សុខុម
សិង្ហបុរី: ការហក់ឡើងតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Tesla លើសពី១ទ្រីលានដុល្លារអាមេរិក ជាលើកដំបូងកាលពីថ្ងៃច័ន្ទ ទី២៥ តុលា បានធ្វើឱ្យតម្លៃភាគហ៊ុនរបស់កំពូលមហាសេដ្ឋី Elon Musk ដែលជានាយកប្រតិបត្តិក្រុមហ៊ុននេះកើនឡើងទ្វេដង ហើយលោកគឺជាម្ចាស់ភាគហ៊ុនធំបំផុតររបស់ក្រុមហ៊ុននេះ។ នេះបើយោងតាមសារព័ត៌មាន CNA ដែលបានចុះផ្សាយនៅថ្ងៃអង្គារ ទី២៦ តុលា នេះ។
ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខាងលើនេះ បានហក់ឡើង១២,៧%ភ្លាមៗក្រោយពីធ្លាយដំណឹងថា ក្រុមហ៊ុន Tesla ទទួលបានការបញ្ជាទិញរថយន្តអគ្គិសនីធំបំផុតមិនធ្លាប់មានពីក្រុមហ៊ុនផ្ដល់សេវាកម្មជួលរថយន្ត Hertz គឺរហូតដល់ទៅ១០០.០០០គ្រឿង។
ខណៈភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានហក់ឡើងខ្ពស់បំផុតមិនធ្លាប់មានរហូតដល់ទៅជិត១.០២៤,៨៦ដុល្លារអាមេរិក ក្នុង១ភាគហ៊ុននោះ ភាគហ៊ុន២៣%របស់លោក Elon Musk នៅក្នុងក្រុមហ៊ុន Tesla ដែលទើបតែមានតម្លៃលើទីផ្សាររហូតដល់១ទ្រីលានដុល្លារអាមេរិក នាពេលនេះបានឈានដល់ប្រមាណ២៣០ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមការឱ្យដឹងពី Refinitiv ដែលជាក្រុមហ៊ុនផ្ដល់ទិន្នន័យទីផ្សារហិរញ្ញវត្ថុពិភពលោក។
លើសពីនេះ លោក Elon Musk ក៏ជាម្ចាស់ភាគហ៊ុនធំ និងជានាយកប្រតិបត្តិក្រុមហ៊ុនផលិតរ៉ុក្កែត SpaceX ជាក្រុមហ៊ុនឯកជនមួយដែលមានតម្លៃ១០០ពាន់លានដុល្លារអាមេរិក ផងដែរគិតត្រឹមខែតុលា នេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។
ក្នុងឋានៈជានាយកប្រតិបត្តិ លោក Elon Musk មិនទទួលបានប្រាក់ខែទេនៅក្រុមហ៊ុន Tesla។ ទោះជាយ៉ាងណា លោកទទួលបានលក្ខខណ្ឌពិសេសដែលអនុញ្ញាតឱ្យលោកទិញយកភាគហ៊ុនក្រុមហ៊ុន Tesla ក្នុងតម្លៃត្រឹមតែ៧០ដុល្លារអាមេរិក ក្នុង១ភាគហ៊ុន ដែលជាការបញ្ចុះតម្លៃរហូតដល់ទៅជាង៩០%បើធៀបនឹងតម្លៃភាគហ៊ុនបច្ចុប្បន្នរបស់ក្រុមហ៊ុននេះ។
យោងតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg Billionaires Index បង្ហាញថា ទ្រព្យសម្បត្តិសរុបរបស់លោក Elon Musk បានកើនឡើងរហូតដល់២៨៨,៦ពាន់លានដុល្លារអាមេរិក គិតត្រឹមថ្ងៃច័ន្ទ ទី២៥ តុលា ដោយកើនឡើង៣៦,២ពាន់លានដុល្លារអាមេរិក ក្រោយពីការហក់ឡើងតម្លៃភាគហ៊ុននេះ។
ក្រុមអ្នកវិភាគនៅក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុអាមេរិក Morgan Stanley បានព្យាករកាលពីសប្ដាហ៍មុនថា លោក Elon Musk ដែលបច្ចុប្បន្នជាកំពូលមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតលើពិភលោក ជាមួយទ្រព្យសម្បត្តិប្រមាណ២៤២ពាន់លានដុល្លារអាមេរិក នឹងក្លាយជាកំពូលមហាសេដ្ឋីទ្រីលានដុល្លារ (Trillionaire) ដំបូងគេបង្អស់របស់ពិភពលោក៕ Reuters៕