ដោយៈសុខុម
ភ្នំពេញ: កិច្ចព្រមព្រៀង “ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់” (RCEP) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដ៏ធំបំផុតរបស់ពិភពលោក នឹងចូលជាធរមានជាផ្លូវការនៅខែមករា ដើមឆ្នាំ២០២២។ នេះបើយោងតាមសារព័ត៌មានសារព័ត៌មាន Laotian Times ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី៤ វិច្ឆិកា នេះ។
កិច្ចព្រមព្រៀង RCEP ត្រូវបានចុះហត្ថលេខាកាលពីឆ្នាំមុន ហើយភាគីហត្ថលេខីរួមមាន ប្រទេសជាសមាជិកទាំង១០របស់អាស៊ាន ព្រមទាំងដៃគូពាណិជ្ជកម្មធំបំផុតទាំង៥របស់អាស៊ាន រួមមាន មហាយក្សចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ផងដែរ។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP នឹងគ្របដណ្ដប់ស្ទើរតែ១ភាគ៣នៃសកម្មភាពសេដ្ឋកិច្ចទូទាំងពិភពលោក ហើយត្រូវបានចុះហត្ថលេខាកាលពីខែវិច្ឆិកា ឆ្នាំ២០២០ នៅខាងក្រៅកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់អាស៊ាន។
យោងតាមក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលីបានឱ្យដឹងថា បណ្ដាប្រទេសជាសមាជិកអាស៊ាន ដែលបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះរួចហើយ រួមមាន ឡាវ ព្រុយណេ កម្ពុជា សិង្ហបុរី ថៃ និងវៀតណាម។
ក្រៅពីបណ្ដាប្រទេសជាសមាជិកអាស៊ាន ប្រទេសចិន ជប៉ុន អូស្ត្រាលី និងនូវែលសេឡង់ ក៏បានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះផងដែរ។
កិច្ចព្រមព្រៀង RCEP គ្របដណ្ដប់លើទីផ្សារមួយ ដែលមានប្រជាជនរហូតដល់ទៅប្រមាណ២,២ពាន់លាននាក់ ឬស្មើនឹង៣០% នៃចំនួនប្រជាជនទូទាំងពិភពលោក ជាមួយនឹងទំហំសេដ្ឋកិច្ច រហូតដល់ទៅ២៦,២ទ្រីលានដុល្លារអាមេរិក។
កិច្ចព្រមព្រៀងនេះ នឹងជួយបង្កើនការវិនិយោគក្នុងបណ្ដាប្រទេស ដែលមានកម្លាំងពលកម្មថោក និងកម្មករមិនសូវមានជំនាញដូចជាឡាវ កម្ពុជា និងមីយ៉ាន់ម៉ា ដែលនឹងទាក់ទាញចំណាប់អារម្មណ៍ ពិសេសពីបណ្ដាក្រុមហ៊ុនផលិតមកពីប្រទេសអូស្ត្រាលី ជប៉ុន នូវែលសេឡង់ សិង្ហបុរី និងកូរ៉េខាងត្បូង៕ Laotian Times៕