ដោយ៖ សុផារី
អាស៊ាន៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និងលើកទី៣៩ ក្រោមប្រធានបទ « យើងយកចិត្តទុកដាក់ យើងរៀបចំត្រៀមលក្ខណៈ យើងរីកចម្រើនទៅមុខ» បានប្រារព្វពិធីបើកជាផ្លូវការនៅព្រឹកថ្ងៃទី២៦តុលានេះហើយ តាមរយ:ប្រព័ន្ធវីដេអូអនឡាញ ដែលព្រះរាជាណាចក្រប៊្រុយណេដារុសសាឡាម ធ្វើជាម្វាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ។
ប្រមុខមេដឹកនាំនៃប្រទេសអាស៊ានទាំងអស់ លើកលែងតែមេដឹកនាំ នៃសហភាពមីយ៉ាន់ម៉ា បានយាងនិងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ខ្លួន ដើម្បីពិនិត្យពិភាក្សា ទៅលើរបៀបវារៈដែលគ្រោងទុក និងក្រោមកិច្ចដឹកនាំផ្ទាល់ពី ព្រះចៅស៊ុលតង់ ហាជី ហាសាណាល់ ប៊ុលគីយ៉ា ប្រធានអង្គប្រជុំ។
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ មេដឹកនាំអាស៊ាន បានធ្វើការពិភាក្សាទៅលើរបៀបវារៈសំខាន់ៗ ចំនួន២ ក្នុងនោះរួមមានទី១ ការកសាងសហគមន៍អាស៊ាន និងទី២ ការឆ្លើយតបនឹងជំងឺកូវីដ-១៩។
ដោយឡែកនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៩ មេដឹកនាំ អាស៊ាន បានធ្វើការពិភាក្សាទៅលើរបៀបវារៈសំខាន់ៗចំនួន២ ទី១ទំនាក់ទំនងខាងក្រៅ និងមជ្ឈភាពអាស៊ាន, ទី២ការផ្លាស់ប្តូរទស្សនៈ ស្តីពីបញ្ហាតំបន់និងអន្តរជាតិ។
មកដល់ពេលនេះយើងអាចវាយតម្លៃបានថា អាស៊ាននឹងឈានទៅរកការគ្រប់គ្រងការរីករាលដាលនៃជំងឺនោះបានប្រកបដោយប្រសិទ្ធភាព នាពេលដ៏ខ្លីខាងមុខ។ ជាទិសដៅទៅមុខ ការងារសំខាន់បន្តនិងបន្ទាប់ គឺការស្តារនិងការអភិវឌ្ឍន៍វិស័យសង្គម សេដ្ឋកិច្ចឡើងវិញ តាមរយ:ការធានាប្រក្រតីភាព នៃលំហូរពាណិជ្ជកម្ម ការធ្វើដំណើរ និងការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្ម សេវាកម្ម និងការវិនិយោគ។
នៅក្នុងកិច្ចប្រជុំកំពូលដ៏មានសារសំខាន់នោះ មេដឹកនាំអាស៊ាន បានឯកភាពគ្នាចេញនូវសេចក្តីថ្លែងការណ៍របស់មេដឹកនាំអាស៊ាន ស្តីពីការ លើកកម្ពស់ពហុភាគីនិយម មាន៩ចំណុច ក្នុងនោះ
១-រំលឹកឡើងវិញពីតម្រូវការរបស់អាស៊ាន ក្នុងការរក្សាសាមគ្គីភាព ភាពស្អិតរមួត និង ភាពរឹងមាំ ក្នុងការលើកកម្ពស់គោលបំណង និងគោលការណ៍របស់ខ្លួន ដូចមានចែងក្នុងធម្មនុញ្ញអាស៊ាន ក្នុងការគាំទ្រពហុភាគីនិយម។
២-បញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នារបស់អាស៊ាន ដើម្បីរក្សានិងលើកកម្ពស់សន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ ក៏ដូចជាការដោះស្រាយ ជម្លោះដោយសន្តិវិធី រួមទាំងការគោរពយ៉ាងពេញលេញ ចំពោះដំណើរការផ្នែកច្បាប់និងការទូត ដោយមិនប្រើប្រាស់ការគំរាមកំហែង ឬ ការប្រើប្រាស់កម្លាំង ដោយអនុលោមតាមគោលការណ៍ ដែលទទួលស្គាល់ជាសកលនៃច្បាប់អន្តរជាតិ រួមទាំងសន្ធិសញ្ញាអង្គការសហប្រជា ជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។
