ដោយៈសុខុម
រីយ៉ាដ: ប្រទេសអារ៉ាប៊ីសាអូឌីត បាននិយាយកាលពីថ្ងៃពុធ ទី២៧ តុលា ថា ខ្លួនបានផ្តល់អាជ្ញាប័ណ្ណឱ្យក្រុមហ៊ុនអន្តរជាតិចំនួន៤៤ បង្កើតការិយាល័យកណ្តាលថ្នាក់តំបន់ក្នុងទីក្រុងរីយ៉ាដ ក្រោមកិច្ចប្រឹងប្រែងរបស់ព្រះរាជាណាចក្រមួយនេះ ដើម្បីជំរុញឱ្យទីក្រុងនេះក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មថ្នាក់តំបន់។
សេចក្តីប្រកាសព័ត៌មានមួយបានបញ្ជាក់ថា ក្រុមហ៊ុនទាំង៤៤នេះរកស៊ី ក្នុងវិស័យផ្សេងៗគ្នា រួមមាន វិស័យបច្ចេកវិទ្យា ចំណីអាហារ & ភេសជ្ជៈ ការប្រឹក្សាយោបល់ និងការសាងសង់ជាដើម ដោយរួមមានទាំងក្រុមហ៊ុន Unilever ក្រុមហ៊ុន Baker Hughes និងក្រុមហ៊ុន Siemens ផងដែរ។
ប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាអ្នកនាំចេញប្រេងកំពូលរបស់ពិភពលោក និងជាសេដ្ឋកិច្ចអារ៉ាប់ធំជាងគេបំផុត បានលើកឡើងកាលពីខែកុម្ភៈថា ខ្លួននឹងទុកពេលរហូតដំណាច់ឆ្នាំ២០២៣ ដើម្បីឱ្យក្រុមហ៊ុនបរទេសនានា បង្កើតការិយាល័យកណ្តាលរបស់ខ្លួននៅក្នុងប្រទេសនេះ។ បើមិនដូច្នោះទេអាចប្រឈម នឹងការបាត់បង់កិច្ចសន្យាផ្ដល់ដោយរដ្ឋាភិបាល។
ចំណាត់ការដើម្បីពិពិធកម្មសេដ្ឋកិច្ចក្រៅពីប្រេង តាមរយៈការបង្កើតឧស្សាហកម្មថ្មីៗ ដែលបង្កើតការងារសម្រាប់ពលរដ្ឋអារ៉ាប៊ីសាអូឌីត នេះបានធ្វើឱ្យប្រទេសនេះស្ថិតក្នុងការប្រកួតប្រជែង ជាមួយប្រទេសអារ៉ាប់រួមអេមីរ៉ាត ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មក្នុងតំបន់។
លោក Fahd al-Rasheed ប្រធានគណៈកម្មាធិការក្រុងរីយ៉ាដ បានលើកឡើងតាមរយៈសេចក្ដីថ្លែងការណ៍ថា ការបង្កើតការិយាល័យកណ្តាលថ្មីៗទាំងនេះ នឹងចាក់បញ្ចូលទុនវិនិយោគ១៨ពាន់លានដុល្លារ ចូលក្នុងសេដ្ឋកិច្ចរបស់អារ៉ាប៊ីសាអូឌីត ហើយវានឹងផ្ដល់ការងារប្រមាណ៣០.០០០កន្លែងនៅត្រឹមឆ្នាំ២០៣០។
លោកបានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា លោករំពឹងថា ក្រុមហ៊ុនទាំងនេះនឹងរើចូលមកកាន់ក្រុងរីយ៉ាដ ក្នុងរយៈពេលមួយឆ្នាំ។ លោកបានបន្ថែមទៀតថា គោលដៅគឺ នឹងត្រូវបង្កើនឱ្យដល់៤៨០ក្រុមហ៊ុននៅត្រឹមឆ្នាំ២០៣០។
កាលពីដើមឆ្នាំនេះប្រទេសនេះបាននិយាយថា ក្រុមហ៊ុនចំនួន២៤បានចុះកិច្ចព្រមព្រៀង បង្កើតការិយាល័យកណ្ដាលក្នុងតំបន់រួចហើយ ហើយក្រុមហ៊ុនទាំងនោះរួមមានក្រុមហ៊ុន PepsiCo ក្រុមហ៊ុន Schlumberger ក្រុមហ៊ុន Deloitte ក្រុមហ៊ុន PwC និងក្រុមហ៊ុន Bechtel ជាដើម។
ក្រុមហ៊ុនច្បាប់របស់អឺរ៉ុប DWF Group ក៏បាននិយាយកាលពីថ្ងៃពុធ ទី២៧ តុលា ដែរថា ទីក្រុងរីយ៉ាដ នឹងក្លាយជាការិយាល័យកណ្តាល ថ្នាក់តំបន់របស់ខ្លួន សម្រាប់សេវាកម្មអាជីវកម្ម៕ The Economic Times៕