនុស្ស ហើយពិតណាស់កិច្ចការនេះ ក៏ចាំបាច់ត្រូវមានកិច្ចសហការ ពីគ្រប់ភាគីពាក់ព័ន្ធមន្រ្តីជំនាញទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ជាពិសេសប្រជាកសិករ ធ្វើយ៉ាងណាឲ្យពួកគេអាចទទួលយកបច្ចេកវិទ្យាសម ស្របយកទៅអនុវត្តទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផល៕

LEAVE A REPLY

Please enter your comment!
Please enter your name here