រាជរដ្ឋាភិបាលកម្ពុជា គ្រោងថវិកាជាតិប្រមាណ៨.៦០០លានដុល្លារអាមេរិកសម្រាប់បន្ទុកចំណាយនៅឆ្នាំ២០២២ខាងមុខ

0

ដោយៈ ម៉ាលីស

ភ្នំពេញៈ យោងតាមការផ្សព្វផ្សាយរបស់ក្រសួងពត៍មាន រដ្ឋសភា បានទទួលយកសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ធ្វើការសិក្សា បន្ទាប់ពីរាជរដ្ឋាភិបាល បានបញ្ជូនដើម្បីស្នើសុំការអនុម័តឱ្យបានមុនដំណាច់ឆ្នាំ២០២១នេះ។

កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា ដឹកនាំដោយសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា តាមប្រព័ន្ធអនឡាញ នាព្រឹកថ្ងៃ ទី២៧ ខែតុលានេះ បានសម្រេចប្រគល់សេចក្តីព្រាងច្បាប់នេះ ឱ្យទៅគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ពិនិត្យលើភាពចាំបាច់របស់រាជរដ្ឋាភិបាល ក្នុងការបង្កើតក្រ​ប    ខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ច និងការដំណើរការស្ថាប័នជាតិ ដើម្បីធានាបានកំណើន សេដ្ឋកិច្ច សង្គម សន្តិសុខ សុខុមាលភាព និងជីវភាពរបស់ប្រជាពលរដ្ឋ ក្នុងបរិការណ៍ដែលកម្ពុជាកំពុងស្ថិតនៅក្នុងវិបត្តិជំងឺកូវីដ១៩ នៅឡើយ។

ការទទួលយកសេចក្តីព្រាងច្បាប់នេះ ស្ថិតក្នុងចំណោមសេចក្តីព្រាងច្បាប់ចំនួន២ទៀត ដែលរាជរដ្ឋាភិបាល ស្នើទៅកាន់រដ្ឋសភា គឺសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអាស៊ានស្តីពី ការពង្រឹងយន្តការដោះស្រាយវិវាទ និងសេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២០។

រាជរដ្ឋាភិបាលកម្ពុជា គ្រោងថវិការដ្ឋសរុបជាង៣៤ទ្រីលានរៀល ឬត្រូវជាប្រមាណ ៨.៦០០លានដុល្លារអាមេរិក សម្រាប់បន្ទុកចំណាយនៅឆ្នាំ២០២២ខាងមុខ ដែលផ្តោតទៅលើបៀវត្សរបស់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងឆ្លើយតបទៅនឹងបញ្ហាប្រឈមនឹងសង្គម សេដ្ឋកិច្ច និងការពារអាយុជីវិតប្រជាជនពីការរាតត្បាតនៃជំងឺកូវីដ១៩។

យោងតាមសេចក្តីថ្លែងហេតុរបស់រាជរដ្ឋាភិបាលកម្ពុជា ផ្ញើទៅកាន់រដ្ឋសភា បានបញ្ជាក់ថា គម្រោងចំណាយថវិកាសម្រាប់ឆ្នាំ២០២២ មានកំណើន៨,៤ភាគរយ បើធៀបនឹងឆ្នាំ២០២១នេះ ក្នុងគោលបំណងស្តារ និងជំរុញសេដ្ឋកិច្ចឱ្យបន្តស្ថិតនៅលើគន្លងនៃកំណើនខ្ពស់ និងរស់រវើកឡើងវិញ និងស្តារជីវភាពរបស់ប្រជាជន។ ជាមួយគ្នានេះ ក៏មានគោលដៅជម្នះ និងទប់ទល់ផលប៉ះពាល់អវិជ្ជមាននានា បណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ-១៩ និងបញ្ហាប្រឈមផ្សេងៗទៀត ទាំងក្នុង និងក្រៅប្រទេស ក្នុងស្មារតីធានាឱ្យកម្ពុជា អាចឈររឹងមាំ និងធ្វើជាម្ចាស់លើជោគវាសនារបស់ខ្លួន ទាំងនៅក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត។ សេចក្តីព្រាងច្បាប់ថវិកាសម្រាប់ឆ្នាំ២០២២ ត្រូវបានស្នើគម្រោងចំណាយសម្រាប់វិស័យរដ្ឋបាលទូទៅ ចំនួន១,៦៨ភាគរយ, វិស័យការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ចំនួន៣,៨៦ភាគ, វិស័យសង្គមកិច្ចចំនួន៦,៨១ភាគរយ, និងវិស័យសេដ្ឋកិច្ច ចំនួន៥,២៦ភាគរយ។

សេចក្តីព្រាងច្បាប់នេះ ត្រូវបានធានាការបើកផ្តល់បៀវត្សរបស់មន្ត្រីរាជការឱ្យទាន់ពេលវេលា គឺ២ដង ក្នុង១ខែ ដោយមិនមានការកាត់ ប្រាក់បៀវត្សរបស់មន្ត្រីរាជការគ្រប់ប្រភេទ ដោយក្នុងនោះ កម្រិតប្រាក់បៀវត្សអប្បបរមាឆ្នាំ២០២២ សម្រាប់មន្ត្រីរាជការស៊ីវិល ត្រូវបាន រក្សាជាង១លាន១៧ម៉ឺនរៀល ខណៈបៀវត្សគ្រូបង្រៀននិងគ្រូពេទ្យ រក្សាស្មើនឹងប្រមាណ១លាន២៧ម៉ឺនរៀល ហើយបៀវត្សនគរបាល ត្រូវបានរក្សាទាបបំផុតចាប់ពី១លាន១២ម៉ឺនរៀលឡើងទៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here