៣-ពង្រឹងមជ្ឈភាពនិងឯកភាពអាស៊ាន នៅក្នុងការចូលរួមប្រកបដោយស្ថាបនារបស់ អាស៊ាន ជាមួយដៃគូខាងក្រៅរបស់ខ្លួន តាមរយៈយន្តការដឹកនាំដោយអាស៊ាន ក្នុងការកសាងភាពជឿជាក់និងការទុកចិត្តគ្នាទៅវិញទៅមក ព្រមទាំងពង្រឹងនិម្មាបនកម្មតំបន់ដែលបើកចំហ មានតម្លាភាព បរិយាបន្ន និងផ្អែកលើវិធានការច្បាប់ ដោយមានអាស៊ាននៅចំកណ្តាល។
៤-បញ្ជាក់ជាថ្មីអំពីគោលបំណង និងគោលការណ៍នៃទស្សនវិស័យអាស៊ាន ស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) ដែលផ្តល់ជាមគ្គទេសក៏ សំរាប់ការ ចូលរួមរបស់អាស៊ាន ក្នុងទំនាក់ទំនងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងតំបន់មហាសមុទ្រឥណ្ឌា។
៥- រំលឹកឡើងវិញអំពីការគាំទ្រដ៏រឹងមាំ របស់អាស៊ាន ចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលបើកចំហ មានតម្លាភាព គ្មានការរើសអើង និងផ្អែកលើវិធានច្បាប់ រួមទាំងតាមរយៈ ការចូលជាធរមានឲ្យបានឆាប់ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងការអនុវត្តន៍ឲ្យបានពេញលេញ នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់អាស៊ានបូកមួយ។
៦-លើកកម្ពស់ការបន្ស៊ីគ្នា ការបំពេញបន្ថែម និងការរួមបញ្ចូលគ្នាលើការ ដោះស្រាយ បញ្ហាអន្តរវិស័យដូចជា សកម្មភាពផ្នែកអាកាធាតុ ការការពារបរិស្ថាន និងសន្តិសុខតាមប្រព័ន្ធអ៊ីនធើណែត ដើម្បីដោះស្រាយ ផលប៉ះពាល់រួម និងផលវិបាកនៃបញ្ហាប្រឈម ដែលមានទំនាក់ទំនងរវាងគ្នានេះ។
៧- ពង្រឹងកិច្ចសហប្រតិបត្តិការឆ្ពោះទៅរកការកែលម្អ នៃប្រព័ន្ធសុខភាពសាធារណៈសកលរបស់យើង និងឆ្ពោះទៅរកការធានាឲ្យបាននូវការទទួលបានថ្នាំប្រកបដោយសមធម៌ សម្រាប់ការ ព្យាបាលជំងឺកូវីដ-១៩ ដោយធ្វើឲ្យវ៉ាក់សាំងកូវីដ-១៩ ជាទំនិញសាធារណៈសកល អាចរកបាន និងមានតម្លៃ សមរម្យសម្រាប់មនុស្ស ទូទៅ។
៨- លើកទឹកចិត្តឲ្យមានកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងសសរស្តម្ភទាំងបី នៃសហគមន៍អាស៊ាន និងសម្រាប់ភាគីពាក់ព័ន្ធ ទាំងអស់ ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែង ក្នុងការធ្វើឲ្យប្រសើរឡើង នូវការសម្របសម្រួលបញ្ហាអន្តរវិស័យ និងឆ្លងសសរស្តម្ភ ឆ្ពោះទៅ សម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ាន២០២៥ និងការអភិវឌ្ឍន៍ទស្សនវិស័យអាស៊ានក្រោយឆ្នាំ២០២៥ និងពង្រឹងស្ថាប័ននានា របស់អាស៊ាន ដោយគាំទ្រដល់ស្ថាប័ន និងយន្តការសម្របសម្រួល ដែលមានស្រាប់ ដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍ នៅក្នុងអាស៊ាន និងជាមួយដៃគូខាងក្រៅ ហើយព្រមទាំងគូសបញ្ជាក់បន្ថែមទៀត អំពីមជ្ឍភាពនិងឯកភាពអាស៊ាន ដែលនឹងធ្វើឲ្យ ទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច និងសង្គមរបស់អាស៊ាន នៅក្នុងតំបន់និងក្រៅតំបន់ឲ្យកាន់តែស៊ីជម្រៅថែមទៀត៕