ដោយៈសុខុម
ប៉េកាំង: រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង អ៊ី (Wang Yi) កាលពីថ្ងៃពុធ ទី២៧ តុលា បានចេញមុខទទូចសុំឱ្យធនាគារពិភពលោក (World Bank) និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បន្តផ្ដល់ហិរញ្ញប្បទាន ជួយស្រោចស្រង់អាហ្វហ្គានីស្ថាន ដែលកំពុងជួបវិបត្តិសាច់ប្រាក់ សម្រាប់ការកសាងប្រទេសឡើងវិញ។ នេះបើយោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយនៅថ្ងៃព្រហស្បរតិ៍ ទី២៨ តុលា នេះ។
ការចូលកាន់កាប់ប្រទេស ដោយក្រុមសកម្មប្រយុទ្ធតាលីបង់ ក្រោមរដ្ឋប្រហារកាលពីខែសីហា កន្លងទៅ បានធ្វើឱ្យទ្រព្យសម្បត្តិច្រើនពាន់លានដុល្លារ របស់ធនាគារកណ្តាលអាហ្វហ្គានីស្ថាន ត្រូវបានបង្កកទុក ហើយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនានា បានផ្អឹបទ្រព្យសម្បត្តិទាំងនោះមិនឱ្យយកទៅប្រើប្រាស់ឡើយ។
ធនាគារនានាក្នុងប្រទេសអាហ្វហ្គានីស្ថាន កំពុងតែអស់សាច់ប្រាក់ គ្មានលុយបើកប្រាក់ខែជូនមន្ត្រីរាជការ ហើយតម្លៃម្ហូបអាហារក៏ឡើងថ្លៃខ្ពស់។
ស្ថាប័ន IMF បានលើកឡើងកាលពីថ្ងៃអង្គារ ទី២៦ តុលាកន្លងមកថា តាមការព្យាករបង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសអាហ្វហ្គានីស្ថាន នឹងដាំក្បាលចុះរហូតដល់ទៅ៣០%នៅឆ្នាំនេះ ដែលអាចធ្វើឱ្យវិបត្តិជនភៀសខ្លួនកាន់តែធ្ងន់ធ្ងរឡើង។
លោកវ៉ាង យីបានថ្លែងតាម Video Conference ទៅកាន់រដ្ឋមន្ត្រីការបរទេសមកពីប្រទេសនានា ដែលនៅក្បែរខាងអាហ្វហ្គានីស្ថាន ថា “អាហ្វហ្គានីស្ថាន ពិតជាត្រូវការការរស់រានឡើងវិញលើគ្រប់វិស័យ ហើយការអភិវឌ្ឍគឺជាអាទិភាពកំពូល”។
លើសពីនេះ លោកក៏បានអំពាវនាវជាថ្មីម្ដងទៀត សុំឱ្យសហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិចផ្សេងទៀត ដកទណ្ឌកម្មឯកតោភាគី លើអាហ្វហ្គានីស្ថាន និងសុំឱ្យអង្គការសុខភាពពិភពលោក (WHO) ផ្តល់វ៉ាក់សាំង និងសម្ភារៈបរិក្ខារវេជ្ជសាស្ត្របន្ថែមទៀត ដើម្បីជួយដល់ប្រទេសអាហ្វហ្គានីស្ថាន ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងវីរុសកូវីដ-១៩ ផងដែរ។
ប្រទេសចិន ខ្លួនឯងបានប្រកាសថា ខ្លួននឹងបញ្ជូនជំនួយមនុស្សធម៌បន្ទាន់ ក្នុងទំហំទឹកប្រាក់៣០លានដុល្លារ ទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន។ ប្រទេសចិន តែងតែអំពាវនាវឱ្យសហគមន៍អន្តរជាតិ អនុញ្ញាតឱ្យក្រុមតាលីបង់ ចូលរួមជាជាងទុកឱ្យពួកគេនៅឯកោ។
លោក វ៉ាង យីបានថ្លែងថា “ខ្ញុំសុំបង្ហាញចំណាប់អារម្មណ៍ជារួមថា ក្រុមតាលីបង់ ពិតជាចង់មានកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការជាមួយមជ្ឈដ្ឋានខាងក្រៅ (អន្តរជាតិ) ហើយពួកគេយកចិត្តទុកដាក់ចំពោះរឿងនេះខ្លាំងណាស់”៕ The Edge Markets៕