ប្រទេសថៃសាងសង់គម្រោងផ្ទាំងសូឡាបណ្ដែតទឹកធំបំផុតក្នុងពិភពលោក

0

ដោយៈ សុផារី

ប្រទេសថៃៈ អាជ្ញាធរផលិតអគ្គិសនីនៃប្រទេសថៃ (EGAT) សាងសង់គម្រោងផ្ទាំងសូឡាបណ្ដែតទឹកដំបូងបង្អស់ ដែលរួមបញ្ចូលគ្នារវាងថាមពលទឹក និងថាមពលពន្លឺព្រះអាទិត្យ ដោយបំប្លែងទៅជាថាមណលអគ្គិសនី។

នេះជាគម្រោងផ្ទាំងសូឡាបណ្ដែតទឹក ដែលអាជ្ញាធរផលិតអគ្គិសនីនៃប្រទេសថៃអះអាងថា ”ធំជាងគេបំផុតនៅលើពិភពលោក” មានទីតាំងក្នុងខេត្ត Ubon Ratchathani និងអាចផលិតថាមពលសរុប៤៥MW។

ការផលិតថាមពលនៅលើផ្ទៃដីទឹកនេះ ត្រូវការផ្ទៃដីទំហ៤៥០រៃ (ប្រហែល៧២ហិកតា) ស្មើនឹងកសិដ្ឋានថាមពលពន្លឺព្រះអាទិត្យនៅលើដី។ គម្រោងនេះត្រូវបានបញ្ចូលក្នុងផែនការអភិវឌ្ឍន៍ថាមពល សម្រាប់ឆ្នាំ២០១៨ -២០៣៨ (PDP២០១៨) និងត្រូវបានចាត់ទុកថាជា គម្រោងផ្ទាំងសូឡាបណ្ដែតទឹក ដ៏ធំបំផុតនៅលើពិភពលោក។ នៅក្រោមផែនការអភិវឌ្ឍន៍ថាមពលជាតិឆ្នាំ២០១៨ អាជ្ញាធរផលិតអគ្គិសនីនៃប្រទេសថៃ នឹងសាងសង់កសិដ្ឋានថាមពលពន្លឺព្រះអាទិត្យ បណ្តែតបន្ថែមទៀតនៅលើទំនប់ទាំង៩ ទូទាំងប្រទេស ក្នុងរយៈពេល២០ឆ្នាំខាងមុខ ដែលមានសមត្ថភាពផ្តល់ថាមពលសរុប ២,៧២៥ MW ។

សម្រាប់ការផលិតអគ្គិសនី គម្រោងនេះរួមបញ្ចូលគ្នានូវថាមពលពន្លឺព្រះអាទិត្យក្នុងពេលថ្ងៃ ជាមួយនឹងថាមពលវារីអគ្គិសនី នៅពេលដែលមានកម្រិតពន្លឺ ឬក្នុងពេលយប់។ ប្រព័ន្ធកូនកាត់នេះអាចពន្យារការផលិតថាមពល និងកាត់បន្ថយការប្រែប្រួលនៃថាមពលកកើតឡើងវិញ ដែលជាធម្មតាអាស្រ័យលើលក្ខខណ្ឌអាកាសធាតុ។ ការដំឡើងបន្ទះស្រូបពន្លឺព្រះអាទិត្យនៅក្នុងអាងស្តុកទឹក មិនមានផលប៉ះពាល់ដល់តំបន់កសិកម្ម និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ប្រមាណ៤៧,០០០តោនក្នុងមួយឆ្នាំ ស្មើនឹងការដាំដើមឈើឡើងវិញចំនួន៣៧,៦០០រ៉ៃ។

លោកប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ ក្នុងដំណើរទស្សនកិច្ចរបស់លោកកាលពីពាក់កណ្តាលខែតុលា បានសម្តែងការអបអរសាទរ ចំពោះគម្រោងផ្ទាំងសូឡាបណ្ដែតទឹកដ៏ធំបំផុតរបស់ពិភពលោកមួយនេះ។ លោកមានប្រសាសន៍ថា ប្រព័ន្ធថាមពលស្អាតរួមបញ្ចូលគ្នាផលិតថាមពល ពីថាមពល “ពន្លឺព្រះអាទិត្យ” និង “វារីអគ្គិសនី” អាចជួយកាត់បន្ថយការឡើងកម្តៅផែនដី និងធានាបាននូវការចំណាយទាបផងដែរ។

ក្រៅពីនេះ លោកក៏បានសម្តែងភាពរីករាយ ដល់ប្រជាជននៅក្នុងមូលដ្ឋាន ដោយអាជ្ញាធរផលិតអគ្គិសនី នៃប្រទេសថៃបាននិងកំពុងសាងសង់ផ្លូវដើរធម្មជាតិ ប្រវែង៤១៥ម៉ែត្រនៅគ្រប់អាងស្តុកទឹករបស់ខ្លួន ដើម្បីអភិវឌ្ឍបន្ថែមទៀតទៅជាតំបន់ទេសចរណ៍ថ្មីៗ ដែលនេះ នឹងលើកកំពស់ទេសចរណ៍ចម្រុះពណ៌សម្រាប់ប្រទេសថៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here