ដោយៈគង់ សូរិយា
ភ្នំពេញៈ អគ្គនាយកក្រុមហ៊ុនLSCG លោកលី សុខឆាយបានសហការជាមួយក្រុមហ៊ុនចិន ដោយបោះទុនរួមគ្នា១០លានដុល្លារអាមេរិក ដើម្បីចូលហ៊ុនជាមួយក្រុមហ៊ុនថៃ ប៊ុនរ៉ុង ដើម្បីបង្កើនផលិតភាពស៊ីម៉ងត៍របស់ក្រុមហ៊ុននេះ។
លោកលី សុខឆាយបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមនារសៀលថ្ងៃទី២៨ តុលានេះថា លោកនិងសេដ្ឋីចិនបានសហការគ្នា ដើម្បីចូលហ៊ុនជាមួយក្រុមហ៊ុនផលិតស៊ីម៉ងត៍ នៃក្រុមហ៊ុនថៃ ប៊ុនរ៉ុង ដើម្បីបង្កើនការផលិតស៊ីម៉ងត៍ ក្នុងន័យឆ្លើយតបនឹងកំណើននៃតម្រូវការក្នុងស្រុក ដោយសារវិស័យសំណង់កម្ពុជាកំពុងមានភាពរីកចម្រើន និងធ្វើឲ្យមានតម្រូវការស៊ីម៉ងត៍កាន់តែច្រើន។
លោកបន្តថា “យើងផ្តោតលើមូលដ្ឋានផលិតកម្ម ជាមួយនឹងទំនុកចិត្តលើគុណភាពស៊ីម៉ងត៍ និងធ្វើយ៉ាងណាឲ្យការផលិតឆ្លើយតប នឹងតម្រូវការរបស់ទីផ្សារពិតប្រាកដ”។លោកបន្តថា “ជាមួយគ្នានេះ យើងនឹងផ្តល់នូវតម្លៃមានភាពប្រកួតប្រជែងមួយ ជាមួយ គុណភាពផលិតផលតាមស្តង់ដាអន្តរជាតិ”។
បច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតស៊ីម៉ងត៍កាន់តែច្រើន ដែលឆ្លើយតបនឹងតម្រូវការក្នុងស្រុក ពិសេសបានចូលរួមកាត់បន្ថយការពឹងផ្អែក ការនាំចូលស៊ីម៉ងត៍ពីប្រទេសជិតខាងផងដែរ៕