រោងចក្រផលិតស្រាបៀរតម្លៃ១៦០លានដុល្លារចាប់ផ្ដើមពង្រីកទីផ្សាររបស់ខ្លួន នៅកម្ពុជា

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ក្រុមហ៊ុនហនុមានប៊ែវើរីជីស ឯ.ក ដែលបានចំណាយថវិកាប្រមាណ១៦០លានដុល្លារអាមេរិក សាងសង់រោងចក្រនៅស្រុកអង្គស្នួល ខេត្តកណ្ដាលបានប្រកាសពីការចាប់ផ្ដើមសម្រុកទីផ្សារនៅក្នុងប្រទេសកម្ពុជា ដោយរកដៃគូសម្រាប់ចែកចាយទូទាំងប្រទេសកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមហ៊ុនហនុមានផលិតស្រាបៀរហនុ​មានបានឱ្យដឹងថា បន្ទាប់ពីបញ្ចប់ទស្សនកិច្ចខ្សែសង្វាក់ ផលិតកម្មស្រាបៀរហនុមានរួចមក បណ្តាដៃគូអាជីវកម្មទាំងអស់ បានកោតសរសើរចំពោះទំនើបកម្ម និងភាពសម្រិតសម្រាំងយ៉ាងហ្មត់ចត់ដ៏ល្អឥតខ្ចោះ នៃការផលិតស្រាបៀរហនុមាន ដែលរាប់ចាប់តាំងពីការជ្រើសរើសគ្រឿងផ្សំ រហូតដល់ការវេចខ្ចប់ផលិតផលសម្រេច ដោយបានឆ្លងកាត់នូវដំណាក់កាលផលិត ក៏ដូចជាការពិសោធន៍ត្រឹមត្រូវ តាមបទដ្ឋានស្តង់ដារមុននឹងចែកចាយនៅលើទីផ្សារ។

សេចក្តីឱ្យដឹងទៀតថា ក្រុមហ៊ុនហនុមាន ប៊ែវើរីជីស ឯ.ក ត្រូវបានបង្កើតឡើងដោយកូនខ្មែរ ជាមួយទុនវិនិយោគប្រមាណ១៦០លានដុល្លារ  ដែលបំពាក់ដោយបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ពីអឺរ៉ុប ស្របទៅតាមបទដ្ឋានស្តង់ដារលំដាប់ពិភពលោក ដោ​យមានសមត្ថភាពផលិតរហូត ដល់ប្រមាណ៣០លានកេសក្នុងមួយឆ្នាំ ពោលគឺនឹងផ្តល់ឱកាសការងារប្រមាណ១.៦០០កន្លែង ព្រមជាមួយការប្តេជ្ញាចិត្តដ៏មោះមុត ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច នៃព្រះរាជាណាចក្រកម្ពុជា  ស្របជាមួយទិសដៅរបស់រាជរដ្ឋាភិបាលដែលបាន នឹងកំពុងជំរុញដល់ការបង្កើនវិស័យឧស្សាហកម្មផលិតក្នុងស្រុក។

លោក Chas GESCHKE  នាយកប្រតិបត្តិក្រុមហ៊ុនហនុមានប៊ែវើរីជីស បានមានប្រសាសន៍ថា បន្ទាប់ពីការសាងសង់អស់រយៈពេលជាងពីរឆ្នាំ យើងបានឆ្លងកាត់នូវឧប​សគ្គជាច្រើន ក្នុងស្ថានភាពការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបានជះឥទ្ធិពលដល់ល្បឿននៃការសាងសង់របស់យើង។ យ៉ាងណាមិញក្រុមហ៊ុនបានខិតខំស្វែងរក ដំណោះស្រាយ ក្នុងការជំរុញដំណាក់កាលនីមួយៗបន្តទៅមុខជានិច្ច។ ទីបំផុតយើងសម្រេច បាននូវគោលដៅដំបូងរបស់ក្រុមហ៊ុន។ យើងពិតជាមោទកភាព ក្នុងការទទួលបានជោគជ័យ នៃការផលិតនូវផលិតផលដំបូងរបស់យើង គឺស្រាបៀរហនុមាន-Hanuman Premium Lager ព្រមទាំងបានចែកចាយលើទីផ្សារកាលពីថ្មីៗនេះ។

លោកបន្តថា នេះទើបតែជាការចាប់ផ្តើមប៉ុណ្ណោះ យើងនឹងមានផលិតផលសក្តានុពលជាច្រើនទៀត នាពេលដ៏ខ្លីខាងមុខនេះ ដើម្បីបំពេញនូវតម្រូវការ របស់អតិថិជន ដែលតែងតែទន្ទឹងរង់ចាំនូវផលិតផលថ្មីប្លែក ហើយមានគុណភាពពិតប្រាកដ។

លោកជំទាវ ខៀវ សស៊ីលៀប ស្ថាបនិក និងនាយិកាក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ក៏បានមានប្រសាសន៍ដែរថា ផលិតផលដំបូងរបស់យើង ទទួលបានការគាំទ្រពេញចិត្ត និងកោតសរសើរមិនដាច់ពីមាត់ ពីសំណាក់បងប្អូនប្រជាជនកម្ពុជា និងភ្ញៀវអន្តរជាតិ អំពីរសជាតិដ៏ឆ្ងាញ់ គុណភាពល្អ និងមានរូបរាងគួរឲ្យទាក់ទាញ ដែលនេះជាសមិទ្ធផលផ្លែផ្កាដ៏វិសេសវិសាលដំបូងសម្រាប់ក្រុមហ៊ុន។

លោកជំទាវបន្តថា “ក្រុមហ៊ុនមានចក្ខុវិស័យវែងឆ្ងាយ ប្រកបដោយវិសាលភាព។ យើងផ្តោតសំខាន់លើ ឧត្តមភាព នៃគុណតម្លៃ ក្នុងការផ្តល់បរិយាកាសការងារល្អដល់បុគ្គលិក ស្ថិរភាពលើគុណភាពផលិតផល ក៏ដូចជាការគាំទ្រលើយុទ្ធសាស្រ្តល្អៗ ដើម្បីនិរន្តរភាពដល់ការពង្រីកអាជីវកម្មជាចម្បង ជាពិសេសគឺជំរុញបន្ថែមលើការកសាងគុណភាពម៉ាកសញ្ញាកូនខ្មែរទៅកាន់សកលលោក”៕

LEAVE A REPLY

Please enter your comment!
Please enter your name here