វៀតណាម គ្រោងស្ថាបនាផ្លូវដែកថ្មី៩ខ្សែជាមួយប្រវែងសរុបជាង២.០០០គីឡូម៉ែត្រភ្ជាប់មកដល់កម្ពុជា

0

សុខុម

ហាណូយ: ឧបនាយករដ្ឋមន្ត្រីវៀតណាម ឡេ វ៉ាន់ ថាញ់ (Lê Văn Thành ) បានចុះហត្ថលេខាលើសេចក្តីសម្រេចអនុម័តផែនការប្រព័ន្ធផ្លូវដែកសម្រាប់ឆ្នាំ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ២០៥០ ដែលកំណត់គោលដៅស្ថាបនាផ្លូវដែកថ្មីឱ្យបាន៩ខ្សែនៅត្រឹមឆ្នាំ២០៣០។

យោងតាមសារព័ត៌មាន Vietnam News ដែលបានចុះផ្សាយនៅថ្ងៃច័ន្ទ ទី២៥ តុលា នេះឱ្យដឹងថា ផ្លូវដែកថ្មីទាំងនេះនឹងមានប្រវែងសរុប២.៣៦២គីឡូម៉ែត្រ។

ក្រោមផែនការ ឧស្សាហកម្មផ្លូវដែកនឹងធ្វើការជួសជុលកែលម្អផ្លូវដែកដែលមានស្រាប់ តភ្ជាប់ជាមួយផ្លូវដឹកជញ្ជូនអន្តរជាតិនានា ត្រៀមទុន និងធនធានដើម្បីចាប់ផ្តើមស្ថាបនាផ្លូវដែកថ្មីៗ ដោយផ្តល់អាទិភាពដល់ផ្លូវដែកល្បឿនលឿនពីភាគខាងជើងឆ្ពោះទៅភាគខាងត្បូង និងផ្លូវដែកតភ្ជាប់កំពង់ផែសមុទ្រ អាកាសយានដ្ឋានអន្តរជាតិ និងផ្លូវរថភ្លើងសំខាន់ៗនៅក្នុងទីក្រុងធំៗផងដែរ។

ជាពិសេស វិស័យនេះនឹងធ្វើការជួសជុលកែលម្អផ្លូវដែកមានស្រាប់ចំនួន៧ខ្សែដែលមានប្រវែងសរុប២.៤៤០គីឡូម៉ែត្រ។

គម្រោងផ្លូវដែកដែលចាក់ស្រេះដូចសរសៃឈាមទាំងនេះ ក៏រួមបញ្ចូលផ្លូវដែកប្រវែង១៧៤គីឡូម៉ែត្រដែលតភ្ជាប់ទីក្រុងហូជីមិញ និងក្រុង Cần Thơ (ទីក្រុងព្រែកឫស្សី) នៃតំបន់ដីសណ្តទន្លេមេគង្គ និងផ្លូវដែកមួយខ្សែប្រវែង១២៨គីឡូម៉ែត្រតភ្ជាប់ទីក្រុងហូជីមិញ និងស្រុក Lộc Ninh នៃខេត្ត Bình Phước (ពីស្ថានីយរថភ្លើង Dĩ An ឆ្ពោះមកកាន់ច្រកទ្វារព្រំដែន Hoa Lư រវាងប្រទេសវៀតណាម និងប្រទេសកម្ពុជា) ផងដែរ។

ទុនវិនិយោគសរុបសម្រាប់ទាំងការជួសជុលកែលម្អ និងការស្ថាបនាផ្លូវដែកថ្មីៗទាំងនេះនឹងមានទំហំរហូតដល់ទៅប្រមាណ២៤០ទ្រីលានដុង ឬស្មើនឹង១០,៥ពាន់លានដុល្លារអាមេរិក)៕ Vietnam News៕

LEAVE A REPLY

Please enter your comment!
Please enter your name here