ដោយ៖វឌ្ឍនៈ
ភ្នំពេញ៖ សកម្មភាពទិញលក់និងតម្លៃដីធ្លីនៅខេត្តមណ្ឌលបានចាប់ផ្ដើមប្រែប្រួលខ្លាំងនៅក្នុងរយៈពេលចុងក្រោយនេះ ជាពិសេសនៅតំបន់ជិតៗគម្រោងព្រលានយន្តហោះ និងតំបន់មាត់ច្រកព្រំដែនកម្ពុជាវៀតណាម ដោយបច្ចុប្បន្ននេះវិនិយោគិនជាច្រើនបាននាំគ្នាស្វែងរកទិញដីធ្លីនៅមណ្ឌលគីរីកាន់តែច្រើន។
លោកមាឃ ឬទ្ធីជ័យ ប្រធានក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តមណ្ឌលគីរី បានឱ្យដឹងកន្លងមកថា វិនិយោគិនក្នុងស្រុកជាច្រើនបានសម្រុកមកស្វែងរកទិញដីធ្លីនៅខេត្តមណ្ឌលគីរីកាន់តែច្រើន ដែលធ្វើឱ្យសន្ទុះដីធ្លីកាន់តែកើនឡើងខ្ពស់ ជាពិសេសនៅតំបន់ជិតគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិ និងជិតតំបន់មាត់ច្រកព្រំដែនកម្ពុជាវៀតណាម។
លោកបន្តថា តំបន់ខ្លះតម្លៃដីធ្លីបានកើនឡើងទ្វេដង ដោយពីមុនតម្លៃត្រឹមតែ២០០០ដុល្លារអាមេរិកទៅ៣០០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រដើរ តែពេលនេះបានហក់ឡើងដល់៥០០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រដើរ ។ តំបន់ខ្លះទៀតតម្លៃត្រឹមតែ២០០០ដុល្លារអាមេរិកពីមុន បានហក់ឡើងដល់៤០០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រដើរ។
លោកបានមានប្រសាសន៍ថា ”កត្តាដែលជំរុញឱ្យតម្លៃដីធ្លីនៅខេត្តមណ្ឌលគីរីបានហក់ឡើងដូច្នេះ ក៏ព្រោះតែគម្រោងនៃការសាងសង់ព្រលានយន្តហោះអន្តរជាតិរបស់រដ្ឋាភិបាលថានឹងត្រូវចាប់ផ្ដើមនៅអំឡុងខែមករាឆ្នាំ២០២២ខាងមុខ។ ម្យ៉ាងវិញទៀតដោយសារតែ គម្រោងបើកច្រកព្រំដែនរបស់រដ្ឋាភិបាលកម្ពុជា និងវៀតណាមទើបធ្វើឱ្យវិនិយោគិនបានសម្លឹងរកការវិនិយោគបន្ថែមទៀត”។
លោកបន្តថា សម្រាប់វិនិយោគិនដែលទិញដីនៅមណ្ឌលគីរីភាគច្រើនជាវិនិយោគិនក្នុងស្រុក ដែលមកពីរាជធានីភ្នំពេញ និងខេត្តព្រះសីហនុជាដើម។ ពួកគាត់ជាអ្នកទិញទុកចំណេញប៉ុណ្ណោះ មិនមែនជាអភិវឌ្ឍន៍ឡើយ។ ដោយឡែកសម្រាប់វិនិយោគិនបរទេស មានភ្ញៀវចិនជាច្រើនក៏បាននិងកំពុងស្វែងរកឱកាសវិនិយោគនៅក្នុងខេត្តមណ្ឌលគីរីជាច្រើនផងដែរ ដូចជារីសត Homestay ជាដើម។
លោកស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល បានឱ្យដឹងផងដែរថា តាមពិតទៅគម្រោងព្រលានយន្តហោះអន្តរជាតិខេត្តមណ្ឌលគីរីនឹងត្រូវបើកការដ្ឋានសាងសង់នៅឆ្នាំ២០២២ខាងមុខនេះ តែវាស្ថិតនៅក្នុងផែនចាស់ទេ ប៉ុន្តែដោយសារតែបញ្ហាកូវីដ១៩ ធ្វើឱ្យគម្រោងនេះត្រូវបានពន្យារទៅឆ្នាំ២០២៣វិញ ហើយនៅអំឡុងពេលនោះក៏យើងមិនអាចនិយាយបានថាអាចសាងសង់បាននោះដែរ។
លោកបន្តថា យើងត្រូវការបទដ្ឋានគតិយុត្តិច្រើនណាស់ ហើយដោយសារតែកូវីដ១៩ អ្នកជំនាញការសាងសង់ព្រលានយន្តហោះនេះ ក៏មិនបានមកសិក្សាលម្អិតបន្ថែមទៀតដែរ ហើយមួយទៀត ក្រុមហ៊ុនដែលទទួលបានសិទ្ធិអភិវឌ្ឍន៍គម្រោងនេះក៏ហាក់ដូចជាបង្អង់ឬទុចមួយរយៈពេលសិន ដោយរង់ចាំមើលសភាពការណ៍បន្តបានន័យថាគេអត់ប្រញាប់ប្រញាល់ក្នុងការអភិវឌ្ឍនោះឡើយ៕