សុខុម
អន្តរជាតិ: ក្រុមហ៊ុន Facebook ទទួលបានប្រាក់ចំណេញខ្ពស់ជាងការរំពឹងទុកសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២១ សូម្បីខណៈខ្លួនកំពុងបន្តប្រឈមមុខនឹងសារព័ត៌មានចុះផ្សាយមិនល្អជុំវិញការបែកធ្លាយឯកសារសម្ងាត់ផ្ទៃក្នុងរបស់ខ្លួនយ៉ាងណាក្ដី។ នេះបើយោងតាមសារព័ត៌មាន BBC ចុះផ្សាយកាលពីថ្ងៃទី២៦ តុលា។
ក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គមយក្សរបស់សហរដ្ឋអាមេរិក មួយនេះទទួលបានប្រាក់ចំណេញរហូតដល់ទៅ៩ពាន់លានដុល្លារ ក្នុងរយៈពេល៣ខែគិតត្រឹមខែកញ្ញា បើធៀបនឹង៧,៨ពាន់លានដុល្លារ ដែលខ្លួនទទួលបានក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទោះជាយ៉ាងណា ក្រុមហ៊ុននេះបានរងការវាយប្រហារដោយសាររឿងអាស្រូវ Privacy Update ថ្មីទៅកាន់ប្រព័ន្ធដំណើរការ iOS 14 របស់ Apple ដែលធ្វើឱ្យប៊្រែន ឬម៉ាកយីហោនានាកាន់តែពិបាកកំណត់គោលដៅ Ad (ការផ្សាយពាណិជ្ជកម្ម) ទៅកាន់អ្នកប្រើប្រាស់ជាក់លាក់មួយចំនួន។
បញ្ហានេះបានកើតមានឡើង ចំពេលមានការអះអាងថ្មីថា អតីតបុគ្គលិកម្នាក់របស់ក្រុមហ៊ុន Facebook ឈ្មោះ Frances Haugen បានប្រព្រឹត្តអំពើមិនត្រឹមត្រូវដែលប្រាសចាកសីលធម៌។
នាង Frances Haugen ដែលជាវិស្វករទិន្នន័យអាមេរិក បានទម្លាយឯកសារសម្ងាត់ផ្ទៃក្នុងជាច្រើនដល់សាធារណជន ដោយចោទប្រកាន់ថា ក្រុមហ៊ុន Facebook ខ្វល់តែពីរឿងប្រាក់ចំណេញដោយមិនគិតពីសុវត្ថិភាពរបស់អ្នកប្រើប្រាស់។
ការចុះផ្សាយជាច្រើនរបស់ប្រព័ន្ធផ្សព្វផ្សាយលើកឡើងថា ឯកសារសម្ងាត់ដែលបែកធ្លាយទាំងនេះបង្ហាញថា ក្រុមហ៊ុន Facebook បានព្យាយាមនិយាយសម្រាលស្ថានការណ៍ជុំវិញមាតិកាព័ត៌មាន (Content) ដែលបានជំរុញឱ្យមានការនិយាយស្ដីដែលបង្ហាញពីភាពស្អប់ខ្ពើម និងការជួញដូរផ្លូវភេទនៅក្រៅសហរដ្ឋអាមេរិក។
ជាការឆ្លើយតបកាលពីថ្ងៃច័ន្ទ ទី២៥ តុលា លោក Mark Zuckerburg នាយកប្រតិបត្តិ Facebook បានថ្លែងទៅកាន់បណ្ដាវិនិយោគិនតាម Video Conference ថា “អ្វីដែលពួកយើងកំពុងឃើញ គឺជាការប្រឹងប្រែងដែលមានការសម្របសម្រួលក្នុងការប្រើប្រាស់ឯកសារបែកធ្លាយ ដើម្បីធ្វើការចោទប្រកាន់ដោយគ្មានការពិតមកលើក្រុមហ៊ុនរបស់យើង”។
ក្នុងរយៈពេល១២ខែគិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គម Facebook និយាយថា ចំនួនអ្នកប្រើប្រាស់ប្រចាំខែរបស់ខ្លួនបានកើនឡើង៦%ដល់២,៩១ពាន់លាននាក់៕ BBC៕