ទំហំពាណិជ្ជកម្មរបស់កូរ៉េខាងត្បូង ក្នុងឆ្នាំ២០២១ ឈានដល់១ទ្រីលានដុល្លាអាមេរិក ហើយត្រៀមសាងកំណត់ត្រាឯតទគ្គកម្ម

0

សុខុម

សេអ៊ូល: ទំហំពាណិជ្ជកម្មរបស់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃអង្គារ ទី២៦ តុលា នេះបានឈានដល់១ទ្រីលានដុល្លារអាមេរិក គួរឱ្យភ្ញាក់ផ្អើលក្នុងឆ្នាំ២០២១ ហើយត្រៀមសាងកំណត់ត្រាឯតទគ្គកម្មសម្រាប់ឆ្នាំនេះ ក្រោយពីធ្លាក់ចុះដល់កម្រិតទាបបំផុតរយៈពេល៤ឆ្នាំក្នុងឆ្នាំ២០២០ ជាពេលដែលការរីករាលដាលវីរុសកូវីដ-១៩ ជះផលប៉ះពាល់ដល់ពាណិជ្ជកម្មទូទាំងពិភពលោក។

ទីភ្នាក់ងារគយកូរ៉េខាងត្បូង (Korea Customs Service) បានគូសបញ្ជាក់ថា ទំហំពាណិជ្ជកម្មរបស់ប្រទេសនេះដែលបានឈានដល់កម្រិតនេះគឺមានតែ៧ដងប៉ុណ្ណោះនៅក្នុងប្រវត្តិសាស្ត្រ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។

ទីភ្នាក់នេះបានសេចក្តីថ្លែងការណ៍ថា “ប្រសិនបើនិន្នាការនេះនៅតែបន្ត ទំហំពាណិជ្ជកម្មប្រចាំឆ្នាំសម្រាប់ឆ្នាំនេះនឹងឈានដល់កម្រិតសាងកំណត់ត្រាឯតទគ្គកម្ម ហើយនេះជាសញ្ញាបង្ហាញថា សេដ្ឋកិច្ចរបស់កូរ៉េខាងត្បូង បានងើបផុតពីផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ ទាំងស្រុងហើយ”។

ទំហំពាណិជ្ជកម្មរបស់កូរ៉េខាងត្បូង បានឈានដល់កម្រិតដ៏គួរឱ្យអបអរសាទរនេះនៅម៉ោង ១:៥៣ នាទីរសៀល។ ទីភ្នាក់ងារដដែលបានបន្ថែមថា ទំហំពាណិជ្ជកម្មសរុបនេះបានពីការបូកបញ្ចូលគ្នានូវទំហំនាំចេញចំនួន៥១២,២ពាន់លានដុល្លារអាមេរិក និងទំហំនាំចូលចំនួន៤៨៧,៨ពាន់លានដុល្លារអាមេរិក។

ទំហំពាណិជ្ជកម្មរបស់កូរ៉េខាងត្បូង បានឈានដល់៩៨០,១ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ ដែលជាកម្រិតទាបបំផុតចាប់តាំងពីឆ្នាំ២០១៦ មក៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here