តើទស្សនទានរបស់លោកវណ្ណ ម៉ូលីវណ្ណដែលផ្តល់អនុសាសន៍ឲ្យអភិវឌ្ឍន៍នៅភាគខាងត្បូងខុសឬ? ខណៈតំបន់នេះកំពុងជន់លិច?

0

ដោយៈស៊ីវ ម៉េង

ភ្នំពេញៈ កាលពេលនៅមានជីវិត លោកសាស្រ្តាចារ្យបិតាស្ថាបត្យកម្មកម្ពុជា បាននិយាយនៅក្នុងបឋកថាមួយ ដោយលើកទឹកចិត្តអ្នកវិនិយោគនានា អភិវឌ្ឍន៍នៅទិសខាងត្បូងរាជធានីភ្នំពេញ។

លោកបានមានប្រសាសន៍៍នៅក្នុងបឋកថាបែបនេះ នៅក្នុងសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ដោយលោកលើកឡើងថា តំបន់ភាគខាងត្បូងគួរត្រូវបានជ្រើសរើសជាទីតាំងសម្រាប់អភិវឌ្ឈន៍ បើធៀបនឹងទិសដទៃទៀតនៃរាជធានីភ្នំពេញ ដោយលោកសំអាងថា តំបន់នោះមានទីទួលខ្ពស់ មានទន្លេបាសាក់នៅអមជាមួយងាយស្រួលធ្វើឲ្យមានលំហូរទឹក និងមានលក្ខខ័ណ្ឌភូមិ​សាស្រ្តល្អប្រសើរ ដែលផ្តល់ភាពងាយស្រួលក្នុងការអភិវឌ្ឍ​។

ជាមួយនឹងផែនការដាក់ចេញដោយរដ្ឋាភិបាល និងវិស័យឯកជន ទីបំផុតព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ត្រូវបានសាងសង់នៅតំបន់លិចទឹក នាភាគខាងត្បូងរាជធានីភ្នំពេញ ហើយទីក្រុងរណប ING CITY ដែលមានផ្ទៃដីទំហំជាង២០០០ហិកតា ដែលពីមុនជាអតីតៈបឹងព្រលឹត បឹងត្រកួន ត្រូវបានលេចរូបរាងឡើងជាមួយបុរីលំនៅដ្ឋានប្រណីតៗ សម្រាប់អភិជន និងវត្តមានមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ ខុនដូកប់ពពកជាច្រើនបាននិងកំពុងលេចចេញវត្តមាននៅតំបន់នេះ។

កាលពីឆ្នាំ២០១៨ សាលាបារាំងចុងពូព៌ា និងរដ្ឋបាលរាជធានីភ្នំពេញ បានសហការគ្នា ដើម្បីរៀបចំផែនការអភិវឌ្ឍន៍តំបន់ភាគខាងត្បូង ជាតំបន់បៃតង និងសិក្សាពីមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ឋនានា ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នាពេលអនាគត ខណៈប្រជាពលរដ្ឋនៅតាមបណ្តាខេត្តជុំវិញ នឹងធ្វើដំណើរចូលមករស់នៅ និងធ្វើការរាជធានីភ្នំពេញកាន់តែច្រើននាពេលអនាគត។

ជាមួយគ្នានេះ តាមរយៈទីភ្នាក់ងារសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិជប៉ុន រដ្ឋាភិបាលជប៉ុន ក៏បានផ្តល់ជំនួយជាច្រើនលានដុល្លារ​ ដើម្បីរៀបចំផែនការអភិវឌ្ឈន៍បៃតងនៅភាគខាងត្បូងរាជធានីភ្នំពេញផងដែរ។

ការចាក់ដីលុបបឹងទំពុន បឹងជើងឯក និងផ្នែកជាច្រើននៅតាមមាត់ស្ទឹងព្រែកត្នោត អាចជាហេតុផលមួយ ដែលបណ្តាលឲ្យមានការជន់លិច នៅភាគខាងត្បូងរាជធានីភ្នំពេញពីរឆ្នាំជាប់គ្នា ដែលបញ្ហានេះប្រសិនជាមិនមានដំណោះស្រាយ ច្បាស់លាស់ទេ តំបន់ភាគខាងត្បូងនៃរាជធានីនឹងជួបបញ្ហា និងរារាំងការអភិវឌ្ឍ។

លោក Tip Narein បានសរសេរបញ្ចេញមតិលើគេហទំព៍រ Propertarea.asia កាលពីថ្ងៃទី២៨ តុលា បន្ទាប់ពីគេហទំព័រឈានមុខគេផ្នែកព៌តមានអចលនទ្រព្យ ដែលចេញផ្សាយអត្ថបទមួយមានចំណងជើង “អ្នកវិនិយោគនឹងពិចារណាទីតាំងវិនិយោគនៅប៉ែកខាងត្បូងភ្នំពេញ ក្រោយទឹកជំនន់ពីរឆ្នាំជាប់គ្នា”ថា ប៉ែកខាងជើងជាតំបន់ក្បាលនាគ។

ចំណែកលោក So Serei Pisoth ដែលមានឈ្មោះលើ Facebook បែបនេះបាន Comment លើគេហទំព័រ Propertyarea.asia ក្នុងអត្ថបទដដែលថា លោកវណ្ណ ម៉ូលីវណ្ណថាគួរអភិវឌ្ឍន៍ប៉ែកខាងត្បូង រាជធានីភ្នំពេញ កុំទៅខាងជើង។ ឥលូវអាជើងអត់លិច ទៅលិចអាខាងត្បូង។

ទោះជាយ៉ាងណា យើងពិតជាសោកស្តាយ ដោយសារស្ថាបត្យករកម្ពុជា លោកវណ្ណ ម៉ូលីវណ្ណបានទទួលមរណៈភាពទៅហើយ ដែលមិនអាចឲ្យលោកពន្យល់បានពីបញ្ហានេះឡើយ បានត្រឹមតែជាចម្ងល់ ដែលគ្មានការបកស្រាយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here