សម្ព័ន្ធក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឱ្យថ្លៃ២,៥ពាន់លានដុល្លារ ទិញយកក្រុមហ៊ុនកាសែតសិង្ហបុរី Singapore Press

0

សុខុម

សិង្ហបុរី: នៅថ្ងៃសុក្រ ទី២៩ តុលា នេះ សម្ព័ន្ធនៃក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចំនួន៣ដែលមានក្រុមហ៊ុនវិនិយោគរបស់រដ្ឋសិង្ហបុរី Temasek បានឱ្យថ្លៃ៣,៣៤ពាន់លានដុល្លារសិង្ហបុរី (២,៤៨ពាន់លានដុល្លារអាមេរិក) ទិញយកក្រុមហ៊ុនកាសែត Singapore Press Holdings។

សម្ព័ន្ធក្រុមហ៊ុន Cuscaden Peak បានឱ្យថ្លៃក្រុមហ៊ុនកាសែត Singapore Press ២,១ដុល្លារសិង្ហបុរី ក្នុង១ភាគហ៊ុន ខណៈក្រុមហ៊ុន Keppel ឱ្យថ្លៃ២,០៩៩ដុល្លារសិង្ហបុរី។

ការសុំទិញក្រុមហ៊ុនកាសែត Singapore Press ពីសំណាក់ក្រុមហ៊ុន Keppel ធ្វើឡើងក្រោយពីក្រុមហ៊ុនកាសែតនេះកាលពីខែឧសភា បានសម្រេចផ្ទេរអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួនដែលរួមមានទាំងស្ថាប័នសារព័ត៌មាន The Strait Times និងសារព័ត៌មាន Business Times ផងទៅជាក្រុមហ៊ុនមិនស្វែងរកប្រាក់ចំណេញ។

ទោះជាយ៉ាងណា ការជួញដូរភាគហ៊ុនរបស់ក្រុមហ៊ុនកាសែតនេះត្រូវបានផ្អាកនៅព្រឹកថ្ងៃសុក្រ នេះ ហើយក្រុមហ៊ុននេះមិនទាន់បានឆ្លើយតបទៅនឹងទីភ្នាក់ងារព័ត៌មាន Reuters ដែលសុំការឆ្លើយបំភ្លឺជុំវិញបញ្ហានេះនៅឡើយទេ។

ក្រុមហ៊ុន Keppel បានចេញសេចក្តីថ្លែងការណ៍ថា ខ្លួននឹងពិនិត្យមើលការឱ្យថ្លៃដោយទូទាត់ជាសាច់ប្រាក់សុទ្ធពីសំណាក់សម្ព័ន្ធក្រុមហ៊ុន Cuscaden Peak ហើយនឹងចេញសេចក្ដីប្រកាសនៅពេលសមស្របណាមួយ។

ភាគហ៊ុន៤០%របស់សម្ព័ន្ធក្រុមហ៊ុន Cuscaden Peak ត្រូវបានកាន់កាប់ដោយបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Hotel Properties Tiga Stars ៣០%កាន់កាប់ដោយបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Adenium ហើយ៣០%ទៀតកាន់កាប់ដោយក្រុមហ៊ុន Adenium និងក្រុមហ៊ុន Mapletree Fortress៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here