កម្ពុជា ក្នុងឋានៈជាប្រធានប្តូរវេនអាស៊ាន សម្រាប់ឆ្នាំ២០២២ នឹងបន្តដាក់សម្ពាធលើរដ្ឋាភិបាយោធាមីយ៉ាន់ម៉ា?

0

ដោយៈសុខុម

ភ្នំពេញ: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារមួយលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចកាលពីថ្ងៃព្រហស្បតិ៍ ទី២៨ តុលា “ការប្រជុំលើកទី៣៨ និងលើកទី៣៩ ត្រូវបានបិទបញ្ចប់ជាមួយ នឹងការទទួលជាប្រធានប្តូរវេនអាស៊ាន របស់កម្ពុជា សម្រាប់ឆ្នាំ២០២២”។

សម្ដេចបានសរសេរបន្ថែមទៀតថា “ខ្ញុំជានាយករដ្ឋមន្ត្រីកម្ពុជា មួយរូបដែលបានកាន់ញញួរប្រធានអាស៊ាន រហូត៣ដង ដែលខ្ញុំសូមយកឱកាសនេះថ្លែងអំណរគុណចំពោះបងប្អូនជនរួមជាតិ ដែលបានគាំទ្រដល់រូបខ្ញុំក្នុងការដឹកនាំកម្ពុជា ដែលធ្វើឱ្យខ្ញុំមានលទ្ធភាព ចូលរួមក្នុងកិច្ចការតំបន់ និងអន្តរជាតិតាមរយៈអាស៊ាន”។

ទន្ទឹមនេះ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានថ្លែងប្រាប់សារព័ត៌មានបរទេសក្នុងថ្ងៃដដែលថា ប្រទេសកម្ពុជា ក្នុងឋានៈជាប្រធានប្ដូរវេនថ្មីរបស់អាស៊ាន នឹងបន្តជំរុញឱ្យក្រុមមេដឹកនាំយោធារបស់មីយ៉ាន់ម៉ា បើកការចរចាជាមួយក្រុមប្រឆាំងនឹងខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។

លោករដ្ឋមន្ត្រីបានព្រមានថា ប្រទេសមីយ៉ាន់ម៉ា កំពុងស្ថិត “លើមាត់ជ្រោះនៃសង្គ្រាមស៊ីវិល” ហើយថាកម្ពុជា នឹងចាត់តាំងបេសកជនពិសេសថ្មីមួយរូបទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីចាប់ផ្តើមការងារនៅដើមឆ្នាំក្រោយ នៅពេលកម្ពុជា ចូលកាន់តំណែងស៊ប់ជាប្រធានប្ដូរវេនអាស៊ាន។

លោក Erywan Yusof គឺជាបេសកជនបច្ចុប្បន្ន តំណាងឱ្យប្រទេសព្រុយណេ ដែលជាប្រធានប្ដូរវេនជិតចប់អាណត្តិរបស់អាស៊ាន។

លោក ប្រាក់ សុខុន បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា “ខណៈយើងទាំងអស់គ្នា គោរពគោលការណ៍ នៃការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់បណ្ដាប្រទេសជាសមាជិក ស្ថានភាពក្នុងប្រទេសមីយ៉ាន់ម៉ា នៅតែបន្តជាប្រធានបទមួយ ដែលគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង”។

លោកបានបន្ថែមថា “វាជះផលប៉ះពាល់ជាអវិជ្ជមានមកលើតំបន់ ភាពគួរឱ្យជឿជាក់នៃសមាគម (អាស៊ាន) និងមកលើប្រជាជនមីយ៉ាន់ម៉ា ដែលជាបងប្អូនរបស់យើង”។

នៅក្នុងចំណាត់ការ ដ៏គួរឱ្យភ្ញាក់ផ្អើលមិនធ្លាប់មាន អាស៊ាន បានធីបចោ លលោក Min Aung Hlaing មេដឹកនាំយោធាមីយ៉ាន់ម៉ា មិនឱ្យចូលរួមកិច្ចប្រជុំកំពូលអាស៊ី ជាបន្តបន្ទាប់ដែលអាស៊ាន ខ្លួនឯងធ្វើជាម្ចាស់ផ្ទះក្នុងសប្តាហ៍នេះ។

នាយឧត្តមសេនីយ Min Aung Hlaing ដែលបានដឹកនាំរដ្ឋប្រហារបង្ហូរឈាមថ្ងៃទី០១ កុម្ភៈ ដើមឆ្នាំនេះ ត្រូវបានធីបចោល មិនឱ្យចូលរួមកិច្ចប្រជុំនានារបស់អាស៊ាន ដោយសារលោកមិនគោរពការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះអាស៊ានថា នឹងបញ្ឈប់អំពើហិង្សា ចាប់ផ្ដើមកិច្ចចរចា និងអនុញ្ញាតឱ្យជំនួយមនុស្សធម៌ ព្រមទាំងបេសកជនអាស៊ាន ចូលក្នុងប្រទេសមីយ៉ាន់ម៉ា៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here